ព័ត៌មានទាន់ហេតុការណ៍៖

អ្នកជំនាញខាងតំបន់អាស៊ីអាគ្នេយ៍ អះអាងថា៖ ប្រទេសតូចៗមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ នឹងឈរខាងសហរដ្ឋអាមេរិកប្រឆាំងនឹងចិន បើសិនសង្រ្គាមផ្ទុះឡើង

ចែករំលែក៖

អន្តរជាតិ៖ បើយោងតាមអ្នកជំនាញខាងតំបន់អាស៊ីអាគ្នេយ៍មកពីវិទ្យាសា្ថនក្រុមប្រឹក្សាទំនាក់ទំនងការបរទេស (Council on Foreign Relations) គឺលោក Joshua Kurlantzick បានយល់ឃើញថា៖ ខណៈដែលភាពតានតឹង និងការប្រកួតប្រជែងដណ្ដើមឥទ្ធិពលគ្នារវាងសហរដ្ឋអាមេរិក និងចិន កាន់តែមានសភាពពុះកញ្រ្ជោលឡើង ដោយបង្កឱ្យអ្នកជំនាញខ្លះបារម្ភខា្លចក្រែង ជម្លោះប្រដាប់អាវុធ ឬសង្គ្រាមអាចនឹងផ្ទុះឡើងដោយជៀសមិនរួចនៅថ្ងៃណាមួយ ហើយអាចនឹងបង្ខំឱ្យប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ត្រូវសម្រេចចិត្តជ្រើសរើសថាត្រូវឈរនៅ ខាងចិន ឬសហរដ្ឋអាមេរិក។ នេះបើយោងតាមប្រភពព័ត៌មានពី South China Morning Post បានចេញផ្សាយ

អ្នកជំនាញខាងតំបន់អាស៊ីអាគ្នេយ៍រូបនេះ បានបញ្ជាក់ថា បើសិនជាសង្រ្គាមរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ផ្ទុះឡើងដោយជៀសមិនរួចនោះ គឺបណ្ដាប្រទេសតូចៗ ជាពិសេសប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ មានដូចជា៖ថៃ ហ្វីលីពីន ម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូណេស៊ី នឹងពិបាកក្នុងការរក្សាជំហរអព្យាក្រឹត ដោយសារតែទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្ររបស់ពួកគេស្ថិតនៅចំចំណុចកណ្ដាលនៃការប្រជែងឥទ្ធិពលរវាងអាមេរិក និងចិន ។ហើយវាជាការពិតណាស់ លទ្ធភាពនៃការផ្ទុះសង្រ្គាមរវាងសហរដ្ឋអាមេរិក និងចិន ត្រូវបានមជ្ឈដ្ឋានភាគច្រើនយល់ថាវាមិនអាចកើតឡើងក្នុងពេលបច្ចុប្បន្ន ឬអនាគតដ៏ខ្លីខាងមុខ។

បន្ថែមពីនេះ លោក Joshua Kurlantzick បានគូសបញ្ជាក់ថា៖ ប្រទេសម៉ាឡេស៊ី, ហ្វីលីពីន និងឥណ្ឌូណេស៊ី ដែលកំពុងមានជម្លោះដែនទឹកស្រាប់ជាមួយចិន អាចនឹងស្នើសុំអន្តរាគមន៍ពីសហរដ្ឋអាមេរិក ក្នុងករណីមើលឃើញថាផលប្រយោជន៍តាមផ្លូវចរចារបស់ពួកគេរងការគំរាមកំហែងពីចិន។ ចំណែកឯ សិង្ហបុរី និងថៃ រួមទាំងបណ្ដាប្រទេសដទៃក្នុងតំបន់ ដំបូងអាចនឹងប្រកាសជំហរអព្យាក្រឹត គឺអាស្រ័យទៅលើហេតុផលនៃការផ្ទុះសង្រ្គាម និងទំហំនៃផលប៉ះពាល់ដល់ផលប្រយោជន៍របស់ពួកគេ។

គួរបញ្ជាក់ផងដែរថា នៅក្នុងន័យខាងលើនេះ លោក Joshua Kurlantzick ពន្យល់ថាប្រទេសទាំងនេះនឹងរង់ចាំមើលសិន ថាតើសង្រ្គាមនឹងផ្ទុះឡើងតែនៅក្នុងតំបន់សមុទ្រចិនខាងត្បូង ឬក៏យ៉ាងណា? ហើយបើសង្រ្គាមរាលដាលកាន់តែធំរហូតដល់ប៉ះពាល់ដល់ប្រយោជន៍ ឬដែនទឹករបស់ខ្លួន នោះពួកគេអាចនឹងឈរនៅខាងសហរដ្ឋអាមេរិក ដោយសារតែកិច្ចព្រមព្រៀង ឬសន្ធិសញ្ញាសម្ព័ន្ធមិត្តដែលមានស្រាប់ជាមួយទីក្រុងវ៉ាស៊ីនតោន។

យ៉ាងណាមិញ ជុំវិញបញ្ហានេះផ្ទុយពីលោក Joshua Kurlantzick អ្នកជំនាញយោធាម្នាក់ទៀត គឺលោក Max Montero យល់ថាទាំងសហរដ្ឋអាមេរិក និងចិន ដឹងយ៉ាងច្បាស់ពីទំហំខូចខាតនៃសង្រ្គាម ដូច្នេះមហាអំណាចទាំង២ អាចនឹងរកមធ្យោបាយបន្ធូរបន្ថយភាពតានតឹងក្នុងពេលឆាប់ៗនេះ ពីព្រោះជម្លោះ ឬភាពតានតឹងបច្ចុប្បន្នគ្រាន់តែជាផលប្រយោជន៍នយោបាយតែប៉ុណ្ណោះ។

មិនតែប៉ុណ្ណោះលោក Max Montero បានសង្កត់ធ្ងន់ថា៖ «ខណៈការបោះឆ្នោតប្រធានាធិបតីកាន់តែខិតជិតចូលមកដល់ លោកប្រធានាធិបតីដូណាល់ ត្រាំ កំពុងប្រើប្រាស់ភាពតានតឹងជាមួយចិន ដើម្បី ប្រយោជន៍នយោបាយរបស់លោក។ ចំណែកឯ ប្រធានាធិបតីចិន លោក ស៊ីជិងពីងវិញក៏ដូចគ្នាដែរ គឺលោកកំពុងប្រើប្រាស់ការប្រឈមមុខដាក់គ្នាជាមួយអាមេរិកដើម្បីបង្វែរ ការចាប់អារម្មណ៍ពីប្រជាជនចិន ពីបញ្ហាសេដ្ឋកិច្ច ព្រមទាំងបង្រ្កាបគំនិតប្រឆាំងនឹងរូបលោក នៅក្នុងគណបក្សកុម្មុយនិស្ដចិន»

ដោយ៖ស តារា


ចែករំលែក៖