ភ្នំពេញ ៖ រថយន្តហុីយ៉ាន់ដាយមួយគ្រឿងបានបេីកដឹកទឹកសុទ្ធ ខណៈមេឃកំពុងតែភ្លៀងរេចង្កូតឡើងលើសួនពុះចែកទ្រូងផ្លូវបណ្ដាលឲ្យក្រឡាប់ផ្ងារជើងមួយចំហៀង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង០០នាទីយប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ៥០ ម៉ែត្រ ក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡេីយ គេបានឃេីញបុរសម្នាក់បេីករថយន្តមួយគ្រឿង ម៉ាក ហុីយ៉ាន់ដាយ ពណ៌ខ្មៅទ្រុងពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AS-0318 ដឹកទឹកសុទ្ធ បានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន បត់ឡេីងទៅផ្លូវ៥០ម៉ែត្រ ខណៈមេឃកំពុងតែភ្លៀងផង បួងចង្កូតជ្រុលក៏រអិលរេចង្កូតឡើងលើសួនពុះចែកទ្រូងផ្លូវបណ្ដាលឲ្យក្រឡាប់ផ្ងារជើងមួយចំហៀង តែមិនបណ្ដាលឲ្យអ្នកណាម្នាក់រងរបួសឡើយ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចក៏មកដល់ ដោយឃើញមិនខូចខាតដល់សម្បត្តិរដ្ឋក៏ឲ្យម្ចាស់រថយន្តហៅរថយន្តស្ទួចយកទៅជួសជុលខ្លួនឯង ៕ដោយ៖ភារ៉ា ដង្កោ