អន្តរជាតិ៖ ដោយសារការរាតត្បាតជាសាកលនៃវីរុសកូរ៉ូណា បានធ្វើឲ្យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកធ្លាក់ចុះ៩,៥%ពីខែមេសាដល់ខែមិថុនា ដែលជាការចុះថយប្រចាំត្រីមាសខ្លាំងបំផុតក្នុងពេល៧ទសវត្សរ៍។ នេះបើតាមការអះអាងពី រដ្ឋាភិបាលអាមេរិកបានប្រកាសឲ្យដឹងកាលពីថ្ងៃទី៣០ ខែកក្កដាកន្លងទៅថ្មីៗនេះ ។ ខណៈការចុះថយសេដ្ឋកិច្ចក្នុងត្រីមាសទីពីរ បាននាំឱ្យមានការធ្លាក់ចុះឆ្នាំដល់៣២,៩% សម្រាប់រយៈពេលមួយឆ្នាំ។
បើតាមក្រសួងការងារសហរដ្ឋអាមេរិកបានរាយការណ៍ថា កាលពីសប្តាហ៍ទីបីនៃខែកក្កដា មានអ្នកធ្វើការ១លាន៤សែននាក់ទៀតបានដាក់ពាក្យសុំប្រាក់ជំនួយនៅពេលគ្មានការងារធ្វើដែលជាល្បឿននៃការដាក់ពាក្យសុំប្រាក់ជំនួយនៅពេលគ្មានការងារធ្វើនៅពេលនេះនិងច្រើនអាទិត្យមកហើយ។ អ្នកធ្វើការប្រមាណ ១៧លាននាក់នៅតែមិនទាន់មានការងារធ្វើ ហើយចាប់តាំងពីខែមីនាមក មានមនុស្ស៥៣លាន៨សែននាក់បានទទួលប្រាក់ធានារ៉ាប់រងនៅពេលគ្មានការងារធ្វើ។ ផលប៉ះពាល់ខាងសេដ្ឋកិច្ចដោយសារវីរុសនេះនៅតែមិនថមថយទេ ។
ចំណែកក្រសួងពាណិជ្ជកម្មបានរាយការណ៍ ការចុះថយចំនួនបីខែនេះ រួមផ្សំជាមួយការធ្លាក់ចុះ៤,៨%ពីខែមករាដល់ខែមីនាបានដាក់សេដ្ឋកិច្ចធំបំផុតក្នុងពិភពលោកនេះក្នុងដំណើរធ្លាក់ចុះនៃសេដ្ឋកិច្ចនៅពេលប្រទេសអាមេរិកតស៊ូដើម្បីធ្វើឱ្យសេដ្ឋកិច្ចរើបឡើងវិញ។ ការរាតត្បាតជាសាកលនេះជំងឺនេះមិនទាន់បានត្រូវបង្ក្រាបនៅឡើយ។ ករណីអ្នកឆ្លងជំងឺថ្មីកំពុងកើនឡើង។ជនជាតិអាមេរិកាំងស្លាប់អស់ជាង១សែន៥ម៉ឺននាក់ ហើយចំនួនអ្នកឆ្លងជំងឺនេះកើនដល់ជាង៤លាន៤សែននាក់ហើយ។
ដោយឡែកលោក Jerome Powell ប្រធានធនាគារកណ្តាលសហរដ្ឋអាមេរិកបានមានប្រសាសន៍កាលពីថ្ងៃពុធ ទី២៩ ខែកក្កដាថា កំណើនថ្មីនៃការឆ្លងវីរុសកូរ៉ូណាដាក់ឱ្យមានការគំរាមកំហែងថ្មីៗដល់សេដ្ឋកិច្ច។ អ្នកធ្វើការរាប់លាននាក់បានវិលត្រឡប់ទៅធ្វើការវិញ ក៏ប៉ុន្តែនិយោជករាប់ពាន់នាក់នៅតែបញ្ឈប់អ្នកធ្វើការមិនឱ្យធ្វើការតទៅទៀតឬបានផ្អាកការបើកធ្វើធុរកិច្ចជាថ្មីនៅពេលវីរុសកូរ៉ូណាកំពុងរាលដាលជាពិសេសនៅក្នុងរដ្ឋធំៗដូចជារដ្ឋFlorida Texas និងរដ្ឋ California ជាដើម។ លោក Jerome Powell បានមានប្រសាសន៍ទៀតថា៖ «ទិន្នន័យទំនងបង្ហាញអំពីល្បឿនយឺតនៃការរើបឡើងវិញ។ ខ្ញុំចង់គូសបញ្ជាក់ថាជាការឆាប់ពេកដែលនិយាយអំពីទំហំនៃការរើបសេដ្ឋកិច្ចនិងអំពីថាតើការរើបនេះនឹងមានរយៈពេលត្រឹមណា»។
ប្រធានធនាគារកណ្តាលសហរដ្ឋអាមេរិករូបនេះ បន្តថា វិធានការខ្លះនៃចំណាយរបស់ក្រុមអ្នកប្រើប្រាស់គ្រឿងឧបភោគបរិភោគដូចជាការប្រើបណ្ណកាត់ប្រាក់ពីគណនេយ្យធនាគារនិងបណ្ណឥណទានបានចុះថយចាប់តាំងពីចុងខែមិថុនានៅពេលការឆ្លងវីរុសកូរ៉ូណាបានកើនឡើងច្រើន បន្ទាប់ពីមានការបើកសេដ្ឋកិច្ចឡើងវិញកាលពីប៉ុន្មានសប្តាហ៍មុនពេលនោះ។ នេះជាសញ្ញាបញ្ជាក់អំពីផ្សារការងារបង្ហាញថាមានកំណើនការងារយឺតៗហើយអត្រាភ្ញៀវស្នាក់ក្នុងសណ្ឋាគារមានតិច។ លោកបានថ្លែងថា ពលរដ្ឋអាមេរិកាំងមិនទៅភោជនីយដ្ឋាន កន្លែងចាក់សាំង និងហាងធ្វើសក់យ៉ាងញឹកញយដូចដែលពួកគេបានធ្វើកាលពីដើមរដូវក្តៅនោះទេ។ ចំណែកឯការរើបសេដ្ឋកិច្ចពេញលេញអាស្រ័យលើសមត្ថភាពរបស់ប្រទេសក្នុងការគ្រប់គ្រងវីរុសកូរ៉ូណាដែលរហូតមកដល់ពេលនេះអាជ្ញាធរអាមេរិកាំងមិនទាន់អាចធ្វើបាននៅឡើយទេ។
លោក Jerome Powell បានមានប្រសាសន៍នៅក្នុងសន្និសិទកាសែតមួយថា៖ «ការរើបសេដ្ឋកិច្ចពេញលេញមិនទំនងជានឹងមានទេរហូតដល់ពេលណាពលរដ្ឋមានការទុកចិត្តថាមានសុវត្ថិភាពក្នុងការចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ចដោយទូលំទូលាយ»។
សូមជម្រាថា មន្ត្រីសេដ្ឋកិច្ចសហរដ្ឋអាមេរិកសំខាន់ៗក៏បានទស្សន៍ទាយថាការរើបសេដ្ឋកិច្ចពេញលេញរបស់ប្រទេសអាមេរិកពីការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩នឹងត្រូវការពេលយូរគឺរហូតដល់ឆ្នាំ២០២១។ ដោយឡែកធនាគារកណ្តាលអាមេរិកបានទស្សន៍ទាយថា ការគ្មានការងារធ្វើក្នុងសហរដ្ឋអាមេរិកនឹងល្អប្រសើរជាងមុន គឺមានចំនួន ៩,៣%នៅដំណាច់ឆ្នាំ២០២០និងធ្លាក់មកនៅចំនួន ៦,៥%នៅដំណាច់ឆ្នាំក្រោយ៕ដោយ៖សតារា