ភ្នំពេញ៖ សូមបងប្អូនប្រជាពលរដ្ឋតាមបណ្ដា ខេត្ត ស្រុក ក្រុង រាជធានី មានការប្រុងប្រយ័ត្នចំពោះជនខិលខូចមួយចំនួនបានយកលេខទូរស័ព្ទពិសេស បន្លំខ្លួនជាបុគ្គលិកអម្រឹត ទូរស័ព្ទទៅពលរដ្ឋ ក្នុងបំណងប្រើល្បិចធ្វើការខ្ចីលុយ និងផ្ទេរប្រាក់ផ្សេងៗ ។
យោងតាមគណនីហ្វេសប៊ុករបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានជូនដំណឹងថា ដោយមានប្រជាពរដ្ឋម្នាក់ជាម្ចាស់លេខទូរស័ព្ទ ០១៧ ៩៩៩ ៩៩៩ បានមកដាក់ពាក្យបណ្តឹង នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្តីពី ករណីមានបុគ្គលខិលខូចមួយចំនួន បានបន្លំយកលេខទូរស័ព្ទ របស់គាត់ មកកុហកថា ជាលេខទូរស័ព្ទរបស់បុគ្គលិកអម្រឹត ក្នុងបំណងធ្វើការខ្ចីលុយ និងផ្ទេរប្រាក់ផ្សេងៗ ។
ប្រភពដដែលបន្តថា៖ ខណៈនេះម្ចាស់លេខទូរស័ព្ទខាងលើនេះ ក៏បានសុំធ្វើការបដិសេធទាំងស្រុង ចំពោះទង្វើទាំងនេះ ដោយសារតែគាត់មិនមែន ជាបុគ្គលិករបស់មីក្រូហិរញ្ញវត្ថុអម្រឹតទេ សូមឱ្យបងប្អូនប្រជាពរដ្ឋ ឈប់ធ្វើការទាក់ទងទៅលេខនេះទៀត ដើម្បីធ្វើការខ្ចីលុយ ឬធ្វើការផ្ទេរប្រាក់ទៀត បើមិនដូច្នេះទេ ខាងសមត្ថកិច្ច នឹងចាត់វិធានការស្រាវជ្រាវ និងអនុវត្តនិតិវិធីទៅតាមច្បាប់ ៕