ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក​ ៖​ បណ្តាប្រទេសក្នុងតំបន់ដូចជា ៖​ ថៃ កម្ពុជា វៀតណាម ឡាវ មីយ៉ាន់ម៉ា និងប្រទេសហ្វីលីពីន កម្រិតបរិមាណ​ទឹកភ្លៀងធ្លាក់មកមានការថមថយចុះ

ចែករំលែក៖

ភ្នំពេញ​ ៖ ក្រុមអ្នក​ព្យាករក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​នៅថ្ងៃទី៨​ ខែកក្កដា ឆ្នាំ ២០២០នេះចេញសេចក្តីជូនដំណឹងអំពី
ស្ថានភាពអាកាសធាតុ (កូនរដូវប្រាំង)​បន្ទាប់ពីបានធ្វើការតាមដាន ការវិវត្តន៍​ស្ថានភាពអាកាសធាតុជាបន្តបន្ទាប់ ជាលក្ខណៈសកល និងតំបន់បាន​បង្ហាញថា នៅក្នុងខែកក្កដានេះ (ចាប់ពីពាក់កណ្តាលខែរហូតដល់ចុងខែ)សម្ពាធខ្ពស់បាននិងកំពុងបង្កើនឥទ្ធិពលមកលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ។

ក្រុមអ្នក​ព្យាករក្រសួង​ធនធាន​ទឹក​បាន​បញ្ជាក់ថា​ ការវិវត្តន៍កូនរដូវប្រាំងធ្វើឲ្យបណ្តាប្រទេសក្នុងតំបន់ដូចជា ៖​ ថៃ កម្ពុជា វៀតណាម ឡាវ មីយ៉ាន់ម៉ា និងប្រទេសហ្វីលីពីន កម្រិតបរិមាណ​ទឹកភ្លៀងធ្លាក់មកមានការថមថយចុះ ។

ដោយឡែកសម្រាប់ព្រះរាជាណាចក្រកម្ពុជា ស្ថានភាពនេះ ក្រសួងក៏បានជម្រាបជូនដំណឹងម្តងរួចមកហើយ តាមរយៈការព្យាករអាកាសធាតុលើកទី ២ សម្រាប់ឆ្នាំ២០២០ នឹងមានកូនរដូវ​ ប្រាំងកើតឡើងចាប់ពីពាក់កណ្តាលខែកក្កដា រហូតដល់ដំណាច់ខែកក្កដា ឆ្នាំ ២០២០។​ បន្ទាប់ពីនោះ ស្ថានភាពអាកាសធាតុនឹងត្រឡប់មកប្រក្រតីឡើងវិញដោយភ្លៀងក៏នឹងអាចធ្លាក់​រាយប៉ាយបានល្អលើផ្ទៃប្រទេស ជាមួយនឹងបរិមាណទឹកភ្លៀងពីមធ្យមទៅច្រើន ក្នុងនោះក៏នឹងអាច​ បណ្តាលឲ្យខេត្តមួយចំនួន ដែលមានភូមិសាស្ត្រ​នៅទីទំនាបជាប់ក្បែរតំបន់ជួរភ្នំ តំបន់ខ្ពង់រាបតំបន់ជាប់ផ្លូវទឹក និងតំបន់មាត់សមុទ្រ ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង ដែល​បណ្តាលមកពីការធ្លាក់ភ្លៀងច្រើនលើសលប់ផងដែរ ។

ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដល់សាធារណជន ពិសេសបងប្អូនប្រជាកសិករបានជ្រាបជាព័ត៌មាន និងមានការយកចិត្តទុក​ដាក់​ក្នុងការថែរក្សា និងប្រើប្រាស់ទឹកឲ្យបានល្អ សម្រាប់ជីវភាពប្រចាំថ្ងៃ ក៏ដូចជាការងារបង្កបង្កើនផល ៕​ ដោយ​ ៖​ សុខខេមរា​


ចែករំលែក៖