អន្តរជាតិ៖ នារសៀលថ្ងៃសៅរ៍ ទី០៨ ខែសីហា ឆ្នាំ២០២០នេះទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ បានដកស្រង់សម្តីលោក លូ ហ៊ុយនីង (Luo Huining) ប្រធានការិយាល័យតំណាងរដ្ឋាភិបាលចិន ប្រចាំនៅទីក្រុងហុងកុង ដោយអះអាងថា ខ្លួនលោកគ្មានទ្រព្យសម្បត្តិតម្កល់ទុកនៅក្នុងសហរដ្ឋអាមេរិកឡើយ ដូច្នេះទណ្ឌកម្មពីសំណាក់អាមេរិក គឺឥតប្រយោជន៍នោះឡើយ ។
លោកប្រធានការិយាល័យតំណាងរដ្ឋាភិបាលចិនរូបនេះ បានលើកឡើងឆ្លើយតបនឹងទណ្ឌកម្ម ដែលត្រូវបានប្រកាសចេញដោយក្រសួងរតនាគារជាតិអាមេរិកយ៉ាងដូច្នេះថា «នៅពេលដែលខ្ញុំត្រូវបានចុះទៅក្នុងបញ្ជីទណ្ឌកម្មនៃសហរដ្ឋអាមេរិក នោះវាមានន័យថា ខ្ញុំបានធ្វើអ្វីដែលខ្ញុំគួរធ្វើសម្រាប់ប្រទេសរបស់ខ្ញុំ និងទីក្រុងហុងកុងហើយ។ ខ្ញុំគ្មានទ្រព្យសម្បត្តិសូម្បីតែមួយកាក់មួយសេននៅបរទេស។ តើវាមិនមែនជាការខិតខំប្រឹងប្រែងដាក់ទណ្ឌកម្ម ដោយខ្ជះខ្ជាយទេឬ?»។
សូមជម្រាបថា នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) សហរដ្ឋអាមេរិក បានសម្រេចចិត្តដាក់ទណ្ឌកម្មលើអភិបាលទីក្រុងហុងកុងលោកស្រី ខារី ឡាំ (Carrie Lam) និងមន្ត្រីក្រោមឱវាទមួយចំនួនទៀត ពីបទបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សិទ្ធិសេរីភាពផ្នែកនយោបាយ នៃប្រជាជនរស់នៅលើទឹកដី ទីក្រុងស្វយ័តរបស់ចិនមួយនេះ។
គួរបញ្ជាក់ថា ការកត់ឈ្មោះថ្នាក់ដឹកនាំកំពូលៗរបស់ហុងកុង ខាងលើនេះចូលទៅក្នុងបញ្ជីខ្មៅបានកើតមានឡើងក្រោយពីប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ កាលពីថ្ងៃខែកក្កដាកន្លងទៅនេះ បានចេញបទបញ្ជាប្រតិបត្តិមួយ ដើម្បីដាក់ទណ្ឌកម្មចិនដែលបានបញ្ចេញច្បាប់សន្តិសុខជាតិថ្មី និងដាក់ឲ្យអនុវត្តជាផ្លូវការលើទីក្រុងស្វយ័តមួយនេះ។
ដោយឡែកបើតាមប្រភពពីសេតវិមានអាមេរិកវិញ មេដឹកនាំហុងកុងលោកស្រី ខារី ឡាំ, អគ្គស្នងការប៉ូលីសហុងកុងលោក គ្រីស ថាំង(Chris Tang) ព្រមទាំងមន្ត្រីសន្តិសុខ និងយុត្តិធម៌ជាន់ខ្ពស់នៅទីក្រុងនេះ ត្រូវបានបង្កកទ្រព្យសម្បត្តិដែលពួកគេមាន ទាំងអស់នៅក្នុងសហរដ្ឋអាមេរិក ហើយជនជាតិអាមេរិកាំងនានា មិនអាចធ្វើទំនាក់ទំនងពាណិជ្ជកម្មជាមួយមន្ត្រីហុងកុងទាំងអស់នេះបានទៀតឡើយ៕ដោយ៖ស តារា