ខេត្តស្វាយរៀង៖មានករណីផ្ទុះមីនតោនសល់ពីសម័យសង្គ្រាមលាន់សូរកក្រើកដីបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមូលដ្ឋានបណ្ដាលឱ្យសត្វក្របីរបស់អ្នកភូមិងាប់៣ក្បាលធ្លាយពោះវៀននិងបែកសាច់ខ្ទេចនិងរបួសជាច្រើនក្បាលគួរអោយរន្ធត់តែមិនមានមនុស្សរងរបួសនោះទេ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថាចំពោះម្ចាស់ក្របីមានឈ្មោះ មាជ ទ្រូ ភេទប្រុស អាយុ២៩ ជនជាតិខ្មែរមុខរបរកសិករ ទីលំនៅបច្ចុប្បន្ន ភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រភពបន្តថាករណីនេះសំណាងហើយមិនបណ្ដាលឱ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ព្រោះសត្វក្របីនេះបានដើរស៊ីស្មៅនៅឯវាលស្រែក្រវ៉ាត់ក្រុងនៅឆ្ងាយពីផ្ទះអ្នកភូមិខណះដែលសមត្ថកិច្ចក្រុងនិងមន្ត្រីស៊ីម៉ាក់ក៏បានដាក់ស្លាកសញ្ញាប្រុងប្រយ័ត្នហាមឃាត់ហើយដែរដោយដោះគ្រាប់មិនទាន់អស់។
ចំពោះសពសត្វក្របីទាំង៣ក្បាលសមត្ថកិច្ចនគរបាលក្រុងបាវិតបានប្រគល់ជូនម្ចាស់ទាំងសោកស្ដាយបំផុត៕យឹម សុថាន