ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារក្រសួងបរិស្ថាន ដឹកនាំដោយ លោក សៅ សុភាព បានចុះពិនិត្យទីតាំងជុំវិញព្រៃឡង់ ភូមិសាស្ត្រខេត្តកំពង់ធំ និងព្រះវិហារ ក្នុងគោលស្វែងរកទីតាំងសមស្របសម្រាប់សាងសង់ស្នាក់ការរួមមួយ ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់»។
លោក សៅ សុភាព បានបញ្ជាក់ថា ស្នាក់ការនេះ ក៏នឹងប្រើប្រាស់ជាកន្លែងប្រមូលផ្តុំនូវធនធាន បច្ចេកទេស ការអនុវត្តន៍ច្បាប់ ការគ្រប់គ្រងកម្លាំងការពារ ល្បាត ប្រចាំការ និងការអន្តរាគមន៍លើបទល្មើសធនធានធម្មជាតិ ដែលអាចកើតឡើងនៅក្នុងតំបន់ការពារធម្មជាតិនេះ ហើយដែលផ្តល់លទ្ធភាពឱ្យមានការចូលរួមពីក្រសួង ស្ថាប័ន និងដៃគូសហការផ្សេងទៀត។
ដែនជម្រកសត្វព្រៃ«ព្រៃឡង់» ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តចំនួន៤ គឺខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និងស្ទឹងត្រែង ដែលមានផ្ទៃដីសរុប៤៣១ ៦៨៣ហិកតា៕ដោយ៖សិលា