ខេត្តបន្ទាយមានជ័យ៖ អភិបាល នៃគណៈអភិបាលខេត្ដបន្ទាយមានជ័យ បានអោយដឹងថា៖ មនុស្ស២៣នាក់ បូករួមទាំងអ្នកប៉ះពាល់ជាមួយស្ដ្រីអាយុ៣៦ឆ្នាំ នៅ Star TV មានផ្ទុក Covid-19 ត្រូវបានយកទៅទុកដាច់ដោយឡែក រង់ចាំរយៈពេល១៤ថ្ងៃ។ ការធ្វើបែបនេះដើម្បីបញ្ចៀសការរាលដាលជំងឺវីរុសកូរ៉ូណាកូវីដ១៩ ។
លោក អ៊ុំ រាត្រី អភិបាលខេត្ដបន្ទាយមានជ័យ បានបញ្ជាក់អោយដឹង នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះថា គឹមត្រឹមថ្ងៃនេះ គឺមនុស្ស២៣នាក់ នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានយកទៅទុកដាច់ដោយឡែក ដើម្បីតាមដានសុខភាពរបស់ពួកគេ ក្នុងរយៈពេល១៤ថ្ងៃ ពាក់ព័ន្ធនឹងជំងឺឆ្លងកូវីដ-១៩ (Covid-19)។
លោកបានគូសបញ្ជាក់ថា ៖ក្នុងចំណោម២៣នាក់ នៅខេត្តបន្ទាយមានជ័យ ក៏មានមនុស្សមួយចំនួន ដែលពាក់ព័ន្ធនិងប៉ះពាល់ជាមួយស្ដ្រីវ័យអាយុ៣៦ឆ្នាំ ដែលរកឃើញវិជ្ជមាន Covid-19 ដែលក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន នាព្រឹកមិញនេះ។
ប៉ុន្ដែយ៉ាងណានោះ ស្ដ្រីរូបនេះ បានមកស្ម័គ្រចិត្ដមកធ្វើតេស្ដលើកទី១ហើយ កាលពីពេលកន្លងទៅថ្មីៗ ក៏ប៉ុន្ដែអវិជ្ជមាន Covid-19 ប៉ុន្ដែដឹងថាខ្លួនមិនស្រួល ក៏មកសុំធ្វើតេស្ដម្ដងទៀត ក៏រកឃើញវិជ្ជមាន Covid-19 តែម្ដង។
សូមបញ្ជាក់ថា៖ ពាក់ព័ន្ធទៅនឹងស្ដ្រីវ័យ៣៦ឆ្នាំនេះ ត្រូវបានលោកអភិបាលខេត្តបញ្ជាក់ថា ធ្លាប់មានទំនាក់ទំនងជាមួយជនជាតិថៃ ដែលធ្លាប់ចូលមក Star TV ហើយត្រឡប់ទៅប្រទេសថៃវិញ ត្រូវបានរកឃើញវិជ្ជមាន Covid-19។
ជាមួយគ្នានេះ អភិបាលខេត្តបន្ទាយមានជ័យ ក៏បានបញ្ជាក់ផងដែរថា ក្នុងចំណោមពលករមកពីប្រទេសថៃ ក្នុងខេត្ដបន្ទាយមានជ័យ គឺក្រុមគ្រូពេទ្យ និងអាជ្ញាធរ បានជួបផ្ទាល់ និងពិនិត្យសុខភាព បានជាង៧០ភាគរយហើយ។
អភិបាលខេត្ត អ៊ុំ រាត្រី បានលើកឡើងថា៖ លោកកំពុងតែបង្កើន ប្រតិបត្ដិការយុទ្ធនាការនេះ ឲ្យអាជ្ញាធរ និងក្រុមគ្រូពេទ្យ ចុះទៅជួបផ្ទាល់ជាមួយពលករ ដែលនៅសេសសល់ ដើម្បីតាមដាន សុខភាពរបស់ពួកគាត់ ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ (Covid-19)។
គិតត្រឹមម៉ោង៩និង០០នាទីព្រឹកថ្ងៃទី២៩ ខែមីនា មានជាសៈស្បើយចំនួន២១នាក់៕ សហការី