ខេត្តកំពង់ធំ ស្ទឹងត្រែង និងខេត្តរតនគីរី ៖ នៅថ្ងៃសៅរ៍ ១៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បាននាំយកថវិការបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនលោកតា លោកយាយ ចំនួន ០៥នាក់ ដែលមានអាយុជាង ១០០ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅខេត្តកំពង់ធំ ស្ទឹងត្រែង និងខេត្តរតនគីរី ដែលក្នុងមួយនាក់ទទួលបានថវិកាចំនួន ៣លានរៀល និងសម្ភារជាគ្រឿងឧបភោគ បរិភោគ មួយចំនួនទៀត។
សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងថ្មី ៥២២នាក់ទៀត ជាសះស្បើយ ៧០០នាក់ និងស្លាប់ ១១នាក់៖
– ករណីឆ្លងសហគមន៍ ៣៨៧នាក់
– អ្នកដំណើរពីបរទេស ១៣៥នាក់
គិតត្រឹមព្រឹក ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 81,335 នាក់
– អ្នកជាសះស្បើយ= 74,745 នាក់
– អ្នកស្លាប់= 1,537 នាក់។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ថា, ចាប់ពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ចាប់ផ្តើមចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (អាស្រ្តាហ្សេនីកា) ដូសជម្រុញ ឬដូសទី៣ ដល់ក្រុមគ្រូពេទ្យជួរមុខ មន្ត្រីរាជការ នៅខេត្តទាំង ៧ កងទ័ព នគរបាល។
យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចកម្ពុជា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គវក-១៩) នឹងផ្ដល់ការ ចាក់វ៉ាក់សាំងកូវីដ-១៩ (អាស្ត្រានីកា) ដូសជម្រុញ ឬដូសទី៣ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងស៊ីណូហ្គាម ឬ ស៊ីណូវ៉ាក់ ជូនដល់ក្រុមគ្រូពេទ្យជួរ មុខ(ទាំងរដ្ឋ និងឯកជន )ដល់មន្ត្រីរាជការនៅខេត្ត ចំនួន០៧ (ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កោះកុង ឧត្តរមានជ័យ ពោធិ៍សាត់ និងខេត្តព្រះវិហារ) មន្ត្រីជាប់កិច្ចសន្យា កងទ័ពគ្រួសារកងទ័ព នគរបាល និងអតីតយុទ្ធជន ដោយការចាក់វ៉ាក់សាំងដូសជម្រុញឬដូសទី៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ តទៅ៕
ដោយ៖ សិលា