សេណេហ្កាល់៖ ជាមោទនភាពរបស់ប្រទេសកម្ពុជាយើង ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើអោយកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោក ក្នុងការគ្រប់គ្រងកូវីដ-១៩ បានល្អជាងគេ។
សូមបញ្ជាក់ថា របាយការណ៍វាយតម្លៃស្ដីពីសន្ទស្សន៍ស្ថានភាពធ្ងន់ធ្ងរនៃជំងឺ COVID-19 ចេញផ្សាយដោយការិយាល័យចក្ខុវិស័យសេដ្ឋកិច្ច នៃប្រទេសសេណេហ្កាល់ (Le Bureau de Prospective Economique (BPE) du Sénégal) បានបង្ហាញថា ប្រទេសកម្ពុជា បានឡើងមកឈរនៅលើកំពូលតារាង ដោយជាប់ចំណាត់លេខ១ កម្រិតពិភពលោក ក្នុងនាមជាប្រទេសដែលគ្រប់គ្រងការឆ្លងរាតត្បាតនៃ COVID-19 បានល្អជាងគេ។
បើតាមរបាយការណ៍ខាងលើដដែល កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ ប្រទេសកម្ពុជា បានជាប់ចំណាត់លេខ១ កម្រិតពិភពលោក នៅក្នុងចំណោមប្រទេស១៦៦ ក្នុងការគ្រប់គ្រងការឆ្លងរាតត្បាតនៃ COVID-19 បានល្អជាងគេ តាមពីក្រោយដោយប្រទេសស៊ូដង់ខាងត្បូង និងប្រទេសប្រ៊ុយណេ។ ចំណែកឯប្រទេសដែលជាប់ចំណាត់ថ្នាក់ ខ្សោយជាងគេរួមមាន៖ ប្រទេសអាហ្រ្វិកខាងត្បូង, លីតតូនី, អេស្ប៉ាញ និងប្រទេសក្រិក។
សូមជម្រាបជូនថា ការដាក់ចំណាត់ថ្នាក់នេះ ត្រូវបានធ្វើឡើងជារៀងរាល់សប្ដាហ៍ បន្ទាប់ពីព្រឹត្តិការណ៍ថ្ងៃទី៣ ខែវិច្ឆិកា ដែលករណីឆ្លង COVID-19 មួយចំនួនត្រូវបានរកឃើញ ក្រោយរដ្ឋមន្ត្រីការបទេសហុងគ្រីឆ្លង COVID-19 បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសកម្ពុជា។
ការិយាល័យចក្ខុវិស័យសេដ្ឋកិច្ច នៃប្រទេសសេណេហ្កាល់ ក៏បានទទួលស្គាល់ផងដែរពីប្រសិទ្ធភាពនៃការដាក់ចេញ និងអនុវត្តនូវវិធានការរបស់រដ្ឋាភិបាលកម្ពុជា ក្នុងនោះរួមមាន៖ ការធ្វើចត្តាឡីស័កចំពោះអ្នកមកពីបរទេស, បិទសាលារៀន, រោងភាពយន្ត, សាលកីឡា, យុទ្ធនាការផ្សព្វផ្សាយព័ត៌មានយល់ដឹងពី COVID-19, ការចែកចាយម៉ាស និងការបញ្ចេញអត្តសញ្ញាណអ្នកឆ្លងដើម្បីងាយស្រួលគ្រប់គ្រងស្ថានការណ៍ជាដើម។
គួបញ្ជាក់ថា កាលពីខែវិច្ឆិកាកន្លងទៅ របាយការណ៍វាយតម្លៃស្ដីពីសន្ទស្សន៍នៃស្ថានភាពធ្ងន់នៃជំងឺ COVID-19 ចេញផ្សាយដោយការិយាល័យចក្ខុវិស័យសេដ្ឋកិច្ច នៃប្រទេសសេណេហ្កាល់ (Le Bureau de Prospective Economique (BPE) du Sénégal) ក៏បានឱ្យចំណាត់ថ្នាក់ល្អដល់ប្រទេសកម្ពុជាផងដែរ។
កាលណោះកម្ពុជាបានជាប់ចំណាត់លេខ៣ កម្រិតពិភពលោក និងលេខ១ ក្នុងទី្វបអាស៊ី ក្នុងនាមជាប្រទេសដែលគ្រប់គ្រងការឆ្លងរាតត្បាតនៃ COVID-19 បានល្អជាងគេ តាមពីក្រោយប្រទេស សាំងឃីត និងណេវីស (Saint Kitts and Nevis) ដែលជាប់ចំណាត់ថ្នាក់លេខ១ និងប្រទេសស៊ីស្ហែល (Seychelles) ឈរនៅលេខរៀងទី២។
របាយការណ៍វាយតម្លៃស្ដីពីសន្ទស្សន៍នៃស្ថានភាពធ្ងន់នៃជំងឺ COVID-19 ចេញផ្សាយដោយការិយាល័យចក្ខុវិស័យសេដ្ឋកិច្ច នៃប្រទេសសេណេហ្កាល់ ធ្វើឡើងដោយផ្អែកលើ ទិន្នន័យរបស់អង្គការសុខភាពពិភពលោក (WHO)។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទី ព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៦៣នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣៥១នាក់ និងអ្នកជំងឺចំនួន ១២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ សម្រាប់ព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» មានអ្នកឆ្លងសរុបចំនួន៤១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ៣៣នាក់។
ជាក់ស្តែង , ចាប់តាំងពីមានការរីករាលដាលនៃជំងឺកូវីដ -១៩ មកដល់ពេលនេះ កម្ពុជាបាន គ្រប់គ្រងសភាពការណ៍ជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព ទោះបីជាមានព្រឹត្តិការណ៍ថ្ងៃទី ៣ ខែ វិច្ឆិកា និង ព្រឹត្តិការណ៍ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២០ ដែលជាការឆ្លងចូលដល់កម្រិតសហគមន៍ជាលើកទី ១ នាពេលថ្មីៗ នេះក៏ដោយ ។ ករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ជាលើកដំបូងនេះ បានបណ្តាលឱ្យប្រជាជនមានក្តី ព្រួយបារម្ភ _ ក៏ដូចជាភាពភ័យខ្លាចចំពោះមេរោគដ៏កាចសាហាវនេះយ៉ាងខ្លាំង ប៉ុន្តែរាជរដ្ឋាភិបាលបានដាក់ ចេញនូវវិធានការមុតស្រួចជាបន្តបន្ទាប់ ដើម្បីឆ្លើយតបឱ្យទាន់ពេលវេលានៃការរីករាលដាលនៃជំងឺនេះ និង ព្យាយាមកុំឱ្យជំងឺនេះរាតត្បាតចូលក្នុងសហគមន៍ដល់កម្រិតមួយដែលមិនអាចគ្រប់គ្រងបាន។ ជាលទ្ធផល , គិតមកដល់ពេលនេះ កម្ពុជាគ្មានករណីស្លាប់ ឬ ឈានដល់ការដាក់ប្រទេសក្នុងគ្រាមានអាសន្ន ព្រមទាំងមិន មានការបិទជាតំបន់ ឬប្រទេសទាំងមូល នោះឡើយ ។ នេះបើយោងតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តី អំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗ នៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ , ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ (ជុំទី៧ , ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២០)៕
ដោយ៖ សិលា(ប្រភព៖ lepetitjournal)