អន្តរជាតិ៖ បើតាមការអះអាងពីមន្រ្តីជាន់ខ្ពស់របស់អគ្គនាយកដ្ឋានកសិកម្មក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់កាលពីថ្ងៃទី១៤ខែតុលា ឆ្នាំ២០២០ថ្មីៗនេះថា៖ នៅចុងខែ១១ ឬខែ១២ ឆ្នាំ២០២០នេះនៅពេលកម្ពុជា បានរៀបចំឧបករណ៍ និងកន្លែងសម្លាប់មេរោគផ្លែស្វាយរួចរាល់ នឹងអាចចាប់ផ្ដើមនាំចេញផ្លែស្វាយស្រស់ ទៅកាន់ប្រទេសចិនបានដោយផ្ទាល់ជាលើកដំបូង។
មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មរូបនេះ បន្តថា បច្ចុប្បន្ននេះកម្ពុជាកំពុងតែនៅក្នុងដំណាក់កាលមួយ ធ្វើការសាងសង់កន្លែងសម្លាប់មេរោគ(ពងរុយ) ដែលបំផ្លាញមកលើផ្លែស្វាយ ដោយប្រើចំហាយទឹកក្ដៅ ឬដោយប្រើទឹកក្ដៅដោយមានក្រុមហ៊ុន ៦–៧ កំពុងចាប់ផ្ដើមសាងសង់។បន្ថែមពីនេះមន្រ្តីរូបនេះ អះអាងថា ក្រោយពីសាងសង់ និងហេដ្ឋារចនាសម្ព័ន្ធរួចហើយ គឺយើងនឹងនាំចូលឧបករណ៍មកបំពាក់ ហើយចាប់ផ្ដើមធ្វើប្រតិបត្ដិការសម្លាប់មេរោគនៅផ្លែស្វាយតែម្ដង។
មន្រ្តីដដែល បានថ្លែងថា៖ «នៅពេលដែលយើងមានផ្លែស្វាយ ហើយដំឡើងឧបករណ៍ និងទីតាំងសម្លាប់មេរោគរួចរាល់ យើងនឹងអញ្ជើញភាគីចិន មកពិនិត្យជាចុងក្រោយ ដើម្បីពិនិត្យថា ត្រូវទៅតាមស្ដង់ដារហើយឬនៅ ហើយការអនុញ្ញាតជាក់ស្ដែង មានលទ្ធភាព១០០ភាគរយឬអត់»។ ព្រោះបច្ចុប្បន្ននេះ កម្ពុជាមិនទាន់បាន ការអនុញ្ញាតនាំចេញជាផ្លូវការនៅឡើយទេ ប៉ុន្ដែជារួមប្រទេសចិន បានប្រកាសថា ប្រទេសចិនអាចនាំផ្លែស្វាយ ចូលពីប្រទេសកម្ពុជា នៅពេលលក្ខខណ្ឌចុងក្រោយ (កន្លែងសម្លាប់មេរោគ) ត្រូវបានបំពេញ។
មន្រ្តីអគ្គនាយកដ្ឋានកសិកម្ម បានថ្លែងយ៉ាងដូច្នេះថា «នៅចុងខែ១១ឬខែ១២ នឹងរួចរាល់…បើសិនជាផ្លែមានគុណភាពល្អ ហើយឧបករណ៍សម្លាប់មេរោគ រួចរាល់ នឹងអាចនាំចេញទៅកាន់ប្រទេសចិនបាន»។ជាក់ស្តែងនៅពេលដែលភាគីចិន បានពិនិត្យរួចរាល់ និងពិនិត្យឃើញថាកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ហើយនោះ កម្ពុជានឹងអាចនាំចេញផ្លែស្វាយទៅកាន់ប្រទេសចិនបាន។
គួររម្លឹកផងដែរថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានហត្ថលេខាលើពិធីសារផ្លូវការ ក្នុងការនាំចេញផ្លែស្វាយស្រស់ ទៅប្រទេសចិនកាលពីកំឡុង ខែមិថុនា ឆ្នាំ២០២០។
បើតាមរយៈការចុះហត្ថលេខាលើពិធីសារនាំផ្លែស្វាយកម្ពុជា ទៅកាន់ប្រទេសចិននេះ កម្ពុជាអាចនាំចេញផ្លែស្វាយ មានគុណភាពខ្ពស់៥០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិន ជារៀងរាល់ឆ្នាំ។ ចំណែករបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម ក៏បានបញ្ជាក់ថា រយៈពេល៩ខែឆ្នាំ២០២០នេះកម្ពុជាបាននាំចេញផ្លែស្វាយស្រស់ សម្រេចបាន ៦២,៩២០.៥៦តោន មានកំណើន ១៥៨.៨៣%, ដែលក្នុងនោះ បាននាំចេញទៅកាន់ប្រទេសថៃ, វៀតណាម, បារាំង, រុស្សី, កូរ៉េ និងហុងកុង៕ដោយ៖ស តារា