ភ្នំពេញ៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា៖ ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស។ ក្នុងរយៈពេល៣សប្តាហ៍ នៃខែមិថុនា ឆ្នាំ២០២០ មានចំនួនសរុប ៤៥២,៦៩២ នាក់ កើនឡើង ៧.២៤% ធៀបនឹងរយៈពេល៣សប្តាហ៍ នៃខែឧសភា កន្លងមក។
លោករដ្ឋមន្ត្រីបានបន្តថា ក្នុងចំណោមភ្ញៀវទាំងនោះមានជាតិចំនួន ៤៤១,៣៩៧ នាក់ កើនឡើង ៦.៦១% និងភ្ញៀវបរទេសមានចំនួន ១,២៩៥ នាក់ កើនឡើង ៣៩.៣៤%។
លោកបានបន្តទៀតថា ខេត្តតំបន់ឆ្នេរ (ពិសេសខេត្តកំពត និងកែប) នៅតែជាគោលដៅទេសចរណ៍សំខាន់ដែលបានទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុងច្រើន (ជិត ៥០% នៃទេសចរផ្ទៃក្នុងសរុប)។ ចំណែកឯខេត្តសៀមរាប ក៏នៅតែបន្តបង្ហាញសញ្ញានៃការងើបឡើងជាបណ្តើរៗ ខណៈមូលដ្ឋានអាជីវកម្មទេសចរណ៍មួយចំនួន ពិសេសសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន បានបើកដំណើរការអាជីវកម្មឡើងវិញជាធម្មតា។
ជាមួយការបន្តងើបឡើងវិញនូវចលនាទេសចរណ៍ផ្ទៃក្នុងនេះ ក្រសួងទេសចរណ៍បានពង្រឹងកិច្ចសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ក្នុងការជំរុញអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្ម ៦ ប្រភេទ ដើម្បីទប់ស្តាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលរួមមានសេវាស្នាក់នៅ ភោជនីយដ្ឋាន ការដឹកជញ្ជូនទេសចរណ៍ផ្លូវគោក ការដឹកជញ្ជូនទេសចរណ៍ផ្លូវទឹក រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍៕
ដោយ៖សិលា