ព័ត៌មានទាន់ហេតុការណ៍៖

សត្វ​ស្លាប​នៅ​តំបន់​អភិរក្ស​ទួល​ព័ន្ធ​តា​ឡី​បឹង​ស្នេហ៍ ស្ថិត​នៅស្រុក​បាភ្នំ ខេត្តព្រៃវែង នៅ​តែ​បន្ត​ងា​ប់រាប់​ពាន់​ក្បាល

ចែករំលែក៖

ខេត្តព្រៃវែង៖ បេីតាមការ​បញ្ជាក់ពី​លោក ប៉ាន់ យ៉​ន គណៈកម្មការ​សហគមន៍​បឹង​ស្នេហ៍​ធា​យ និង​ជា​អនុប្រធាន​សហគមន៍​ព្រៃ​ទួល​ព័ន្ធ​តា​ឡី បានថ្លែង​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២១​ថា៖​ ករណី​សត្វ​ស្លាប​នៅ​តំបន់​អភិរក្ស​ទួល​ព័ន្ធ​តា​ឡី​បឹង​ស្នេហ៍ ស្ថិត​ក្នុង​ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង នៅ​តែ​បន្ត​ងា​ប់រាប់​ពាន់​ក្បាល។ នេះបើ​គិត​ចាប់ពី​ថ្ងៃ​ទី​១៧ ខែមីនា ដល់​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២១​ម្សិលមិញនេះ​។

លោក ប៉ាន់ យ៉​ន បានបញ្ជាក់បន្ថែមថា​ ចំពោះ​សត្វ​ស្លាប​ដែលបានងាប់ជា​បន្តបន្ទាប់​កន្លង​មកនេះ បើ​តាម​ការ​យក​សំណាក​សត្វ​ស្លាប​ទៅ​ពិនិត្យ ផ្អែក​លើ​លទ្ធផល​វិភាគ​លេខ​១១/២១ វ​.​ជ​.​ស​.​ស​.​ជ ចុះ​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២១ របស់​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នៃ​អគ្គនាយកដ្ឋាន​សុខ​ភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​បង្ហាញឲ្យឃេីញ​ថា មាន​វត្តមាន​វីរុស​ជំងឺ​ផ្កា​សាយ​បក្សី ដែល​បង្ក​ដោយ​វីរុស​ក្នុង​អនុ​ក្រុម A/H5N1​។

លេីសពីនេះ​ អនុប្រធាន​សហគមន៍​ព្រៃ​ទួល​ព័ន្ធ​តា​ឡីរូបនេះ ថ្លែងបន្ត​ថា កាលពីមុន​សត្វ​ស្លាប​នៅ​ទួល​ព័ន្ធ​តា​ឡី​នេះ ក្នុង​១​ថ្ងៃ​មាន​ងា​ប់​ចាប់ពី​១៤៥​ក្បាល ទៅ​១៥០​ក្បាល រហូត​​ដល់​១៧៥​ក្បាល​ឯណោះ​។ ប៉ុន្តែ​រយៈពេល​២​ថ្ងៃ​ចុង​ក្រោយ​នេះ សត្វ​ងា​ប់​ថយ​ចុះ ដោយ​កាលពីថ្ងៃ​ទី​៥ ខែមេសាថ្មីៗនេះ សត្វ​ងា​ប់ត្រឹមតែ​ ​៣៥​ក្បាល នឹង​ថ្ងៃ​ទី៦​ ខែមេសា​ មានងាប់​៥៧​ក្បាលប៉ុណ្ណោះ ខណៈ​មិន​គិត​ពី​ចំនួន​សត្វ​ងា​ប់​នៅ​ក្នុង​ព្រៃ​ជ្រៅ ដែល​មិន​បាន​ចូល​ទៅ​រើស​ផង​។​ 

ដោយឡែក​ដើម្បី​ទប់ស្កាត់​កុំឲ្យមាន​សត្វ​ងាប់​បន្ត​ទៀត អាជ្ញាធរ​ឃុំ ស្រុក ខេត្ត ក្រសួង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ បាន​និង​កំពុង​សហការ​គ្នា​បាញ់​ទឹក​ដាក់ និង​បាញ់ថ្នាំ​ស​ម្លា​.​ប់​មេរោគ​នៅ​តំបន់​នេះ​ពេញ​ព្រៃ និង​យក​សំណាក​សត្វ​ងា​.​ប់​ទៅ​ពិនិត្យ​ជា​ប្រចាំ​បន្ត​ទៀត​ផង​ដែរ​។ តែ​សម្រាប់​ការ​ពិនិត្យ​សំណាក​សត្វ​របស់​មន្ត្រី​ពេទ្យ​ជំនាញ រហូត​មក​ដល់​ថ្ងៃនេះ មិន​មាន​រក​ឃើញ​ជំងឺ​អ្វី​ផ្សេង​ក្រៅពី​ជំងឺ​វីរុស​ផ្កា​សាយ​បក្សី H5N1​នោះ​ទេ។

លោកអនុប្រធាន​សហគមន៍​ បានបន្ត​ទៀត​ថា ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺឆ្លង​សត្វ អាជ្ញាធរ​បាន​ចាត់វិធានការ​ដូច​ខាងក្រោម ៖

១- បំផ្លាញ​ចោល​ចំពោះ​បក្សី​ដែល​សង្ស័យ​មាន​ជំងឺ សាកស​.​ព​បក្សី និង​ផលិតផល​បក្សី​ក្នុង​តំបន់​ផ្ទុះ​ជំងឺ​តាម​វិធាន​បច្ចេកទេស​បសុពេទ្យ​។

២- ផ្អាក​ជា​បណ្តោះអាសន្ន​លើ​ការ​ចូល​-​ចេញ ឬ​ឆ្លងកាត​ក្នុង​រង្វង់​កាំ​ប្រវែង​៣​គីឡូម៉ែត្រ ពី​ចំណុច​ផ្ចិត​នៃ​តំបន់​ផ្ទុះ​ជំងឺ និង​ដាក់​តំបន់​នេះ ជា​តំបន់​ត្រួតពិនិត្យ និង​តាមដាន​។

៣- សិក្សា​ស្រាវជ្រាវ​ប្រភព​ជំងឺ​ផ្កា​សាយ​បក្សី​ក្នុង​រៈ​:​ពេល​៣០​ថ្ងៃ និង​ត្រួតពិនិត្យ​ឃ្លាំមើល​ចលនា​បក្សី​ជា​ប្រចាំ​ក្នុង​រង្វង់​ដែល​មាន​កាំ​ប្រវែង​១០​គីឡូម៉ែត្រ ពី​ចំណុច​ផ្ចិត នៃ​តំបន់​ផ្ទុះ​ជំងឺ​។

៤- ត្រូវ​រាយការណ៍​ពី​កន្លែង​បក្សី​ងា​.​ប់​ដល់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រៃវែង ដើម្បី​អនុវត្ត​វិធានការ​បច្ចេកទេស​បសុពេទ្យ​។

គួរបញ្ជាក់ថា​ ជុំវិញបញ្ហានេះដែរ​ រដ្ឋបាល​ខេត្តព្រៃវែង​ ​កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ក៏​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រៃវែង និង​សាធារណជន​ឱ្យ​ចូលរួម​ក្នុង​ការ​ការពារ​សត្វ​ស្លាប​ដែល​កំពុង​អភិរក្ស និង​ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ​ផ្សេង​ៗ​ដែល​កើត​មាន​ជាយថា​ហេតុ ក្នុង​ករណី​សត្វ​ស្លាប​ងា​ប់​ជា​បន្តបន្ទាប់​រៀងរាល់ថ្ងៃ ហើយ​មាន​ចំនួន​ច្រើន​។ 

ដូច្នេះ​រដ្ឋបាល​ខេត្ត សូម​ផ្សព្វផ្សាយ និង​ហាមឃាត់​ដាច់ខាត​កុំ​ប៉ះពាល់ ឬ​បរិភោគ ត្រូវ​ដុត​បំផ្លាញ​ចោល​ក្នុង​ករណី​ឃើញ​សត្វ​ស្លាប​ងា​ប់​ដូច​ជា៖ សត្វ​ននៀល​ខ្យង សត្វ​ត្រយង​ខ្លួន​រលោង សត្វ​ខ្វែក សត្វ​កុកគ្រោង សត្វ​ក្អែក និង​សត្វ​ស្លាប​មួយ​ចំនួន​ទៀត​៕

ដោយ​៖សហការី​


ចែករំលែក៖