ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់រងរបួសធ្ងន់ ខណៈរថយន្តមួយគ្រឿងបុកពេញទំហឹង ពេលឈប់ចាំភ្លើងស្តុប

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់ត្រូវរថយន្ត បុកពេញទំហឹង នៅចំណុចស្តុបផ្សារដីហុយ បណ្តាលឲ្យរងរបួសធ្ងន់ ហើយត្រូវបានរថយន្តសាម៉ុយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង ៨និង៤៥នាទីយប់ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយវិថីហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ឃើញនារីរងគ្រោះ បើកម៉ូតូម៉ាក ស៊ូសូគីនិច ពាណ៌ផ្កាឈូក ពាក់ស្លាកលេខ 2BW-9544 កំពុងឈប់ចាំភ្លើងស្តុប នៅចំណុចស្តុបផ្សារដីហុយ។ ភ្លាមៗនោះ គេឃើញរថយន្តមួយគ្រឿងទៀត ម៉ាកតូយ្យូតារ៉ាស់ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BG-0838 ជិះគ្នា២នាក់ បើកបរដោយនារីម្នាក់ ធ្វើដំណើរតាមបណ្តោយវិថីហាណូយ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ រថយន្តក៏បានបុកម៉ូតូនារីរងគ្រោះដែលកំពុងឈប់ចាំស្តុប ពេញទំហឹង បណ្តាលអោយមនុស្សខ្ទាតចេញពីម៉ូតូរងរបួសធ្ងន់ ចំណែករថយន្តបន្តបើកទៅមុខប្រហែល២៥ម៉ែត្រ រ៉េចង្កូតឡើងខឿនសួនច្បារពុះចែកទ្រូងផ្លូវ ទើបធ្លាក់មកវិញកល់លើម៉ូតូជាប់ បើកទៅមុខលែងរួច
ចំណែកម្ចាស់រថយន្ត មិនបានចុះពីលើរថយន្តនោះទេ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ បានចុះមកដល់ទីតាំងកើតហេតុ រួចធ្វើការវាស់វែង ព្រមទាំងយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំភាគីទាំងសងខាង ចូលខ្លួនមកដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖