ព័ត៌មានទាន់ហេតុការណ៍៖

អាងមានផ្កាយពាក់លើស្មា ឃុបឃិតនិងមេពេទ្យសត្វខេត្តឧត្ដរមានជ័យ ដឹកជញ្ជូនសត្វជ្រូកលើសច្បាប់កំណត់​ នាំចូលពីប្រទេសថៃ រាប់ឆ្នាំ​ ទើបកម្លាំងក្រសួងបង្ក្រាបបាន

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ​ ៖​ នៅថ្ងៃទី៧​ ខែឧសភា​ ឆ្នាំ២០២០ មានសេចក្ដីរាយការណ៍ពីខេត្តឧត្ដរមានជ័យ មកថា លោកឧត្ដមសេនីយ៍ត្រី កែវ ឋានៈ​ មានតួនាទីជាជំនួយការការិយាល័យការពារព្រំដែនកងទ័ពជើងគោក និងប្រពន្ធឈ្មោះ ប៊ុត​ សុខណា បានឃុបឃិត និងត្រូវរ៉ូវគ្នាជាមួយ លោក​ តាញ់ បុត្តា មេពេទ្យសត្វខេត្តឧត្ដរមានជ័យ​ ជាច្រើនឆ្នាំមកហើយ ក្នុងការធ្វើអាជីវកម្ម នាំសត្វជ្រូកចេញពីប្រទេសថៃ ល្មើសច្បាប់​ (លើសច្បាប់កំណត់) តាមច្រកទ្វាអន្តរជាតិអូរស្មាច់ ខេត្តឧត្ដរមានជ័យ​ យកទៅចែកចាយនៅតាមបណ្ដារាជធានីខេត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ដែលជាហេតុធ្វើអោយបាត់បង់ចំណូលថវិការដ្ឋយ៉ាងធ្ងន់ធ្ងរ ដោយគ្មានការទទួលខុសត្រូវ ក្នុងការបំពេញតួនាទីរបស់ខ្លួន ក្នុងការត្រួតពិនិត្យចំនួនសត្វ​ និងសុខភាពសត្វដើមទី​ ដែលមានទីតាំងស្ថិតនៅភូមិអូរខ្ចៅ សង្កាត់កូនក្រៀល ក្រុងសំរោង​ ខេត្តឧត្ដរមានជ័យ។

សេចក្ដីរាយការណ៍​ បានបន្តថា ក្រុមហ៊ុន ដានីដេង គ្រប់គ្រងដោយលោកឧត្ដមសេនីយ៍ត្រី កែវ​ ឋានៈ បានត្រូវរ៉ូវគ្នាជាមួយលោក​ តាញ់​ បុត្តា មេពេទ្យសត្វខេត្តឧត្ដរមានជ័យច្រើនឆ្នាំមកហើយ​ ហើយក្នុងការដឹកជញ្ជូនសត្វជ្រូក​ កេងបន្លំលើសច្បាប់កំណាត់​ កេងចំណេញចំណូលថវិការរដ្ឋ ចែកបក្សពួក​ តែត្រូវបានកំលាំងអគ្គនាយកដ្ឋានផលិតកម្មសត្វ​ និងសុខភាពសត្វ​ បង្ក្រាបបាន កាលពីយប់ថ្ងៃទី៥ ខែឧសភា​ ឆ្នាំ២០២០ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦៧B ស្រុកអន្លង់វែង។

លោកស្រី​ ប៊ុត​ សុខណា តំណាងក្រុមហ៊ុន ដានីដេង បានអោយដឹងថា លោកស្រីមិនមែនជាម្ចាស់ក្រុមហ៊ុន​ ដានីដេង​ នោះទេ លោកស្រីបញ្ជាក់ថា​ រថយន្ដដឹកជ្រូកក្រុមហ៊ុន​ ដានីដេង​ ពិតជាត្រូវបានពេទ្យសត្វខាងអគ្គចាប់ពិតប្រាកដមែន។​ ចំណែកលោក​ តាញ់​ បុត្តា​ មេពេទ្យសត្វខេត្តឧត្ដរមានជ័យ​ បានបញ្ជាក់ថា រថយន្ដដឹកជ្រូករបស់ក្រុមហ៊ុន​ ដានីដេង គឺត្រូវបានខាងអគ្គនាយកដ្ឋានចាប់។   លោកបន្តថា​ ក្រុមហ៊ុន​ មានច្បាប់ដឹកជញ្ជូន តែ៤០ក្បាល​ បែជាដាក់ដល់​ ៦០ក្បាល នេះជាកំហុសរបស់ខាងក្រុមហ៊ុន។

តាមការបកស្រាយរបស់លោក​ តាញ់​ បុត្តា អាចបញ្ជាក់បានថា​ លោកមិនមានការត្រួតពិនិត្យសុខភាពសត្វដើមទី​ និងមិនមានការត្រួតពិនិត្យចំនួនសត្វដឹកជញ្ជូន​ អោយបានត្រឹមត្រូវនោះឡើយ​ ពោលគឺ អសកម្មការងារជំនាញរបស់ខ្លួន៕​ ប៉ែន នួន


ចែករំលែក៖