សៀមរាប៖ស្ត្រីម្នាក់បានធ្វើអត្តឃាតលេបថ្នាំសម្លាប់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៣និង៤០នាទីថ្ងៃទី២៧ខែ ឧសភា ឆ្នាំ២០២០ ស្ថិតនៅក្នុងបន្ទប់ផ្ទះជនរងគ្រោះ ក្នុងភូមិ តាជេត ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួកបានឲ្យដឹងថាក្រោយទទួលបានព័ត៌មាននេះភ្លាម កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសំរោងយាបានចុះពិនិត្យសាកសពនៅកន្លែងកើតហេតុ ដោយដឹងថាជនរងគ្រោះឈ្មោះ ម៉ក់ លីហ៊ាំង ភេទស្រី អាយុ២៥ឆ្នាំ រស់នៅ ភូមិ-ឃុំកើតហេតុខាងលើ មុខរបរនៅផ្ទះ។
តាមការពិនិត្យលើសពមានសភាពទន់អវយវៈ ស្លេកស្លាំង ពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធនឹងអំពើឃាតកម្មឡើយ ។នៅក្នុងបន្ទប់ដេករបស់សពបានបន្សល់ទុកថ្នាំបំពុលសត្វ១កញ្ចប់។
តាមការបញ្ជាក់ពីក្រុមគ្រួសារសព និងប្តី ឈ្មោះ ហូរ ហឿន អាយុ ៣៣ឆ្នាំ មុខរបរជាមន្រ្តីកងរាជអាវុធហត្ថខេត្តសៀមរាប បានឱ្យដឹងថាមុនពេលកើតហេតុមានគេឃើញប្រពន្ធគាត់(ជនរងគ្រោះ)ជិះកង់ចេញពីផ្ទះ។មួយសន្ទុះក្រោយមកបានត្រឡប់មកវិញមានកាន់របស់មួយថង់(អាចជាថ្នាំពុល) តែក្រុមគ្រួសារមិនបានចាប់អារម្មណ៍ទេ។ ចំណែកគាត់ជាប្តីនៅកន្លែងធ្វើការពេលនោះប្រពន្ធ(សព)បានទូរស័ព្ទទៅខ្លួនខណៈពេលមេឃរកភ្លៀងមានខ្យល់ផងខ្លួនស្ដាប់មិនបានថាប្រពន្ធនិយាយអ្វីទេ។ដោយកើតការសង្ស័យព្រោះប្រពន្ធធ្លាប់មានប្រវត្តិជំងឺស្កន់ ម្ដងៗផងនោះ ខ្លួនក៏បានទូរស័ព្ទទៅបងថ្លៃឲ្យទៅជួយមើលប្រពន្ធនៅផ្ទះផង។បន្ទាប់ពីបងថ្លៃទៅដល់ផ្ទះបានឃើញបន្ទប់ក្រោមផ្ទះដែលជនរងគ្រោះដេកបានបិទទ្វារដាក់គន្លឹះពីក្នុង ទើបឆោឡោនាំគ្នាគាស់បើកទ្វារ ក៏ឃើញជនរងគ្រោះបែកពពុះមាត់ក្រោយពីលេបថ្នាំពុល។ក្រោយមកក្រុមគ្រួសារបាននាំគ្នាជួយសង្គ្រោះដឹកទៅពេទ្យមណ្ឌលរួចបន្តទៅពេទ្យបង្អែកពួក និងដឹកបន្ដទៅពេទ្យបង្អែកខេត្តសៀមរាប តែដោយស្ថានភាពធ្ងន់ធ្ងរគ្រូពេទ្យជួយសង្គ្រោះមិនបាន ទើបដាច់ខ្យល់ស្លាប់តែម្ដង។
លោកវរសេនីយ៍ឯកទេព ពុំសែន បញ្ជាក់ថាការសន្និដ្ឋានរបស់សមត្ថកិច្ច ជំនាញខាងលើឃើញថាមិនពាក់ព័ន្ធនឹងអំពើឃាតកម្មនោះទេគឺជាការធ្វើអត្តឃាតលេបថ្នាំពុលសម្លាប់ខ្លួនឯង។
ចំពោះមូលហេតុគឺជនរងគ្រោះមានវិបត្តិផ្លូវចិត្តក្នុងរឿងប្រចណ្ឌប្ដីមានស្រី។ ចំណែកក្រុមគ្រួសារពួកគេក៏មិនបានប្ដឹងផ្ដល់នោះដែរ បន្ទាប់មកសមត្ថកិច្ចបានប្រគល់សាកសពជូនគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ដោយ÷ ប៊ុនរិទ្ធី