ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ត្រូវកូនប្រុសបង្កើតមយកអង្រែបុកអង្ករវាយបណ្តាលឲ្យស្លាប់កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នៅភូមិគោកខ្ពស់ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
មន្ត្រីនគរបាលស្រុកថ្មពួកបានឲ្យដឹងថា៖ជនរងគ្រោះជាឪពុកឈ្មោះ នូវ ថន អាយុ៥៨ឆ្នាំ នៅភូមិគោកខ្ពស់ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ចំណែកកូនអកតញ្ញូ ជាជនដៃដល់ឈ្មោះ ថន ធួន ភេទប្រុសអាយុ៣៥ឆ្នាំ នៅភូមិគោកខ្ពស់ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ប្រភពបានឱ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនដៃដល់ជាកូនបានទៅធ្វើផ្ទះឲ្យម្តាយក្មេកនៅភូមិក្របៅ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ក្រោយពីធ្វើផ្ទះរួចពេលល្ងាចជនខាងលើក៏បានផឹកស៊ី ហើយបានទូរស័ព្ទទៅឪពុកនៅផ្ទះ តែឪពុកមិនបានលើកទេ ។ពេលកូនអកតញ្ញូនេះមកដល់ផ្ទះក៏រករឿងឈ្លោះប្រកែកគ្នាជាមួយឪពុក។ ឃើញដូច្នេះ ម្តាយឈ្មោះកន ប៊ូ អាយុ៥៦ឆ្នាំ បានហាមឃាត់កុំឱ្យឈ្លោះប្រកែកគ្នា ។ពេលនោះជនសង្ស័យដោយអំណាចស្រា ទប់កំហឹងមិនបានក៏ទាញអង្រែបុកអង្ករ ប្រវែង១,៣០ម វាយទៅលើឪពុករបស់ខ្លួនចំកញ្ចឹង.ក ផ្នែកខាងក្រោយបណ្តាលឲ្យដួលផ្កាប់មុខរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យហើយក៏បានដាច់ខ្យល់ស្លាប់តាមផ្លូវ ។ជនដៃដល់ក្រោយពីវាយទៅលើឪពុកហើយក៏បានរត់គេចខ្លួន ។ពេលនេះ កម្លាំងនគរបាលកំពុងតែតាមស្រាវជ្រាវរកជនដៃដល់ ដើម្បីចាប់យកមកផ្តន្ទាទោសតាមច្បាប់៕ វណ្ណា