ភ្នំពេញ៖ ដោយមានការឯកភាពពីរាជរដ្ឋាភិបាល នៅថ្ងៃទី២១-២២ ខែមករា ឆ្នាំ២០២១ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីឌីជីថលអាស៊ានលើកទី១ តាមប្រព័ន្ធវីដេអូ ក្រោមប្រធានបទ “អាស៊ាន៖ សហគមន៍តភ្ជាប់ដោយឌីជីថល” និងកិច្ចប្រជុំពាក់ព័ន្ធ ដោយមានការអញ្ជើញចូលរួមពី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាឌីជីថល នៃប្រទេសសមាជិកអាស៊ាន ព្រមទាំងដៃគូអភិវឌ្ឍដូចជាចិន ជប៉ុន កូរ៉េ ឥណ្ឌា សហរដ្ឋអាមេរិក និងសហភាពទូរគមនាគមន៍អន្តរជាតិ។
កិច្ចប្រជុំប្រចាំឆ្នាំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង (១) ត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តការងារកន្លងមក (២) ពិនិត្យនិងអនុម័តផែនការសកម្មភាពសម្រាប់អនុវត្តក្នុងឆ្នាំ២០២១ និង (៣) អនុម័តផែនការមេឌីជីថលអាស៊ានឆ្នាំ២០២៥ (អាចទាញយកតាមតំណនេះ https://docs.google.com/viewerng/viewer?url=https://mptc.gov.kh/wp-content/uploads/2021/01/ASEAN-Digital-Masterplan-2025-MPTC-Cambodia.pdf)។
កិច្ចប្រជុំនេះរដ្ឋសមាជិក បានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការកសាងសហគមន៍ឌីជីថលមួយប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព ពិសេសការឆ្លើយតបទាន់ពេលវេលាក្នុងអំឡុងពេល និងក្រោយការរាលដាលនៃជំងឺកូវីដ-១៩ ដោយពង្រឹងភាពស៊ីសង្វាក់ផ្នែកគោលនយោបាយ ការអភិវឌ្ឍបច្ចេកវិទ្យានិងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការដោះស្រាយបញ្ហាប្រឈមនៃសន្តិសុខបច្ចេកវិទ្យា ការកសាងធនធានមនុស្សនៅក្នុងតំបន់ ការប្រើប្រាស់បញ្ញាសិប្បនិម្មិត និងជាពិសេសការប្រើប្រាស់បច្ចេកវិទ្យា 5G ដែលត្រូវបានពិភាក្សាយ៉ាងលម្អិតអំពីបញ្ហាប្រឈម ដំណោះស្រាយនិងពេលវេលាសមស្របនៃការដាក់ដំណើការជាផ្លូវការក្នុងប្រទេសអាស៊ាន។
រដ្ឋមន្ត្រីឌីជីថលអាស៊ានបានបង្ហាញឆន្ទៈក្នុងការសហការជាមួយដៃគូអភិវឌ្ឍ ដូចជាចិន ជប៉ុន កូរ៉េ ឥណ្ឌា សហរដ្ឋអាមេរិក និងសហភាពទូរគមនាគមន៍អន្តរជាតិ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការឌីជីថល ការអភិវឌ្ឍធនធានមនុស្ស និងការពង្រីកវិសាលភាពនៃការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងពង្រឹងសមត្ថភាពសន្តិសុខបច្ចេកវិទ្យា និងការអនុវត្តផែនការមេឌីជីថលអាស៊ាន ឆ្នាំ២០២៥។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា ការវិវឌ្ឍឌីជីថលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងផ្តល់នូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាពដើម្បីរក្សានូវនិរន្តភាពនៃសកម្មភាពកិច្ចការរដ្ឋបាលនិងអាជីវកម្ម។ ប្រទេសសមាជិកអាស៊ាន ចំាបាច់ត្រូវធ្វើការរួមគ្នាដើម្បីពង្រឹងទំនាក់ទំនងរវាងរដ្ឋជាសមាជិកនិងដៃគូអភិវឌ្ឍ ប្រែកា្លយជាសហគមន៍ដែលតភ្ជាប់ដោយឌីជីថល និងជំរុញការកាត់បន្ថយគម្លាតឌីជីថល រួមចំណែកពន្លឿនការស្តារឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា កម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងក្នុងការពង្រឹង ការកសាងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ទាំងទូរសព្ទចល័ត និងអ៊ិនធឺណិត ដើម្បីផ្ដល់សេវាប្រកបដោយទំនុកចិត្ត និងមានតម្លៃសមរម្យ ព្រមទាំងលើកកម្ពស់អក្ខរកម្មឌីជីថល។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការរួមគ្នាជាមួយរដ្ឋជាសមាជិកនិងដៃគូអភិវឌ្ឍទាំងអស់ ដើម្បីប្រែក្លាយអាស៊ានទៅជាសហគមន៍ឌីជីថលនិងប្លុកសេដ្ឋកិច្ចមួយឈានមុខគេ ដែលជំរុញកំណើនសេដ្ឋកិច្ចដោយប្រើបច្ចេកវិទ្យា និងប្រព័ន្ធឌីជីថលប្រកបដោយសុវត្ថិភាព។
សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីឌីជីថលអាស៊ានលើកទី១ ដែលមានប្រទេសម៉ាឡេស៊ីបានធ្វើជាម្ចាស់ផ្ទះ ត្រូវបានប្ដូរឈ្មោះពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ាន(TELMIN) ចាប់តាំងពីឆ្នាំ២០០០ រហូតដល់ឆ្នាំ២០១៩ ដើម្បីស្របតាមនិន្នាការសកលនៃការផ្លាស់ប្តូរផ្នែកបច្ចេកវិទ្យា។ កិច្ចប្រជុំនេះធ្វើឡើងជារៀងរាល់ឆ្នាំ ដោយប្តូរវេនក្នុងចំណោមបណ្តារដ្ឋសមាជិកអាស៊ាន៕
ដោយ៖ សិលា