ភ្នំពេញ ៖ នៅយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ កម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ បេង ដាណារ៉ា ដែលជាស្នងការរង បានសហការជាមួយកម្លាំងនគរបាលខណ្ឌច្បារអំពៅ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ៅ សឿត ដែលជាអធិការនគរបាលខណ្ឌ បានបន្តដាក់គោលដៅត្រួតពិនិត្យ និងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមបណ្ដោយផ្លូវជាតិលេខ១ ទល់មុខស្ថានីយ៍ប្រេង PTT ក្នុងសង្កាត់និរោធិ៍:ខណ្ឌច្បារអំពៅ ដែលជាទិសដៅបទបញ្ជារបស់ថ្នាក់ដឹកនាំយ៉ាងប្រុងប្រយ័ត្ន និងដើម្បីអនុវត្តតាមអនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការកែសម្រួលអនុក្រឹតលេខ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្តីពីការផាកពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីអនុវត្តឲ្យទទួលបានប្រសិទ្ធភាពខ្ពស់។
ក្នុងកាអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកនេះផងដែរបានប្រព្រឹត្តទៅប្រកបដោយក្រមសីលធម៌របស់កងកម្លាំងមន្ត្រីអនុវត្តន៍ច្បាប់ គឺស្របពេលវេលាដែលប្រទេសជាតិ កំពុងស្ថិតក្នុងសុខសន្តិភាព និងការអភិវឌ្ឍន៍ឥតឈប់ឈរ ។
ក្នុងប្រតិបត្តិការនេះដែរលោកឧត្ដមសេនីយ៍ទោ បេង ដាណារ៉ា ដែលជាស្នងការរងនគរបាលរាជធានីភ្នំពេញ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋយើង សូមមេត្តាចូលរួមអនុវត្តន៍គោរពច្បាប់ចរាចរណ៍ផ្លូវគោក និងស្លាកសញ្ញាចរាចរណ៍ឲ្យ បានត្រឹមត្រូវ ទាំងអស់គ្នា ដើម្បីការពារអាយុជីវិតរបស់អ្នក និងអ្នកដ៏ទៃ៕
ដោយ៖ភារ៉ា ដង្កោ