១- រូបរាហូ គេតែងគូរនៅហោជាងប្រាសាទ ឬបើនៅទីវត្ត គេគូរនៅហោជាងព្រះវិហារ ប្រយោជន៍ដោយដឹងថា “ជាអ្នកមានឫទ្ធិ” ។
២- នៅខ្លោងទ្វារប្រាសាទ ឬវត្តអារាម ក៏គេមានគូរដែរ ។
៣- រូបរាហូ គេច្រើនគូរតែត្រឹមក្លៀកឡើងលើ ឲ្យឃើញច្បាស់តែដៃ ក និងក្បាល ធ្វើមុខឲ្យទូលាយធំ មាំ បញ្ចេញធ្មេញស្ញាញ ថែមទាំងលាបពណ៌ខៀវ ដើម្បីឲ្យសម្បើមដល់អ្នកមើលគ្រប់ៗ គ្នា ។
៤- គេគូររូបរាហូ នៅក្នុងផ្ទះ ឬ ព្រះរាជវាំង ប្រយោជន៍ឲ្យដឹងថាជា “អ្នកខ្លាំងពូកែ, អ្នកធំ” ។
៥- បើគេមិនហៅថា “រាហូ” គេហៅត្រឹមតែ “រាហុ៍” ដូចពាក្យថា “រាហុ៍ចាប់ចន្ទ” ដូច្នេះក៏បាន, ជួនកាល គេហៅថា “អសុរិន្ទ”, តែពាក្យខ្មែរ ច្រើនហៅថា “រាហូ អសុរិន្ទ” ជាប់គ្នា ។
៦- បានជាគេធ្វើរូបរាហូតែមួយកំណាត់នោះ ព្រោះមានប្រវត្តិដូច្នេះ
ប្ប្រវត្តិរបស់រាហូ
រាហូអសុរិន្ទ ជាសេនាបតីមួយរបស់ព្រះបាទវេបចិត្តិ ដែលសោយរាជ្យសម្បត្តិនៅក្នុងនគរចិត្រាសូរ ក្រោមបាទភ្នំព្រះសុមេរុ ។ តំណាលថា រាហូនេះធំក្រៃលែងធំលើសពួកអសុរទាំងឡាយនៅក្នុងទីនោះ គ្រាន់តែកម្ពស់ ៤.៥០០ យោជន៍ ទទឹងខ្លួនពីស្មាម្ខាងទៅស្មាម្ខាង ១.៦០០ យោជន៍ ចន្លោះដើមដៃប្រវែង ១.២០០ យោជន៍ ថ្នាំងម្រាមដៃម្រាមជើងមួយៗ ៥០ យោជន៍ រង្វះមាត់ ២០០ យោជន៍ បាតដៃបាតជើងទំហំ ៣០០ យោជន៍ ជម្រៅមាត់ ៣០០ យោជន៍ រន្ធច្រមុះ ២០០ យោជន៍ កប្រវែង ៣០០ យោជន៍ ថ្ងាសប្រវែង ៣០០ យោជន៍ ភ្នែក ៥០ យោជន៍ ក្បាលទំហំ ៩០០ យោជន៍ ទំហំធ្មេញមួយៗ ៥០ យោជន៍ រោមអវយវៈទាំងមូល ៥០ ក្រចកដៃក្រចកជើងមួយៗ ប្រវែង ៥០ យោជន៍ ។
ឯប្រពន្ធរបស់គាត់ មានចំនួនមួយម៉ឺននាក់ សុទ្ធតែជាស្ត្រីប្រកបដោយរូបឆោមល្អឆើតឆាយ មានរូបរាងទំហំ និងកម្ពស់ប្រហែលនឹងគាត់ដែរ ។ ថ្ងៃមួយ រាហូអសុរិន្ទ ហៅពពួកស្រីស្នំ មកជួបជុំ ហើយតាំងក្អេងក្អាងអួតឫទ្ធានុភាពខ្លាំងពូកែរបស់ខ្លួនប្រាប់ពួកស្រីស្នំ សមគាត់ជាអ្នកអួតស៊ីជោរផង) រួចសួរទៅពួកស្រីស្នំថា “ក្នុងលោកទាំងមូល មើលទៅ តើមានអ្នកណាធំស្មើអញ ដែរឬទេ ? មានមុខមាត់សម្បើមដូចអញទេ ?” ។ គាត់សួរពីស្រីទី ១ ទៅដល់ស្រីទីបំផុត ទាំងមួយម៉ឺននាក់” ។ ស្រីពៅគេបង្អស់ឆ្លើយតបថា “លោកម្ចាស់ ធំប៉ុណ្ណឹង មិនមែនអស្ចារ្យស្មើនឹងព្រះសមណគោតមទេ, ឯព្រះសមណគោត្តម ដែលខ្ញុំធ្លាប់ប្រទះ ធ្លាប់ឃើញច្រើនដងនោះ ធំអស្ចារ្យផុតគេក្នុងលោក, សមណគោត្តម ធំក្រៃលែងធំ ខ្ពស់ក្រៃលែងខ្ពស់ ល្អក្រៃលែងល្អ មានឫទ្ធានុភាពលើសគេ ក្នុងលោកនឹងរកប្រុសឯណាមកប្រៀបឲ្យស្មើគ្មានឡើយ” ។
រាហូ ឮស្រីស្នំអួតសរសើរអំពីគុណសម្បត្តិរបស់ព្រះសម្មាសម្ពុទ្ធដូច្នោះ គាត់ជាមនុស្សអំនួតស្រាប់ផង ក៏លាន់មាត់ថា “យីអើ ! សមណគោតមនោះ កុំថាឡើយដល់ទៅរូបធំ សូម្បីតែកុដិឬខ្លោងទ្វារវិហាររបស់គាត់នៅ ក៏អញចូលទៅមិនទាំងចុះខ្លួនផង ម៉េចក៏ឯងថាអញធំខ្ពស់មិនស្មើនឹងព្រះសមណគោតម ? បើដូច្នោះ អញទៅវាស់កម្ពស់គាត់មើល, តើធំប៉ុន្មានទៅ !” ។
ឯព្រះសម្មាសម្ពុទ្ធ ទ្រង់ឈ្វេងយល់ដោយញាណព្រះអង្គថា “ពេលនេះ រាហូអសុរិន្ទតាំងខ្លួនឯងជាធំលើសព្រះអង្គ មានបំណងចូលមកផ្ទឹមវាស់នឹងព្រះអង្គ ទ្រង់ក៏ពង្រីកខ្លោងទ្វារវិហារវត្តជេតពន ឲ្យធំហួសវិស័យរបស់រាហូ ប្រៀបដូចមនុស្សយើងចូលក្នុងវិហារធម្មតា ។ លុះរាហូចូលទៅ លបមើលព្រះអង្គកំពុងសិង គាត់ងើបមើលព្រះសម្ពុទ្ធបីដូចជាងើបមើលអាកាស ។ ប៉ុណ្ណឹងហើយ រាហូនៅតែប្រកាន់អស្មិមានះថា ព្រះអង្គនៅតែមិនធំជាងគាត់ទេ ។ ថ្ងៃមួយ ព្រះអង្គស្ដេចយាងទៅបិណ្ឌបាត គាត់ក៏លបចូលទៅឈរពីខាងក្រោយព្រះអង្គ ចម្ងាយ ៥០ យោជន៍ ផ្ទឹមមើល នៅតែមិនខ្ពស់ស្មើនឹងព្រះអង្គទៀត ឃើញទាបជាងឆ្ងាយពេក ក៏យកឫស្សីមួយដើមយ៉ាងវែង ប្រវែង ៥០ យោជន៍ ទៅវាស់ពីខាងក្រោយ នៅតែមិនស្មើទៀត, គាត់ព្យាយាមតឫស្សីតាំងពី ១ ដើម ដល់មួយពាន់ដើម អស់ពេលមួយព្រឹក ហត់បែកញើសហូរជាទឹក ក៏នៅតែមិនស្មើនឹងកម្ពស់ព្រះអង្គ ។
សម័យថ្ងៃមួយ គាត់ចង់ឃើញព្រះអង្គចំព្រះភក្ត្រឲ្យបានជិត ដើម្បីធៀបមើលកម្ពស់ឲ្យអស់ចិត្ត ក៏និម្មិតខ្លួនជាឈ្លើងព្រ័ត្រនៅក្នុងទឹកស្រះ ចាំលបមើលព្រះអង្គឲ្យច្បាស់ ស្រាប់តែព្រះអង្គទ្រង់ត្រាស់ហៅថា “នែរាហូ ! អ្នកមកនៅក្នុងទឹកស្រះធ្វើជាឈ្លើងចាំមើលតថាគតធ្វើអ្វី ? ឡើងមក ! តថាគតប្រាប់អ្នកឲ្យដឹង ! តថាគតធំអ្វីប៉ុណ្ណេះ ពួកព្រហ្មនៅឯឋានព្រហ្មធំជាងតថាគតទៅទៀត ។ រាហូនឹកក្នុងចិត្តថា “សមណគោតមនេះ ធំជាងអញទៅហើយ ឥឡូវ នៅមានព្រហ្មឯណាធំដែរ” ក៏នឹកអៀនខ្មាសស្រីស្នំរបស់ខ្លួន លែងវិលទៅទីកន្លែងវិញ ទើបសូមតាមព្រះអង្គទៅមើលព្រហ្មទៀត ។ ព្រះសម្ពុទ្ធ ក៏ឲ្យរាហូតោ
ងជាយចីពរហោះទៅបិណ្ឌបាតឯឋានព្រហ្ម ។ ព្រហ្ម លុះឃើញរាហូតោងនៅនឹងជាយចីពរដូច្នោះ ក៏ទូលព្រះអង្គថា “ចៃនៅនឹងជាយចីពរព្រះអង្គ” ។ រាហូរឹងរឹតតែខ្មាសព្រហ្មទៅទៀត ដោយគំនិតថា “អញធំសម្បើមដែរ, ឥឡូវព្រហ្មថា ឯងតូចដូចចៃ !” ទ្រាំនៅពុំបាន ក៏លាព្រះអង្គ ចុះមកទីកន្លែងរបស់ខ្លួនវិញ ។ ព្រះអង្គបានផ្ដាំរាហូថា “អ្នកចុះទៅវិញ កុំឈប់នៅពាក់កណ្ដាលផ្លូវ, បើស្រេកទឹក កុំឈប់ផឹកទឹកឡើយ” ។ រាហូមកពាក់កណ្ដាលផ្លូវ ឃើញស្រះមានទឹកថ្លា មានផ្កាឈូកក្រអូបល្វេងល្វើយ ភ្លេចពាក្យបណ្ដាំរបស់ព្រះពុទ្ធអង្គ ក៏ចុះទៅត្រាំក្នុងទឹកនោះត្រឹមក្លៀក ស្រាប់តែដាច់មួយកំណាត់ខ្លួន ធ្លាក់បាត់ទៅ ។
រឿងដើមកំណើត នៃរាហូ ព្រះអាទិត្យ និង ព្រះចន្ទ
ក្នុងសាសនារបស់ព្រះពុទ្ធវេស្សភូ មានគហបតីប្ដីប្រពន្ធ នៅក្នុងនគរហង្សាបតី ជាអ្នកមានសទ្ធាជ្រះថ្លា ថ្វាយទានដាក់បាតដល់ព្រះពុទ្ធអង្គនោះរៀងរាល់ថ្ងៃ ។ គាត់មានកូនប្រុស ៣ នាក់ កូនប្រុសបងឈ្មោះ វត្តិកុមារ, កូនកណ្ដាលឈ្មោះ ថុលកុមារ, កូនពៅឈ្មោះ ទីឃាវុត្តកុមារ ។ លុះមាតាបិតាធ្វើមរណកាលទៅ មានកាលមួយថ្ងៃ បងប្អូនទាំង ៣ នាក់មកប្រជុំគិតគ្នាថា “យើងនឹងគិតដណ្ដាំបាយដាក់បាតព្រះសម្មាសម្ពុទ្ធ រក្សាវង្សត្រកូលមាតាបិតាយើងទុក” ។ ប្អូនទាំងពីរនាក់ឆ្លើយតបថា “បងឯងត្រូវជាអ្នកកាន់វែកចាំដួសបាយចុះ, ប្អូនកណ្ដាល ត្រូវលាងឆ្នាំងច្រកអង្គរ លាងយកទៅដាក់ដណ្ដាំ, ឯប្អូនពៅ ត្រូវជាអ្នកដុតភ្លើង” ។ បងប្អូនទាំងបីនាក់នោះ ចែកមុខក្រសួងគ្នាតែរៀងៗ ខ្លួន ។ ប្អូនពៅ ខំដុតភ្លើងឲ្យឆេះឡើងខ្លាំងណាស់, ឆ្នាំងបាយនោះ ក៏ពុះឡើងសន្ធោសន្ធៅមហិមា, ឯកូនច្បងនោះ ស្ទុះទៅកាន់វែកមកកូរបាយ, លុះកូរបាយទៅ ត្រូវវេទនានឹងផ្សែងចូលភ្នែក ក៏យកវែកបាយវាសក្បាលប្អូនពៅ ហើយជេរថា “អាឯងដូចម្ដេចក៏ដុតភ្លើងមិនឲ្យឆេះឡើង !” ។ ប្អូនពៅ ខឹងនឹងបង ក៏តបថា “បងឯង មិនចេះរិះគិតឲ្យបានវែងឆ្ងាយសោះ ហ៊ានយកវែកវាយក្បាលអញ ដូចជាអញនោះខ្ញុំកំដរ នៅស៊ីឈ្នួលវា” ថាហើយ ក៏បួងដៃដាល់ទៅបងវិញ ប្រវាយប្រតប់ឈ្លោះគ្នា ។ ប្អូនពៅមានកម្លាំង ក៏ស្ទុះទៅយកអង្រែមកវាយសំពងបង, ប្អូនកណ្ដាលក៏ស្ទុះទៅជួយបង ការពារកុំឲ្យវាយបាន ។
លុះបានដណ្ដាំបាយឆ្អិនកាលណា ក៏ដោះដួសបាយចែកគ្នា ។ ចៅវត្តិកុមារជាបង បានភោជនមាសដាក់បាយ, ថុលកុមារ បានភោជនប្រាក់ដាក់បាយ, ឯទីឃាវុត្តកុមារ ខឹងនឹងបង យំសស្រាក់ ទៅកន្ត្រាក់បានឯលៀនខ្មៅធំមកដាក់បាយ ។ ចែកចំណែកគ្នាស្រេចហើយ ពុំយូរឡើយ ព្រះសម្មាសម្ពុទ្ធវេស្សភូ ទ្រង់និមន្តមកបិណ្ឌបាតប្រោសសត្វទាំងឡាយ ។ កុមារទាំង ៣ នាក់ ស្ទុះទៅយកបាយដាក់បាត្រតែរៀងខ្លួន ។
បងទីមួយ ធ្វើសេចក្ដីប្រាថ្នាថា សូមអានិសង្សដែលខ្ញុំដាក់បាត្រនេះ ឲ្យបានទៅកើតជាព្រះអាទិត្យ ឲ្យមានឫទ្ធានុភាព មានរស្មីច្រាលរន្ទាលដូចមាស សម្រាប់បំភ្លឺសព្វសត្វទាំងពួង ក្នុងទ្វីបទាំង ៤ ហើយសូមឲ្យមានអាយុ ៩ លានឆ្នាំ ។
ប្អូនទីពីរ ដាក់បាត្ររួចហើយ ធ្វើសេចក្ដីប្រាថ្នាថា សូមអានិសង្សដែលខ្ញុំដាក់បាត្រនេះ ឲ្យបានទៅកើតជាព្រះចន្ទទេវបុត្ត ឲ្យមានពន្លឺភ្លឺច្រាលរន្ទាលដូចជាប្រាក់ ត្រជាក់ដូចកែវមរកត សម្រាប់សត្វលោកក្នុងទ្វីបទាំង ៤ ហើយសូមឲ្យមានអាយុ ៩ លានឆ្នាំ ។
ប្អូនពៅ ដាក់បាត្ររួចហើយ តាំងសេចក្ដីប្រាថ្នាថា សូមឲ្យមានរូបធំ មានកម្លាំងខ្លាំង មានឫទ្ធានុភាពនោះច្រើនលើសគេក្នុងទ្វីបទាំង ៤ ។ បើបងទាំងពីរនាក់នេះឃើញខ្ញុំវេលាណា ឲ្យរន្ធត់ញាប់ញ័រខ្លាចខ្ញុំ ។
កុមារទាំង ៣ នាក់ តាំងប្រាថ្នាតែរៀងៗ ខ្លួនស្រេចកាលណា ព្រះសម្មាសម្ពុទ្ធវេស្សភូ ធ្វើភត្តានុមោទនាស្រេច យាងទៅកាន់វត្តវិញ ។
ចំណេរកាលក្រោយមក កុមារទាំង ៣ នាក់ ស្លាប់អំពីលោកនេះ ទៅកើតតែរៀងខ្លួន គឺបងទី ១ ទៅកើតជាព្រះអាទិត្យ, ទី ២ ទៅកើតជាព្រះចន្ទ, ប្អូនពៅទៅកើតជារាហូអសុរិន្ទ ។
ទំនៀមខ្មែរ ដែលនៅរាប់អានគំនូររូបរាហូមកដល់សព្វថ្ងៃនេះ ព្រោះយល់ឃើញថា “រាហូ ជាអ្នកខ្លាំងពូកែ មានអានុភាពច្រើន” បានជាគេគូរនៅហោជាងវិហារ ឬ ជញ្ជាំងប្រាសាទ ឬក៏ សាក់នៅជាប់នឹងខ្លួនផង គឺគេចង់ឲ្យខ្លួនគេបានពូកែ ដើម្បីការពារនូវភយន្តរាយទាំងឡាយ មានមានខ្មោចបិសាចជាដើម ៕ចប់
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)