ភ្នំពេញ៖ បើយោងតាមប្រភពពីសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យបេតិកភណ្ឌ បានបញ្ជាក់ឱ្យដឹងថា៖ តាមសិលាចារឹក ប្រាសាទភិមានអាកាស មានឈ្មោះថា ហេមស្រឹង្គគិរី ត្រូវបានស្ថាបនាដំបូងនៅដើមសតវត្សទី១០ ក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ ដោយកម្រតាញស្រីសត្យាស្រ័យរវាងឆ្នាំ៩១០ ហើយបន្តកសាងក្នុងរាជ្យក្រោយៗទៀត។
ប្រាសាទភិមាអាកាស ស្ថិតនៅក្នុងភូមិនគរក្រៅ ឃុំគោកចក ស្រុកនគរធំ ខេត្តសៀមរាប។
ប្រាសាទនេះ ជាព្រះបរមរាជវាំងរបស់ព្រះរាជាច្រើនជំនាន់ រួមមានព្រះបាទរាជេន្ទ្រវរ្ម័នទី២ ពាក់កណ្ដាលស.វ.ទី១០, ព្រះបាទជ័យវរ្ម័នទី៥ ចុងសតវត្សទី១០ និងព្រះបាទសូរ្យវរ្ម័នទី១ដើមសតវត្សទី១១ជាដើម។ ទ្រង់បានយកប្រាសាទហេមស្រិង្គគិរី ធ្វើជាប្រាសាទសម្រាប់រាជ្យ និងសម្រាប់ការគោរពបូជាដល់អាទិទេព។
តាមកំណត់ត្រារបស់អ្នកការទូតចិន ជីវ តាក្វាន់ ហេមស្រឹង្គគិរី ផែដោយមាសភ្លឺចាំងចិញ្ចែងចិញ្ចាចអស្ចារ្យក្រៃលែង និងមានរឿងដំណាលមួយថារាល់រាត្រី ព្រះរាជា ត្រូវយាងចូលទៅក្នុងប្រាង្គមាសនោះ ដើម្បីជួបនឹងនាគក្បាលប្រាំបួន ដែលកាឡាខ្លួនជាស្រីស្អាតម្នាក់ មុននឹងយាងចូលក្រឡាបន្ទំជាមួយអគ្គមហេសី បើព្រះរាជាអវត្តមាន ឬនាងនាគពុំបង្ហាញខ្លួន គេជឿថា នឹងមានគ្រោះអាក្រក់កើតឡើង។
ប្រាសាទភិមានអាកាស កសាងពីថ្មភក់ មានទម្រង់ជាប្រាសាទភ្នំ នៅលើគ្រឹះថ្មបាយក្រៀមបីជាន់។ គ្រឹះថ្មបាយក្រៀមទាំងពីរជាន់ មានរាងបួនជ្រុងទ្រវែង ហើយមួយជាន់ៗ មានកម្ពស់៤ម៉ែត្រ និងមានជណ្ដើរគ្រប់ទិសទាំងបួន។ ជាន់ក្រោមបង្អស់ មានទទឹងជើង-ត្បូង ប្រវែង២៨ម៉ែត្រ និងបណ្ដោយកើត-លិច ប្រវែង៣៥ម៉ែត្រ។ នៅអមសងខាងជណ្ដើរឡើង ត្រង់មុំជ្រើងគ្រឹះទាំងបីជាន់ មានចម្លាក់រូបសិង្ហ និងរូបដំរី។
តាមរយៈគម្រោងស្រាវជ្រាវបុរាណវិទ្យា MoDaThom របស់សាលាបារាំងចុងបូព៌ា កាលពីពេលថ្មីៗ បានប្រទះឃើញ ដើមធ្លក និងគ្រាប់ធ្លក កប់នៅក្រោមគ្រឹះប្រាសាទ និងសំណល់ផ្សេងៗទៀត ដែលបញ្ជាក់បានថា ទីនេះ ទំនងជាព្រះបរមរាជវាំងតាំងពីសតវត្សទី៩ ដោយរាជវាំងដំបូងកសាងពីឈើ ប្រក់ក្បឿង ហើយបន្តរៀបចំពីក្សត្រមួយអង្គទៅមួយអង្គទៀត និងបន្តប្រើប្រាស់រហូតដល់សតវត្សទី១៦។
ឯការប្រទះឃើញដើមធ្លក ជាតឹកតាងបញ្ជាក់ថា រឿងនគរគោកធ្លក មានប្រភពចេញពីប្រាសាទភិមានអាកាសតំបន់អង្គរនេះឯង៕
ដោយ៖ សិលា