ព័ត៌មានទាន់ហេតុការណ៍៖

នាយទាហានមួកខៀវកម្ពុជាថ្នាក់ឧត្តមសេនីយ៍ម្នាក់ទទួលមរណភាពដោយជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់បណ្តាញអ្មកយកព័ត៌មាននៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះថា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០កងកម្លាំងមួកខៀវកម្ពុជាម្នាក់បានទទួលមរណភាពនៅក្នុងមន្ទីរពេទ្យប្រទេសម៉ាលី ដោយសារតែឆ្លងជំងឺកូវីដ-១៩។

នាយទាហានមួកខៀវកម្ពុជាដែលទទួលមរណភាពនៅប្រទេសម៉ាលីនេះមានឈ្មោះ ស សាវី ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ កំពុងបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ។ ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ លោកបានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារសពដែលពលីនៅប្រទេសម៉ាលីរូបនេះ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានកងកម្លាំងយោធាមួកខៀវកម្ពុជា ៣នាក់ បំពេញបេសកកម្ម នៅប្រទេសម៉ាលីបានឆ្លងជំងឺកូវីដ-១៩ ក្នុងនោះមាន២នាក់បានជាសះស្បើយឡើងវិញ។

បច្ចុប្បន្ននេះកងកម្លាំងមួកខៀវរបស់កម្ពុជាចំនួន៥កងសរុបជិត ៨០០នាក់ ក្នុងនោះជិត៨០នាក់ជានារីបាននិងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្ររបស់អង្គការសហប្រជាជាតិនៅតាមបណ្តាប្រទេសចំនួន៤រួមមាន លីបង់ ស៊ូដង់ខាងត្បូង ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕ដោយ៖សុខដុម


ចែករំលែក៖