ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តប៉ាកុង២គ្រឿង ត្រូវបានស្រាវជ្រាវរកឃើញ នៅស្រុកសំបូរ និងបានធ្វើការ ដុតកម្ទេចចោល

ចែករំលែក៖

ខេត្តក្រចេះ៖ រថយន្តប៉ាកុងចំនួន២គ្រឿងផ្សេងទៀតជាប្រភេទរថយន្តកែច្នៃ និងត្រូវបាន កម្លាំងអាវុធហត្ថ កំណត់ថាជារថយន្តសម្រាប់បម្រើឲ្យការដឹកជញ្ជូនអនុផលព្រៃឈើខុសច្បាប់ នោះគឺត្រូវបានធ្វើការរឹបអូសយកមកដុតកម្ទេចចោលកាលពីថ្ងៃទី២៦ខែ មេសាឆ្នាំ២០២០ ម្សិលមិញនេះ ។

ប្រភពព័ត៌មានដដែលនេះបានឲ្យដឹងទៀតថា៖ រថយន្តប៉ាកុងដែលត្រូវបានធ្វើការដុត កម្ទេចនេះ គឺបានមកពីការស្រាវជ្រាវពីមន្រ្តីអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំង អាវុធហត្ថស្រុកសំបូរ បានចុះស្រាវជ្រាវរុករកឃើញ រថយន្តបាកុងកែច្នៃ២គ្រឿង នៅចំណុចភូមិអាជេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ ក៏ប៉ុន្តែក្នុងការបង្រ្កាបរថយន្តកែច្នៃខុសច្បាប់ទាំងពីរគ្រឿង នេះគឺមិនមាននណាម្នាក់ជាម្ចាស់ចេញមកទទួលខុសត្រូវនោះទេ។

តាមសេចក្តីរាយការណ៍មកថា ៖ រថយន្តប៉ាកុងទាំងពីរគ្រឿងដែលត្រូវបានបង្រ្កាបនិង យកទៅដុតកម្ទេចនេះ ត្រូវគេសង្ស័យថា ជារថយន្តសម្រាប់ឈ្មួញ ដែលបានធ្វើសកម្មភាពដឹក ជញ្ជូនឈើខុសច្បាប់ចេញពីតំបន់ព្រៃឡង់នៅខាងក្រោយស្រុកសំបូរ។ ខណះសព្វថ្ងៃបទល្មើសព្រៃឈើនៅក្នុងស្រុកសំបូរ និងស្រុកព្រែកប្រសព្វ ឈ្មួញកំពុងតែមានសកម្មភាពយ៉ាងផុសផុល ហើយឈើទាំងនោះគឺសុទ្ឋសឹងតែដឹកចេញពីតំបន់ព្រៃឡង់ យកមកលក់ចែកចាយ បន្ត ក្រោមការដឹកជញ្ជូនទៅតាមគ្រប់រូបភាពនិងមធ្យោបាយរថយន្តខាងលើ។

បើតាមមន្ត្រីអាវុធហត្ថបញ្ចាក់ថា៖ នេះជាការដុតកម្ទេចវត្ថុតាងរថយន្តដឹកឈើល្មើសច្បាប់ដែលបាន អនុវត្តន៍ជាលើកទី៤ ពីកម្លាំងអាវុធហត្ថខេត្តក្រចេះ ក្នុងប្រតិបត្តការបង្រ្កាប បទល្មើសព្រៃឈើ យ៉ាងក្តៅគគុក ជាមួយនិងវិធានការរឹតបន្តឹង ក្រោមការបញ្ជាដឹកនាំដោយផ្ទាល់ពីនាយ ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកង រាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិបង្ក្រាបបទល្មើសធនធាន ធម្មជាតិ៕ដោយ៖មាស សុផាត


ចែករំលែក៖