ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង ១៨ និង ៣០នាទីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្តិ៍ទួលល្វា ចុះល្បាត និងបង្ក្រាបករណីក្មេងទំនើង កាប់គ្នាលើដងផ្លូវសាធារណ: ត្រង់ចំណុចភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ ដកហូតវត្ថុតាងកាំបិតប៉័ងតោចំនួន០១ដើម និងម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ក្រហម ពាក់ស្លាកលេខ បាត់ដំបង១AF-៣៨៦០ ចំនួន០១គ្រឿង ។
មន្រ្តីនគរបាលព្រហ្មទណ្ឌក្រុងប៉ៃលិនបានឲ្យដឹងថា ជនសង្ស័យទី១/ឈ្មោះ អី លីហ៊ួរ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិវាលវង់ សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន (ជាជនដៃដល់) ទី២/ឈ្មោះ សុខ សុផាត ភេទប្រុស អាយុ២០ឆ្នាំមុខរបរលក់ឪឡឹក រស់នៅភូមិព្រែកនរិន្ទ ឃុំឯកភ្នំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ទី៣/ឈ្មោះ ឃី ប៊ុនធឿន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុង/ខេត្តប៉ៃលិន និងទី៤/ឈ្មោះ ចយ ចំណាប់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរលក់ដូរ នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុង/ខេត្តប៉ៃលិន (ជាជនដៃដល់)។ ក្រុមក្មេងទំនើងទាំងនេះបានដេញកាប់ចាក់គ្នាលើផ្លូវបង្កភាពអនាធិបតេយ្យនិងប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈទើបសមត្ថកិច្ចបង្រ្កាបតែម្តង ។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ត្រូវបានកម្លាំងជំនាញនាំខ្លួន ទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីសួរនាំ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕ សហការី