សូមរៀបរាប់គោរពតាមបានដឹងតៗ គ្នាជាអង្វែងឆ្នាំណាស់មកហើយក្នុងកាលក៏កន្លងមកហើយនោះ តាមបុរាណាចារ្យថ្លែងតគ្នាមកថា ប្រហែលជាក្នុងរជ្ជកាលនៃព្រះបាទទាវង្ស 2 អស្ចារ្យ ដែលទ្រង់សោយរាជ្យសម្បត្តិនៅទីក្រុងអង្គរ (សៀមរាប) ទ្រង់ត្រាស់ប្រើឲ្យជាស្មិតម្នាក់យកដែកទម្ងន់មួយហាប ទៅធ្វើជាព្រះខាន់រាជ្យមួយ ។ ជាងនោះក៏ទទួលយកទៅធ្វើតាមព្រះរាជបញ្ជា ។ លុះធ្វើបានស្រេចបាច់ហើយ ក៏នាំគ្នាទៅថ្វាយព្រះរាជា ៗ ទ្រង់ទតយល់ព្រះខាន់នោះតូចមិនធន់ល្មមនឹងធ្វើអស់ដែកដល់ទៅមួយហាបសោះ ក៏ទ្រង់ក្រោធចោទប្រកាន់ជាងនោះថា “យកដែកអញទាំងហាបទៅធ្វើ ឥឡូវបានកាំបិតប៉ុនស្លាបមាន់មកឲ្យអញ, តើយកដែកអញទៅធ្វើអ្វីអស់ទៅ ?” ។ ឮព្រះរាជាទ្រង់ខ្ញាល់ ជាងស្មិតភ័យណាស់ ក៏ប្រញាប់ក្រាបថ្វាយបង្គំលាដើរទាចេញទៅ ដោយអូសព្រះខាន់នោះដាក់ខាងមុខចុះក្រោម ។ លុះតាជាងចេញផុតបាត់ទៅ ទើបឃើញអស្ចារ្យ គឺផ្ទៃលានព្រះរោងនោះដាច់ចេញពីគ្នា បីដូចគេកាត់នំចាហួយ ។
ព្រះករុណាទ្រង់យល់ការអស្ចារ្យដូច្នោះ ក៏ប្រើអាមាត្យឲ្យតាមរកជាងស្មិតវិញ តែតាមមកទាន់ គ្រាន់តែបានដំណឹងថា “ព្រះខាន់នោះជាងស្មិតបានកាច់បំបាក់ជាពីរ ហើយបោះចូលទៅក្នុងទឹកទន្លេសាប ត្រង់កន្លែងប្រសព្វមុខព្រែក ដែលហូរចាក់មកពីស្រុកជីក្រែង” ។
ព្រះរាជបម្រើនោះតាមទៅទៀតក៏បានដឹងថា កាលជាងស្មិតចេញផុតអំពីនោះទៅ គាត់បានទៅដល់រោងជាងធ្វើដែកមួយ ក៏ចូលទៅសុំទឹកគេផឹក, គេដងទឹកមួយផ្ដិលមកឲ្យ គាត់ថាផឹកមិនឆ្អែតទេ ប្រើគេឲ្យយកក្អម ឬខ្វាងមកដងទឹកមកទៀត ទើបផឹកឆ្អែត ។ ជាងស្មិតនោះប្រាប់ជាងដែកថា “កាលណាតាបានផឹកទឹកឆ្អែតហើយ ចាំតាជួយធ្វើកាំបិតពូថៅឲ្យ” ។ ប៉ុន្តែ នៅកន្លែងរោងជាងនោះ ក្អមក៏គ្មាន ខ្វាងក៏គ្មាន តើបានអ្វីយកទៅដងទឹកជូនគាត់ ។ ជាងស្មិតទារដង្កាប់មកកាន់ហើយ សួរទៅជាងដែកថា “មួយថ្ងៃពួកឯងធ្វើកាំបិតពូថៅបានប៉ុន្មាន ?” ។ ជាងដែកឆ្លើយថា “បានមួយ ឬពីរ” ។ ជាងស្មិតក៏បង្គាប់ថា “ណ្ហើយ ! បើគ្មានអ្វីទេ ចូរយកផាលនេះ ទៅដងទឹកឲ្យឆាប់មក ចាំតាជួយធ្វើឲ្យបានច្រើន ប៉ុន្តែមុននឹងទៅដងទឹក ចូរចៅឯងជញ្ជូនដែក និងធ្យូងទាំងប៉ុន្មាន មកចាក់ចូលក្នុងឡនេះឲ្យអស់សិន សឹមទៅ” ។ មេជាង និងកូនជាង ក៏នាំគ្នាធ្វើតាម ហើយចេះតែនឹកក្នុងចិត្តថា “ជីដូនជីតាម៉ែឪអាណាធ្វើដែកដូច្នេះ ហើយអាចយកផាលទៅដងទឹកជាប់” ប៉ុន្តែចិត្តតែនឹកដៃតែធ្វើ ដោយគិតថា “ធ្វើតាមគាត់ប្រើទៅចុះ ស្រេចទៅលើគាត់” ។ ចំណែកតាជាងស្មិតនោះ ក៏ប្រើកូនជាងឲ្យខំសប់ភ្លើងឆេះរន្ទាលឡើង ។ មិនយូរប៉ុន្មាន ដែក និងធ្យូងក៏ឆេះរន្ទាល ។
ឯជាងដែកដែលទៅដងទឹក លុះមកដល់កន្លែងវិញ ដាក់ផាលចុះពីលើស្មា ឃើញទឹកនៅជាប់ពេញផាល ក៏នឹកស្ញែង ហើយឆ្ងល់ថា “យី ! ផាលនេះ ម្ដងនេះក៏ដក់ទឹកជាប់ ដូចគេដងទឹកក្អម ឬខ្វាង !” ។ តានោះក៏លើកទឹកផឹកអស់មួយផាល ហើយប្រាប់ទៅជាងដែកថា “តាធ្វើរបស់ឲ្យចៅបានសព្វគ្រប់ហើយ” រួចក៏លាចេញទៅមួយរំពេច ។ មេជាងនឹកឆ្ងល់ថា “តានេះ គាត់ធ្វើដូចម្ដេចក៏ថាហើយអស់ភ្លាម” ក៏សួរទៅកូនជាងថា
– តានោះគាត់ធ្វើដូចម្ដេចខ្លះ អម្បាញ់មិញនេះឯង មានមើលគាត់ទេ ? ។
– អត់ឃើញគាត់ធ្វើអ្វីទេ, ឃើញតែប្រើឲ្យខំប្រឹងសប់ភ្លើងឆេះទ្រោលឡើង ដើម្បីគាត់នឹងធ្វើឲ្យបានឆាប់បានទឹកមកផឹក ហើយគាត់នឹងអាលប្រញាប់លាទៅទៀត ។
ជាងដែកឮដូច្នោះ មិនចេញស្ដីទេ គ្រាន់តែនឹកតូចចិត្ត ហើយប្រញាប់យកដង្កាប់ទៅកាយដែកចេញ ក្រែងឆេះខូចអស់ ស្រាប់តែវែកធ្យូងនោះឡើង ឃើញសុទ្ធតែប្រដាប់ប្រដាប់ប្រើប្រាស់គ្រប់យ៉ាង មានតាំងពីកាំបិត, ពូថៅ, ពន្លាក រហូតដល់រណា ដែលស្វាន ដែកខួង ។
ពួកជាង ឃើញអស្ចារ្យដូច្នោះ ក៏ជំនុំគ្នាថា “តាហ្នឹង ប្រហែលជាព្រះពិស្ណុការទេដឹង ? បើដូច្នេះ យើងរត់ទៅតាមសួរគាត់មើល តើដើម្បីនឹងយកជ័រម្រ័ក្សណ៍ គេត្រូវធ្វើដូចម្ដេច ?” ។ ថាហើយ ក៏នាំគ្នារត់តាមទៅ ។ មួយសន្ទុះក្រោយមក មើលទៅមុខ ឃើញគាត់នោះដើរលឹមៗ ក៏ស្រែកហៅកាត់ឲ្យឈប់ តែគាត់មិនព្រមឈប់សោះ ទើបស្រែកសួរពីចម្ងាយថា “តាអើយតា ! យកម្រ័ក្សណ៍តើគេធ្វើដូចម្ដេចខ្លះ ? អាណិតជួយប្រាប់ខ្ញុំផង” ។ តានោះស្រែកប្រាប់មកវិញថា “ធ្វើដូចខ្មាសម៉ែអាឯងទៅ បានហើយ” ។ ឮចម្លើយតែប៉ុណ្ណឹង ក៏បាត់តានោះទៅ រកមើលមិនឃើញ ។ ពួកជាង នាំគ្នាត្រឡប់មកជំរំវិញ ហើយនាំគ្នាធ្វើពិសោធន៍តាមពាក្យគាត់ថា ក៏យកជ័រម្រ័ក្សណ៍បានមែន ទើបប្រាប់តៗ គ្នារហូតមក ។
និយាយអំពីព្រះរាជបម្រើ ដែលស្ដេចប្រើឲ្យតាមរកជាងស្មិតព្រះខាននោះ លុះទៅតាមរកមិនឃើញ បានតែដំណឹងដូចខាងលើ ក៏នាំយកមកក្រាបទូលព្រះរាជា ៗ ក៏ទ្រង់ត្រាស់ឲ្យមុជទឹកទន្លេត្រង់កន្លែងដែលបោះព្រះខាន់ ហើយឲ្យរាវរក ឲ្យខាងតែឃើញ ។ ពួកនាម៉ឺន ក៏កេណ្ឌបណ្ដារាស្ត្រឲ្យចុះរាវរកតាមព្រះរាជបំណង ។ គ្រានោះ ពួកអាណិកជនចិន ដែលមកនៅក្នុងស្រុកខ្មែរ ក៏ខំនាំគ្នាចុះមុជរាវរកដែរ ដើម្បីបំពេញព្រះទ័យព្រះមហាក្សត្រ ។ ពួកអ្នកចុះរាវរកនោះ មានគ្រោះថ្នាក់ដល់ជីវិតជាច្រើន ដោយប៉ះពារទៅលើមុខកាំបិត អ្នកខ្លះដាច់ដៃ-ជើង-ខ្លួន ។ ឃើញហេតុអស្ចារ្យដូច្នោះ អង្គទូតចិន ក៏មកជំនុំគ្នានឹងនាម៉ឺនខ្មែរថា “រឿងនេះ បើចេះតែប្រើមនុស្សឲ្យទៅស្លាប់បែបនេះតទៅទៀត ឃើញថាមិនសមហេតុផលសោះ ដូច្នេះ សូមឲ្យស្ដេចខ្មែរធ្វើពលិការបួងសួងឡើង ឲ្យយកកាំបិតអស្ចារ្យនោះបាន កុំឲ្យមានគ្រោះថ្នាក់ដល់រាស្ត្រប្រជាតទៅទៀត ។ ព្រះមហាក្សត្រខ្មែរ ក៏ទ្រង់ព្រះបញ្ជាឲ្យរៀបធ្វើពិធីបួសសួង ៧ យប់ ៧ ថ្ងៃ រួចទើបប្រើឲ្យចុះរាវរកម្ដងទៀត ។ ពួកខ្មែរ រើសបានមួយកំណាត់ខាងដង នៅទិសខាងជើង ។ ឯពួកចិន រើសបានមួយកំណាត់ខាងចុងផ្លែ នៅទិសខាងត្បូង ទើបសុំអនុញ្ញាតពីស្ដេចខ្មែរ ដើម្បីយកកាំបិតនោះទៅថ្វាយស្ដេចខ្លួន ទុកជាអនុស្សាវរីយ៍ ។ ឯព្រះមហាក្សត្រខ្មែរ ទ្រង់បង្គាប់ឲ្យធ្វើស្រោមដាក់ រួចដាក់តម្កល់លើពានមាសទុកជាព្រះខាន់រាជ្យ ដោយតាំងឲ្យហៅថា “ព្រះកាំបិតស្ដាំ ៣ ព្រោះរកឃើញនៅខាងស្ដាំ ហើយទ្រង់ចាត់ឲ្យមានអ្នកថែរក្សាមើលការខុសត្រូវរហូតមក ។
ឯអ្នកថែរក្សានោះ ទ្រង់ឲ្យរើសយកតែហ្មដំរី ដែលចេះស្ទាត់ខាងពិធីរម្ងាប់ចង្រៃដំរីជាងហ្មឯទៀត ដូចជារម្ងាប់ព្រឹត្តិប្រកាំសម្រាប់ប្រើទាក់ដំរីជាដើម ។ ហ្មនោះ មានឈ្មោះហៅថា “ហ្មថាវ” (វចនានុក្រមខ្មែរ “ហ្មចាស់ទុំ ជាគ្រូ ឬជាអធិបតីអស់ហ្មដំរីក្នុងពួក ឬក្រុមមួយ”) មានគោរមងារជាព្រះសិទ្ធិពរ, មានហ្មពីរនាក់ទៀត គឺ ហ្មស្ដាំ និងហ្មឆ្វេង នៅអែបនឹងហ្មដំរីនោះ ។ ហ្មទាំង ៣ នាក់នេះ ត្រូវមានស័ក្ដិយសធំជាងហ្មទាំងពួង ថែមទាំងត្រូវថែរក្សាព្រះកាំបិតស្ដាំតវង្សត្រកូលផង គឺថែរក្សាតពីឪពុកទៅកូន ដរាបទៅ ។
ដល់មកក្នុងរជ្ជកាលស្ដេចគម្លង់ (ខ្លះថា រជ្ជកាលព្រះបាទជ័យវរ្ម័នទី ៧) មានក្សត្រីមួយអង្គ ជាបុត្រីតំណវង្សអំពីមុនមក មានរូបឆោមលោមពណ៌ល្អគួរជាទីគាប់ចិត្ត ។ ស្ដេចគម្លង់នោះ ចង់បាននាង តែនាងមិនព្រមស្រឡាញ់ ហើយភ័យខ្លាចក្រែងស្ដេចនោះធ្វើការមិនគប្បីមកលើរូបកាយនាង, នាងក៏នាំបរិវារចេញចាកទីកន្លែង ឆ្លងទន្លេសាបមកនៅឯស្រុកពោធិ៍សាត់ ។ នៅវេលាធ្វើដំណើរមកនោះ មានសេនាបតីម្នាក់ជាចក្រី និងលោកគ្រូចៅអធិការវត្តក្រពុំរត្ន ព្រះនាម កែង ព្រមទាំងបរិវារដទៃទៀតជាច្រើន ហែតាមមកជាមួយផង ។
មកដល់ភ្នំទម្លាយ ក៏នាំគ្នាតម្រង់ទៅភ្នំថ្មកែវ ។ មកដល់លើភ្នំនោះ ជាកន្លែងដាច់ស្រយាល ពិបាកនឹងរកទឹកផឹកណាស់ តែលោកចក្រីនោះឆ្លាត ក៏ចាត់ទាហានឲ្យដើររក ឃើញអណ្ដូងទឹកមួយ ក៏ប្រើឲ្យគ្របលាក់កុំឲ្យអ្នកណាមាត់ឲ្យសោះ អ្នកបម្រើដែលចេញទៅតាមបង្គាប់ព្រះនាង ក៏ត្រឡប់មកវិញទទេ ។ ស្រេកខ្លាំងណាស់ ព្រះនាងក៏បញ្ចេញវាចាថា “បើលោកអ្នកណារកទឹកឲ្យខ្ញុំផឹកបាន ខ្ញុំនឹងទទួលយកធ្វើប្ដី” ។ លោកមន្ត្រីឮដូច្នោះ មានសេចក្ដីត្រេកអរឥតឧបមា ដោយត្រូវតាមបំណងដែលខ្លួនបានគិតទុក ក៏ចេះតែធ្វើឫកអល់អែក រេរា ចាត់អ្នកនេះម្ដង អ្នកនោះម្ដង លុះតែនាងពោលពាក្យដដែលនោះគម្រប់ ៣ ដង យ៉ាងពេញវគ្គទើបមន្ត្រីនោះនាំពលសេនា ចេញទៅដងទឹកនោះមកថ្វាយព្រះនាង ហើយថ្លែងរៀបរាប់អំពីការដែលខ្លួនខំខ្នះខ្នែងរកទឹកមកថ្វាយឲ្យខាងតែបាន ។ អណ្ដូងថ្មនោះ អ្នកស្រុកសន្មតហៅថា “អណ្ដូងចក្រី” ជាប់រហូតមក ។ អណ្ដូងនោះ ស្ថិតនៅពាក់កណ្ដាលផ្លូវ ពីភូមិគំនម ទៅភូមិទំឡាយ ក្នុងឃុំខ្សាំង ស្រុកភ្នំក្រវាញ ។
តែតាមរឿងដំណាលថា លោកចក្រីនោះ ស្រឡាញ់ក្សត្រីនោះពុំបានទេ ព្រោះនាងដឹងកលល្បិចអាក្រក់ ក៏កើតសេចក្ដីគំនុំគុំកួន ទើបជាប់ជាភូមិមួយឈ្មោះថា “ភូមិគំនុំ” ហៅក្លាយៗ មកជាភូមិ “គំនម” វិញ ។ ឯភូមិទម្លាយ ដែលជាប់មកអំពីការដើរកាត់ព្រៃ ធ្លាយពីម្ខាងទៅម្ខាង គឺក្លាយទៅជា “ភូមិទំឡាយ ” វិញ ។
ចំណែកឯពួកហ្មថាវ ដែលព្រះបិតាព្រះនាងតែងតាំងឡើងនោះ ពុំបានទៅតាមព្រះនាងទេ តែនាំគ្នាទៅអាស្រ័យនៅនឹងភូមិផ្ទះស្ដៅ ភូមិត្រាញពង្រូល ឃុំរកាត ស្រុកភ្នំក្រវាញ ។
រាល់ … តែរវល់ខែពិសាខ ហ្មថាវតែងប្រជុំពួកហ្មទាំងឡាយ មកធ្វើពិធីហូតព្រះកាំបិតស្ដាំ ដើម្បីមើលហេតុភេទក្នុងនគរ ។
ឯព្រះកាំបិតស្ដាំនោះ ដំណឹងថា គេឥតទុកនៅលើផ្ទះហ្មថាវទេ គេធ្វើ អាស្រមមួយនៅទិសបូព៌ ឬនៅឦសានផ្ទះថ្មថាវ តម្កល់នៅជាយភូមិ ជាមួយនឹងរបស់ឯទៀតជាបរិវារមាន ត្រា ស្នែងសម្រាប់ផ្លុំ គឺស្នែងធំ ១ គូ, ស្នែងក្របីជំទើរ ១ គូ, ស្នែងក្របីស្ទាវ ១ គូ និងសំបកខ្យងហៀន ១ គូ, កាលណាគេរៀបគ្រឿងប្រដាប់បូជាស្រេចហើយ ទើបគេទៅនាំព្រះកាំបិតស្ដាំនោះមកតម្កល់ក្នុងរោងពិធី៕ចប់
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)
ដោយ៖ប្រាថ្នា