ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីប្រេស៊ីលរងការប្តឹង​ ដោយសារតែខ្លួនឆ្លងកូ​វីដ-១៩ ហើយនៅតែដោះម៉ាស់ក្នុងសន្និសីទកាសែត

ចែករំលែក៖

ប្រទេសប្រេសុីល៖ សមាគមសារព័ត៌មានប្រេស៊ីល (ABI) បានប្រកាសឲ្យដឹងថា ខ្លួនបានដាក់ពាក្យបណ្តឹង ប្តឹងប្រធានាធិបតីJair Bolsonaro ឡើងទៅកាន់តុលាការជាន់ខ្ពស់​​ប្រេស៊ីល​ ពីបទមានចេតនាចម្លងកូវីដ-១៩ ទៅឲ្យបុគ្គលិកផ្សេងទៀត ដោយសារតែការមិនពាក់ម៉ាស់ ទោះបីដឹងថាខ្លួនផ្ទុកកូវីដ-១៩ក៏ដោយ។
សមាគមសារព័ត៌មានបានចោទប្រកាន់ប្រធានាធិបតី​Jair Bolsonaro ថាមិនគោរព​ច្បាប់ សុវត្ថិភាព​ និងការពារសុខភាពដល់ក្រុមអ្នកសារព័ត៌មាន ដោយដោះម៉ាស់ចេញក្នុងពេលធ្វើសន្និសីទកាសែត​ ក្នុងទីក្រុង Brasília កាលពីថ្ងៃទី​៧ ខែកក្កដាកន្លងទៅ ជាពេលវេលាដែលលោកប្រកាសថា ខ្លួនវិជ្ជមានចំពោះកូវីដ​-១៩​។
សមាគមសារព័ត៌មានប្រេស៊ីល (ABI) បានចោទប្រកាន់ប្រធានាធិបតី​បង្កគ្រោះថ្នាក់ដល់អាយុជីវិត​អ្នកសារព័ត៌មាននៅក្នុងសន្និសីទកាសែត។ ក្រោយសន្និសីទកាសែតតំណាងរាស្ត្រMarcelo Freixo បានបង្ហោះសារនៅលើបណ្តាញសង្គមថា​ លោកបានដាក់ពាក្យ បណ្តឹង​ប្តឹងប្រធានាធិបតី​ដែលបានបំពានច្បាប់ មាត្រា១៣១ និង​១៣២ នៃច្បាប់ព្រហ្មទណ្ឌ​ ដែលដោះម៉ាស់ចេញនៅក្នុងពេលធ្វើសន្និសីទកាសែត។
នៅពេលនេះបណ្តារដ្ឋមន្ត្រីទាំងអស់ និងអ្នកធ្វើការជិតស្និទ្ធជាមួយប្រធានាធិបតី ត្រូវបានធ្វើតេស្ត ស្វែងរកកូវីដ-១៩ ក្រោយពីប្រធានាធិបតីបានឆ្លង។ ​បច្ចុប្បន្នប្រេស៊ីល មានករណីឆ្លងកូវីដ-១៩​កើនឡើងជាង​១,៧លាននាក់​និងស្លាប់៦៨ពាន់នាក់ ឈរលំដាប់ទីពីរ​បន្ទាប់ពីអាមេរិក៕ដោយ៖ធី រីណា


ចែករំលែក៖