ព័ត៌មានទាន់ហេតុការណ៍៖

De Bruyne របស់ Man City អាចចូលលេងវគ្គផ្តាច់ព្រ័ត្រ League Cup, និងប៉ះ PSG នៅក្របខ័ណ្ឌ Champions League

ចែករំលែក៖

ខ្សែបម្រើ Kevin De Bruyne របស់ក្រុម Manchester City គឺសមនឹងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ League Cup នៅថ្ងៃអាទិត្យនេះជាមួយនឹងក្រុម Tottenham និងការប្រកួតក្របខ័ណ្ឌ Champions League នៅសប្តាហ៍ក្រោយជាមួយក្រុម Paris Saint-Germain

De Bruyne បានមានការសង្ស័យមួយសម្រាប់ការប្រកួតធំបំផុតពីរនៃរដូវកាលរបស់ Man City បន្ទាប់ពីតារាឆ្នើមប៊ែលហ្ស៊ិករូបនេះបានរងរបួសកជើង ក្នុងអំឡុងពេលនៃការបរាជ័យវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup ប្រឆាំងនឹងក្រុមតោខៀវ។

សារព័ត៌មានអេស្ប៉ាញ MARCA បានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែមេសានេះថា កីឡាករវ័យ២៩ឆ្នាំរូបនេះបានភ្លាត់ស្នៀតនៅនាទីទី៤៨នៅឯកីឡដ្ឋាន Wembley និងបានខកខានការទទួលជ័យជម្នះ ២-១ របស់ក្រុមMan City នៅលើទឹកដី Aston Villa ក្នុងក្របខ័ណ្ឌ Premier League កាលពីថ្ងៃពុធ។

ការណ៍នេះបានធ្វើឱ្យមានការភ័យខ្លាចថា គាត់នឹងមិនអាចចូលលេងវគ្គផ្តាច់ព្រ័ត្រ League Cup ឬដំណើរទៅកាន់ PSG សម្រាប់ការប្រកួតជើងទី១វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League បានទេ។ ប៉ុន្តែលោក Guardiola ដែលជាគ្រូបង្វឹករបស់ Man City បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថា ទាំងខ្សែប្រយុទ្ធ De Bruyne និងខ្សែប្រយុទ្ធអាហ្សង់ទីន Sergio Aguero នឹងអាចចូលលេងបានបន្ទាប់ពីហ្វឹកហាត់កាលពីថ្ងៃសុក្រ។

Sergio Aguero ដែលនឹងចាកចេញពី Man City នៅចុងរដូវកាលនេះកំពុងជួបបញ្ហាសាច់ដុំបន្ទាប់ពីប៉ះទង្គិចគ្នាក្នុងការប្រកួតក្របខ័ណ្ឌ Premier League លោក Guardiola អះអាងថា ពួកគេទាំងពីរត្រៀមខ្លួ ពួកគេបានហ្វឹកហាត់នៅថ្ងៃនេះ ហើយថ្ងៃស្អែកយើងនឹងសម្រេចចិត្ត

ក្រុម Man City ត្រូវការតែ៨ពិន្ទុពី៥ប្រកួតដែលនៅសល់រដូវកាលនេះរបស់ពួកគេដើម្បីឈ្នះពាន Premier League លើកទី៣ ក្នុងរយៈពេល៤រដូវកាល។ ក្រុម Man City ក៏កំពុងប្រជែងឈ្នះពានរង្វាន់ Champions League ជាលើកដំបូងផងដែរ ខណៈដែលលោក Guardiola មិនបានលើកពាននេះចាប់តាំងពីឆ្នាំ២០១១ ពេលនៅជាមួយ Barcelona

ដោយ៖ ភារៈ


ចែករំលែក៖