ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមអាជីវករយករថយន្តជិត ២០គ្រឿងបិទផ្លូវនៅច្រកអន្តរជាតិដូង ក្រោយអាជ្ញាធរថៃបិទមិនឲ្យនាំផ្លែតាង៉ែនចូល

ចែករំលែក៖

ខេត្តបាត់ដំបង៖ ក្រុមអាជីវករ និងកសិករដឹកផ្លែតាង៉ែននៅតំបន់ព្រំដែននាំគ្នាយករថយន្តជិត ២០គ្រឿងទៅបិទផ្លូវមិនឲ្យធ្វើចរាចរណ៍មួយរយៈពេលនៅមាត់ច្រកទ្វារអន្តរជាតិដូង ក្រោយអាជ្ញាធរថៃបិទមិនឲ្យនាំកសិផលផ្លែតាង៉ែនចូលលក់នៅទីផ្សារក្នុងទឹកដីថៃ ខណៈដែលថៅកែថៃរងចាំទទួលទិញពីពួកគាត់។

ក្រុមអាជីវករ ក៏ដូចជាកសិករអ្នកដាំដំណាំតាង៉ែនជាច្រើននាក់កាលថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២១បាននាំគ្នាយករថយន្តប្រមាណជិត ២០គ្រឿង មកតម្រៀបបិទផ្លូវសុំឲ្យអាជ្ញាធរស្រុក និងអាជ្ញាធរខេត្តបាត់ដំបងជួយអន្តរាគមន៍អនុញ្ញាតឲ្យរថយន្តដឹកផ្លែតាង៉ែនរបស់ពួកគាត់ជាច្រើនតោនបានចូលទៅលក់ក្នុងដីថៃផង ព្រោះថៅកែថៃ និងចិនកំពុងរងចាំទទួលទិញកសិផលរបស់ពួកគាត់នៅក្នុងនោះស្រាប់។

ក្រុមអ្នកតវ៉ាបានប្រាប់ឲ្យដឹងផងដែរថា ផ្លែតាង៉ែននេះកន្លងមកពួកគាត់ធ្លាប់នាំចូលយកទៅលក់នៅក្នុងទឹកដីថៃបាន តែនៅព្រឹកថ្ងៃដដែលនេះស្រាប់តែអាជ្ញាធរមានសមត្ថកិច្ចថៃមិនឲ្យចូលទៅវិញ តើឲ្យពួកគាត់យកទៅលក់នៅឯណា ខណៈតាង៉ែនមួយចំនួនបានប្រមូលផលរួចហើយ និងមួយចំនួនទៀតត្រៀមនឹងប្រមូលផលរាប់ម៉ឺនតោនទៀតដល់រដូវត្រូវបេះ តើមានទីផ្សារឯណាដើម្បីលក់ តើកសិករសង្ឃឹមអ្វី។

បន្ថែមពីនេះ តំណាងកសិករ និងឈ្មួញ បានសំណូមពរទៅដល់សមត្ថកិច្ចពាក់ព័ន្ធ ពិសេសសម្តេចពុក មេត្តាជួយសម្រួលដល់កូនចៅផង ដើម្បីឱ្យប្រជាកសិករខ្មែរបានលក់ចេញនូវកសិផលផ្លែតាង៉ែនរបស់ខ្មែរលក់លើទីផ្សារប្រទេសជិតខាងបានត្រឹមត្រូវ និងមានតម្លៃសមរម្យផង។ពាក់ព័ន្ធទៅនឹងបញ្ហាខាងលើនេះលោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងបានបញ្ជាក់ឱ្យអ្នកយកព័ត៌មានយើងដឹងនៅព្រឹកថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២១នេះថា÷ ការបិទមិនឲ្យផ្លែឈើតាង៉ែនចូលទៅលក់នៅក្នុងទឹកដីថៃនេះ ធ្វើឡើងដោយភាគីថៃតែប៉ុណ្ណោះ ដោយសារច្រកទ្វារអន្តរជាតិដូងមិនមានកិច្ចព្រមព្រៀង និងឯកភាពឲ្យចេញចូលបានឡើយ បច្ចុប្បន្នផ្លែឈើខាងលើនេះ អាចនាំចូលទៅលក់ប្រទេសថៃបានមានតែច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិនតែមួយប៉ុណ្ណោះ ហើយមកដល់ព្រឹកថ្ងៃទី ១១ ខែសីហានេះនៅតែមិនទាន់មានការឯកភាពគ្នានៅឡើយទេដើម្បីនាំចូលកសិផលផ្លែតាង៉ែនឆ្លងកាត់តាមច្រកទ្វារអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង នៃខេត្តបាត់ដំបង ចំណែកក្រុមការងារកំពុងពន្លឿនក្នុងការពិភាគ្សាកិច្ចការងារនេះ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖