ព័ត៌មានទាន់ហេតុការណ៍៖

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានសំដែងនូវការអរគុណចំពោះរាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន កម្ពុជា ដែលបានអនុញ្ញាត្តអោយវិទ្យុសំលេងសហរដ្ឋអាមេរិក VOA បើកដំណើរផ្សាយឡើងវិញ

ចែករំលែក៖

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរ និងពិភាក្សាការងារជាមួយ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ លោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានសំដែងនូវការអរគុណចំពោះរាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន កម្ពុជា ដែលបានអនុញ្ញាត្តអោយវិទ្យុសំលេងសហរដ្ឋអាមេរិក VOA បើកដំណើរផ្សាយឡើងវិញតាម វិទ្យុ តាមរយ:ទូរសព្ទ័ដៃស្មាត ហ្វូន និងប្រពន្ធ័ Internet ដែលធ្វើអោយប្រជាជនទទួលបានព័ត៌មានច្រើន ហើយជាការ បង្ហាញពីការលើកកម្ពស់សិទ្ធិសេរីភាពក្នុងការទទួលបានព័ត៌មាន និងការបញ្ចេញមតិកាន់តែល្អប្រសើរនៅកម្ពុជា។
លោក ឯកអគ្គរដ្ឋទូត មានជំនឿជឿជាក់ថាឆ្នាំ២០២១ នេះ អ្វីៗនឹងកាន់តែល្អប្រសើរឡើងជាងឆ្នាំ២០២០ រវាងសហរដ្ឋអាមេរិក និងកម្ពុជា។
លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកក៏បានជម្រាបជូន លោករដ្ឋមន្ត្រី ពីសកម្មភាពការងារដែលស្ថានទូតអាមេរិក បានផលិត និងទេីបបានសម្ពោធនូវរូបសញ្ញាសម្រាប់អនុវត្តការងារឆ្នាំថ្មី២០២១ AmCam 2021 ឬកម្ពុជា អាមេរិក ២០២១។
ការប្រគំតន្ត្រី និង ពិធីសម្ពោធរូបសញ្ញា ឆ្នាំ ២០២១ការរួមចំណែកក្នុងភាពជាដៃគូរបស់សហរដ្ឋអាមេរិក ដល់ការអភិវឌ្ឍនៃប្រទេសកម្ពុជា។
ប្រធានបទសម្រាប់អនុវត្តឆ្នាំ ២០២១ រួមមាន វិបុលភាព និងនិរន្តរភាពពីខែមករា ដល់ខែមិនា ៖ បង្ហាញពីការរួមចំណែក របស់សហរដ្ឋអាមេរិក ចំពោះវិបុលភាព និងនិរន្តរភាព នៃប្រទេសកម្ពុជា និងតំបន់។
គោលការណ៍ និងគុណតម្លៃពីខែមេសា ដល់ខែមិថុនា ៖ លើកកម្ពស់នូវគុណតម្លៃ និងគោលការណ៍ រួម ដែលកំណត់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។
សន្តិភាព និងសន្តិសុខពីខែកក្កដា ដល់ខែកញ្ញា ៖ ផ្តោតលើបញ្ហាសន្តិភាព និងសន្តិសុខ និងរំលឹក ខួបលើកទី ៣០ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស។
ភាពជាដៃគូពីខែតុលា ដល់ខែធ្នូ ៖ ផ្តោតលើភាពជាដៃគូ ក្នុងទំនាក់ទំនងការទូតរបស់យើងជាមួយកម្ពុជា និងក្នុងតំបន់ ក្នុងពេលដែលកម្ពុជារៀបចំខ្លួន ទទួលនាទីជាប្រធានអាស៊ាន នៅឆ្នាំ ២០២២៕

ប្រភព: ទទក


ចែករំលែក៖