ព័ត៌មានទាន់ហេតុការណ៍៖

តើឲ្យរំពឹងអីទៀត?! ពលរដ្ឋបាត់ម៉ូតូខំជិះម៉ូតូឌុបទៅប្ដឹងនគរបាលប៉ុស្តិ៍ទំនប់ទឹក ពេលទៅដល់រកសមត្ថកិច្ចមិនឃើញ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់និងសន្តិសុខម្នាក់បានផឹក​ស៊ីជាមួយគ្នារួចក៏នាំគ្នាដេកលង់លក់​ ដល់ពេលដឹងខ្លួនឡើងបាត់ម៉ូតូ ខំជិះម៉ូតូឌុបទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលទំនប់ទឹក​ បែរជាមិនឃេីញមាននគរបាលប្រចាំការ ។ 

    ករណីនេះបានបង្កឱ្យមានការ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២និង ៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ ២០២០ នៅចំណុចជាប់របងសណ្ឋាគារកុងទីណង់តាល់ ហៅថៃ ប៊ុន​រ៉ុង តាមបណ្ដោយផ្លូវលេខ២០៥ស្ថិតនៅក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានី​ភ្នំពេញ។

      ជនរងគ្រោះដែលបាត់ម៉ូតូមានឈ្មោះ សុង រិទ្ធ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរលក់កាសែត នៅផ្សារដើមគ មានស្រុកកំណើតនៅភូមិថ្មពូន ឃុំ ថ្មពូន ស្រុកកញ្ច្រៀច ខេត្តព្រៃវែង

បានបាត់ម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ មិនចាំស្លាកលេខ ដោយទាំងកាតគ្រី និងអត្តសញាណប័ណ្ណរួមទាំងអាវត្រូវជនសង្ស័យយកទៅទាំងអស់។

    តាមសម្ដីរៀបរាប់របស់បុរសរងគ្រោះបានប្រាប់ឲ្យដឹងថា​ ដំបូងឡើយរូបគាត់បានមកលេងមិត្តភក្តិធ្វើសន្តិសុខ នៅកន្លែងកើតហេតុខាងលើ ហើយក៏មានការហូបចុកផឹកស្រាបៀរចប់រួចរាល់ទៅគាត់ក៏នាំគ្នាលើកម៉ូតូយកទៅដាក់នៅកៀនជញ្ជាំងកន្លែងសន្តិសុខយាម។​ រួចពួកគាត់ទាំងពីរនាក់បានដេកលង់លក់យ៉ាងស្រួល រហូតដល់ពេលដែលគាត់ភ្ញាក់ឡើងវេលាម៉ោងកើតហេតុខាងលើក៏ស្រាប់តែបាត់ម៉ូតូរបស់គាត់មិនឃើញក៏មានការភ្ញាក់ផ្អើលឡើង ហើយក៏ជិះម៉ូតូឌុបទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹកដើម្បីឲ្យសមត្ថកិច្ចជួយរកម៉ូតូឲ្យគាត់។ពេលទៅដល់ប៉ុស្តិ៍នោះ គាត់ស្រែកហៅប៉ូលិស អស់រយៈពេលកន្លះម៉ោងមិនឃើញប៉ូលិសនៅក្នុងប៉ុស្តិ៍សូម្បីតែម្នាក់។ក្រោយមកគាត់ត្រឡប់មកវិញក៏បានមករកអ្នកសារព័ត៌មានឲ្យជូនគាត់ទៅជាលើកទី២ ហើយក៏មានការស្រែកហៅមួយសន្ទុះ។ក្រោយមកឃើញមេប៉ុស្តិ៍ចេញពីក្នុងប៉ុស្តិ៍មកស្លៀកខោខ្លីបានដើរមកសួរនាំរូបគាត់ហើយក៏ឱ្យគាត់ចូលក្នុងដាក់ពាក្យបណ្ដឹងដើម្បីឲ្យសមត្ថកិច្ចកំណត់មុខសញ្ញាតាមចាប់ជនសង្ស័យយកមកផ្ដន្ទាទោសនៅពេលក្រោយ ប៉ុន្តែដោយឃើញភាពយីតយ៉ាវរបស់សមត្ថកិច្ចបែបនេះរូបគាត់មិនមានសង្ឃឹមអ្វីបន្តិចឡើយ៕

ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖