ភ្នំពេញ៖បន្ទាប់ពីរដ្ឋាភិបានសម្រេចឲ្យរោងភាពយន្តទំនើបទាំងអស់នៅភ្នំពេញអាចដំណើរការចាក់បញ្ចាំងភាពយន្តឡើងវិញបាននោះភាពយន្តបែបមនោសញ្ចេតនារបស់ផលិតកម្ម LD Pictureរឿង”ស្នាមញញឹមចុងក្រោយ” ក្លាយជាភាពយន្តខ្មែរដំបូងគេត្រូវចាក់បញ្ចាំងចាប់ពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះ។
រឿង”ស្នាមញញឹមចុងក្រោយ”សម្ដែងដោយតារាសម្តែងជាច្រើនដូចជាលោក លឹម ជាឡាយ លោក ជា សុវណ្ណនរាហ៍ កញ្ញា អេឡា និងតារាសម្ដែងល្បីៗជាច្រើនទៀត។ក្រោយពីទន្ទឹងរងចាំអស់ រយៈពេល៤ខែមកនេះផលិតករសិល្បករបានបង្ហាញភាពរីករាយសាទរពីការប្រកាសអនុញាតិឲ្យរោងភាពយន្តអាចដំណើរការឡើងវិញបាន។ រោងភាពយន្តបានក្លាយជាទីផ្សារសំខាន់មួយក្នុងចំណោមទីផ្សារសំខាន់សម្រាប់ពួកគេ។
លោក លៀក លីណា អ្នកចាត់ការទូទៅរបស់ផលិតកម្ម LD Picture បានបង្ហាញពីភាពសប្បាយរីករាយ និងការសាទរ បន្ទាប់ពីរោងភាពយន្តចាប់ដំណើរការឡើងវិញ។ ជាពិសេសស្នាដៃរបស់ផលិតកម្មខ្លួនដំបូងគេដែលត្រូវចាក់បញ្ចាំងនៅតាមរោងភាពយន្តនានាក្នុងរាជធានីភ្នំពេញ។លោកបានបញ្ជាក់ថា៖”តាមរយៈចំណាត់ការរបស់រោងភាពយន្ត និងការយកចិត្តទុកដាក់ពីក្រសួងវប្បធម៌ ទស្សនិកជននឹងមានសុវត្ថិភាព ដោយគ្មានអ្វីចោទជាបញ្ហាទេចំពោះស្នាដៃរបស់យើងចាក់បញ្ចាំងមុនគេនេះ”។អ្នកចាត់ការទូទៅរូបនេះ បន្តថាទោះជារោងភាពយន្តទើបដំណើរការឡើងវិញ ហើយរឿងរបស់ខ្លួនត្រូវចាក់បញ្ចាំងមុនគេក្ដី តែលោកមិនបារម្ភពីទីផ្សារអ្នកទស្សនានោះទេ។ មិនបារម្ភព្រោះតែមុនចាក់បញ្ចាំងផលិតកម្ម និងរោងភាពយន្តនានាបានផ្សព្វផ្សាយផុសផុលអស់ទៅហើយពីស្នាដៃមួយនេះ ហើយលោករំពឹងថាទស្សនិកជននឹងនាំគ្នាទៅគាំទ្រសម្រាប់ស្នាដៃដំបូងគេនៃការបើកដំណើរការរោងភាពយន្តឡើងវិញនេះ។ទោះជាបង្ហាញក្ដីរំពឹងយ៉ាងណាក្ដីលោក លៀក លីណា ស្នើរឱ្យម្ចាស់រោងភាពយន្តនានាគួរតែបន្ថែមម៉ោងផ្សាយឱ្យបានច្រើនសម្រាប់ភាពយន្តក្នុងស្រុក ព្រោះតែជំងឺកូវីដ១៩នេះ រោងភាពយន្តនឹងកំណត់ចំនួនកៅអីនៃការគម្លាតរបស់អ្នកទស្សនា។ ប្រការបែបនេះហើយ បើរោងភាពយន្តបន្ថែមម៉ោងបញ្ចាំងឱ្យបានច្រើនសម្រាប់ផលិតករ គឺជារឿងដ៏ប្រសើរបំផុត៕
ដោយ៖វឌ្ឍនា