ខេត្តព្រៃវែង ៖ ទន្ទឹមនឹងការរឹតបន្តឹងជាសកលលើការនាំចេញ និងប្រើប្រាស់ឈើពីព្រៃធម្មជាតិ នាំឲ្យមានតម្រូវការនៃការប្រើប្រាស់ឈើដាំជាច្រើនដូចជា អាកាស្សា ម៉ៃសាក់ អង្កាញ់ ។ល។ សម្រាប់ផលិតគ្រឿងសង្ហារឹម មានការកើនឡើងគួរឱ្យកត់សម្គាល់។
ផលប្រយោជន៍នៃការដាំអាកាស្សា មានច្រើន ដូចជាការបង្កើននូវប្រាក់ចំណូលដល់សហគមន៍មូលដ្ឋាន និងការបង្កើនគម្របព្រៃឈើទៀតផង។ ការចូលរួមដាំស្តាបង្កើនព្រៃឈើ បានផ្តល់ផលប្រយោជន៍ដល់មនុស្សគ្រប់គ្នា។
តាមបទពិសោធន៍ថ្មីៗ របស់ក្រុមហ៊ុនខាមអាក្រា ដើម្បីទទួលបានទិន្នផលខ្ពស់ យើងគួរដាំអាកាស្សាចំនួន ១១១០ដើមក្នុងមួយហិកតា ដែលផ្តល់ឈើមូលស្តង់ដាទីផ្សារចំនួន ៧៥ម៉ែតគូប និងឈើប្រភេទអុសចំនួន ៦៥ ម៉ែត្រគូប ក្នុងរយៈពេល ៥ឆ្នាំ។ តាមតម្លៃទីផ្សារនាពេលបច្ចុប្បន្ន ការដាំអាកាស្សាដែលទុកឱ្យមានអាយុ ៥ឆ្នាំ អាចផ្តល់ប្រាក់ចំណូល ៦៧៨០ ដុល្លាក្នុងមួយហិកតា។ ជាទូទៅនៅតាមសហគមន៍មូលដ្ឋាន មានដីព្រៃរេចរឹលប្រមាណ ៣០-៥០%នៃផ្ទៃដីសរុប។ ក្រសួងបានអនុញ្ញាតឱ្យប្រជាសហគមន៍អាស្រ័យផលលើផ្ទៃដីរដ្ឋក្នុងទំហំមួយសមស្រប ដែលផ្ទៃដីនេះ ពួកគាត់អាចសហការជាមួយក្រុមហ៊ុនឯកជនក្នុងដាំអាកាស្សាដើម្បីរកចំណូលដល់សហគមន៍ និងដើម្បីអភិរក្សជីវ:ចម្រុះ។ តាមកិច្ចផ្តួចផ្តើមនេះ សហគមន៍តាសាលនៅក្នុងខេត្តកំពង់ស្ពឺ បានសហការជាមួយក្រុមហ៊ុនអុីស្រាអែលដាំដើមម៉ៃសាក់ លើផ្ទៃដី ៣៥០ហិកតា និងក្រុមហ៊ុនមួយទៀតនឹងដាំអាកាស្សាលើផ្ទៃដី ៨៥០ហិកតា។ បន្ថែមលើនេះ ក្រសួងបរិស្ថាន បាននិងកំពុងផ្តល់កូនអាកាស្សាចំនួន ១លានដើម ក្នុងឆ្នាំ២០២១ ដល់ឃុំចំនួន ៨ ក្នុងស្រុកពារាំង ខេត្តព្រៃវែង និងទីកន្លែងផ្សេងទៀត ដែលជាកិច្ចសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីជំរុញការងារនេះ។
ក្រសួងបរិស្ថានបានលើកទឹកចិត្ត និងជំរុញការដាំឈើនៅលើដីរេចរឹលរបស់សហគមន៍មូលដ្ឋាន នៅក្នុងផ្ទៃដីតំបន់ការពារធម្មជាតិ ក៏ដូចជាតំបន់ដទៃទៀត ដើម្បីស្តាគម្របព្រៃផង និងបង្កើនប្រភពចំណូលដល់សហគមន៍មូលដ្ឋាន៕
ដោយ៖ ស សម