សៀមរាប ÷សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ នឹងអញ្ជើញជាអធិបតីបើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំ របស់សហគមន៍ The Olave Baden-Powell Society (OB-PS) លើកទី៤២ នៅសណ្ឋាគារសុខា សៀមរាប។
មហាសន្និបាតកាយឫទ្ធិនារីពិភពលោក គឺជាវេទិកាកំពូល និងជាអង្គភាពសម្រេចចិត្តខ្ពស់បំផុតរបស់សមាគមកាយឫទ្ធិនារីពិភពលោក (World Association of Girl Guides and Girl Scouts – WAGGGS) ដែលរៀបចំឡើងរៀងរាល់៣ឆ្នាំម្តង។
មហាសន្និបាតនេះប្រមូលផ្តុំថ្នាក់ដឹកនាំ និងប្រតិភូពីបណ្តាប្រទេស ជុំវិញសកលលោក ដើម្បីរួមគ្នាពិភាក្សា ពិនិត្យ និងអនុម័តគោលនយោបាយសំខាន់ៗ កំណត់ទិសដៅយុទ្ធសាស្ត្រ ព្រមទាំងពង្រឹងបណ្តាញសហប្រតិបត្តិការអន្តរជាតិ សម្រាប់ការអភិវឌ្ឍចលនា កាយឫទ្ធិនារី និងការផ្តល់អំណាចដល់កុមារី និងយុវតី។
ក្រោមប្រធានបទ “We See, We Care, We Act” ឬ “យើងឃើញ យើងយកចិត្តទុកដាក់ យើងរួមគ្នាធ្វើសកម្មភាព” តំណាងឱ្យទិសដៅសំខាន់នៃព្រឹត្តិការណ៍៖
We see ៖ យុវតីស្វែងយល់ រៀនសូត្រ និងត្រៀមខ្លួនសម្រាប់មហាសន្និបាត។
We care៖ សហគមន៍ OB-PS បង្ហាញការគាំទ្រ និងការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍកុមារី និងយុវតី។
We act ៖ ប្រតិភូពិភពលោករួមគ្នាពិភាក្សា សម្រេចចិត្ត និងកំណត់ទិសដៅអនាគត ដើម្បីបង្កើតការផ្លាស់ប្តូរជាវិជ្ជមាន។
សម្រាប់កម្ពុជា ព្រឹត្តិការណ៍នេះ មិនមែនត្រឹមតែជាកិច្ចប្រជុំអន្តរជាតិនោះទេ ប៉ុន្តែជាឱកាសដ៏មានតម្លៃក្នុងការចែករំលែកទៅកាន់មិត្តអន្តរជាតិនូវបដិសណ្ឋារកិច្ចដ៏កក់ក្តៅពីប្រជាជនកម្ពុជា សោភ័ណភាពនៃសៀមរាប អង្គរ វប្បធម៌ បេតិកភណ្ឌខ្មែរ និងសមត្ថភាព របស់កម្ពុជា ក្នុងការទទួលរៀបចំព្រឹត្តិការណ៍អន្តរជាតិ ប្រកបដោយសេចក្តីថ្លៃថ្នូរ សុវត្ថិភាព និងវិជ្ជាជីវៈ។ ជាពិសេស កម្មវិធី រាត្រីកម្ពុជា (Cambodia Night) នឹងបង្ហាញពីសិល្បៈ ប្រពៃណី ម្ហូបអាហារ វប្បធម៌ មិត្តភាព និងបេះដូងដ៏កក់ក្តៅរបស់កម្ពុជា។ សមាគមកាយឫទ្ធិនារីកម្ពុជា សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ ភ្ញៀវកិត្តិយស មិត្តអន្តរជាតិ និងដៃគូទាំងអស់ ដែលនឹងអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា។ កម្ពុជាស្វាគមន៍ពិភពលោក ដោយភាពកក់ក្តៅ វប្បធម៌ មិត្តភាព និងការប្តេជ្ញាចិត្តរួម ក្នុងការលើកកម្ពស់ក្មេងស្រី និងយុវតី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច