ភ្នំពេញ ៖ ជនសង្ស័យជាចោរម្នាក់ក្នុងចំណោម២នាក់ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច ក្រោយពីជនសង្ស័យទាំង២នាក់នេះជិះម៉ូតូ១គ្រឿងឌុបគ្នាមកធ្វេីសកម្មភាពកាច់កញ្ចក់រថយន្តម្ចាស់ហាងដែលចតនៅមុខហាង(54ល្ងាចស្រស់) បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩:១០នាទីយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៧៨ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ នេត សាគុន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរនិងទីស្នាក់នៅមិនពិតប្រាកដ និងធ្លាប់ជាប់ពន្ធនាគារទើបតែចេញ។
បេីតាមសម្ដីបុរសម្នាក់សុំមិនបញ្ចេញឈ្មោះដែលឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់កំពុងអង្គុយមុខហាងកើតហេតុខាងលើស្រាប់តែឮសំឡេងអ្វីម្យ៉ាងរូបគាត់រកមេីលក៏ឃេីញជនសង្ស័យកំពុងធ្វើសកម្មភាពកាច់កញ្ចក់រថយន្តម៉ាកTUNDRA ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ2AZ-0454 ជារបស់ម្ចាស់ហាងដែលចតនៅទល់មុខហាងជាប់របងសាលាសុីសុវត្ថិ។ ពេលឃេីញដូច្នេះគាត់ក៏បានដេញចាប់ជនសង្ស័យរហូតដល់ផ្លូវលេខ១៧២កែងនឹងផ្លូវព្រះនរោត្ដម ទេីបចាប់ជនសង្ស័យបានម្នាក់ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់។ បន្ទាប់មកគាត់ក៏បានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកយកជនសង្ស័យ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មី៣ធ្វើការសួរនាំ និងកសាងសំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញចាត់ការបន្តតាមនីតិវិធីច្បាប់៕ ដោយ៖ ភារ៉ា ដង្កោ