ព័ត៌មានទាន់ហេតុការណ៍៖

កងពលតូចថ្មើជើងលេខ៣១ បានទទួលថវិកានិងសម្ភារៈសិក្សា ពីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រនិងនវានុវត្តន៌ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ចែករំលែក៖

ភ្នំពេញ៖ ថវិកាចំនួន៥០លានរៀល រួមនឹងកុំព្យូទ័រយួរដៃចំនួន០២គ្រឿង ម៉ាស៊ីនព្រីន ចំនួន០៣គ្រឿង គិតជាថវិកាសរុបចំនួន​ជាង ១១លានរៀល ត្រូវបានប្រគល់ជូនដល់កងពលតូចថ្មីរជើងលេខ៣១ ដែលពិធីប្រគល់និងទទួលនេះ ធ្វើឡើងនៅទីស្តីការក្រសួង រវាងលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៌ និងទទួលដោយ លោកឧត្តមសេនីយទោ ផង់ យ៉ុត មេបញ្ជាការកងពលតូចថ្មើរជើងលេខ៣១។ក្នុងឱកាសនេះ លោក កិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលផ្លែផ្កាដែលបានកើតឡើងតាមរយៈការចងសម្ព័ន្ធមេត្រីភាពរវាងគ្នានិងគ្នាកន្លងមកព្រមទាំងបានផ្តល់សារៈសំខាន់ នៃវីរៈភាពរបស់កងទ័ព ក្នុងការ ការពារទឹកដី សុវត្ថិភាពសង្គម ជាពិសេសការពារសមិទ្ធិផលសន្តិភាព​ ដែលយើងរកបានដោយកម្រ ។ ជាមួយនេះ លោកទេសរដ្ឋមន្ត្រីក៏បានសម្តែងការសោកស្តាយ ដែលមិនបានរៀបចំពិធីជួបជុំគ្នា លេងល្បែងប្រជាប្រិយកំសាន្តនិងពិសារអាហារសាមគ្គីជាមួយទាហាន ពលទាហាននៃកងពលតូចថ្មើជើងលេខ៣១ដូចរាល់ឆ្នាំកន្លងមក ដែលនេះ គឺជាកាលៈទេសៈដែលយើងទាំងអស់គ្នាត្រូវរួមសហការគ្នា ប្រយុទ្ធប្រឆាំងនិងមេរោគឆ្លងដ៏សហាវ Covid-19។
​លោកឧត្តមសេនីយទោ ផង់ យ៉ុត មេបញ្ជាការកងពលតូចថ្មើរជើងលេខ៣១ ដែលអមដំណើរដោយលោកមេបញ្ជាការរង និងមេបញ្ជាការកងវីរៈសេនាតូចទាំង៤ចំណុះកងពល បានថ្លែងអំណរគុណ និងអបអរសាទរចំពោះលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ដែលត្រូវបាន ព្រឹទ្ធសភា រដ្ឋសភានិងរាជរដ្ឋាភិបាលផ្តល់ទំនុកចិត្ត តែងតាំងជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តនិងនវានុវត្តន៌ ហើយតាមរយៈនេះ លោកមេបញ្ជាការកងពលតូចថ្មើរជើងលេខ៣១ ក៏បានជំរាបជូនពីសមិទ្ធផលរីកចម្រើនកើតឡើងតាមរយៈការចងសម្ព័ន្ធមេត្រីភាព ដែលបានធ្វើឲកងពលប្រែមុខមាត់ថ្មី ហើយជីវភាពកងទ័ពនិងគ្រួសារកងទ័ពត្រូវបានលើកកម្ពស់មួយកំរិតថែមទៀត ក្នុងនោះកងពលមានជុំរុំ ជម្រកស្នាក់នៅសមរម្យ មានទឹកស្អាតប្រើប្រាស់ក្នុងកងពលរួមនិងបងប្អូនប្រជាពលរដ្ធជុំវិញកងពលផងដែរ៕ សហការី


ចែករំលែក៖