ភ្នំពេញ៖ ស្ថានភាពនៃវិបត្តិរីរុសកូរ៉ូណា (Covid-19) ក្រសួងទេសចរណ៍បានដាក់អនុវត្តវិធានការលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ចំពោះអាជីវកម្មទេសចរណ៍ ដោយអនុវត្តចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ លើគ្រប់ប្រភេទអាជ្ញាបណ្ណទេសចរណ៍ដែលផ្តល់ដោយក្រសួងទេសចរណ៍។
ក្រសួងទេចរណ៍បានបញ្ជាក់អោយដឹងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ថា៖ យោងតាមស្ថានភាពនៃវិបត្តិវីរុសកូរ៉ូណា covid19 ដែលបន្តអូសបន្លាយកាន់តែយូរ បង្កផលប៉ះពាល់យ៉ាងច្រើនដល់អាជីវកម្មសេវាកម្មទេសចរណ៍ ក្រសួងទេសចរណ៍មានកិត្តិយសសូមជម្រាបជូនប្រតិបត្តិករទេសចរណ៍ទាំងអស់មេត្តាជ្រាបថា៖ ក្រសួងទេសចរណ៍និងផ្ដល់រយៈពេលអនុគ្រោះលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ចំពោះគ្រប់ប្រភេទអាជ្ញាបណ្ណទេសចរណ៍ដែលផ្ដល់ដោយក្រសួងទេសចរណ៍រួមមាន ៖ អាជ្ញាបណ្ណការីទេសចរណ៍ ភ្នាក់ងារទេសចរណ៍ មគ្គុក៍ទេសចរណ៍ អ្នកបកប្រែបន្ត សណ្ឋាគារសេវាកម្មស្នាក់នៅទេសចរណ៍ ស្ប៉ា-ម៉ាស្សាសុខភាព កីឡាទេសចរណ៍ ភោជនីយដ្ឋាន អាហារដ្ឋាន ដឹកជញ្ជូនទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍ ដោយអនុវត្តន៍ចាប់ពីថ្ងៃចុះហត្ថលេខារហូតដល់ថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២០។
ប្រតិបត្តិករទេសចរណ៍ដែលពុំទាន់មានអាជ្ញាបណ្ណទេសចរណ៍ ឬអាជ្ញាបណ្ណទេសចរណ៍ហួសសុពលភាព ប្រញាប់រួសរាន់មកដាក់ពាក្យស្នើសុំឬបន្តអាជ្ញាបណ្ណទេសចរណ៍ពីក្រសួងទេសចរណ៍ឬមន្ទីរទេសចរណ៍រាជធានី-ខេត្ត៕ ដោយ៖សុខខេមរា