ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រគល់ជូនថវិកា សម្តេចតេជោ ហ៊ុន សែន ចំនួន ១០លានរៀល ដល់អ្នកលេខរៀង ទី ៨លាននាក់ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រស់នៅក្នុងខេត្តស្ទឹងត្រែង !

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ សូមបញ្ជាក់ថា រង្វាន់លើកទឹកចិត្តរបស់ សម្តេចតេជោ ហ៊ុន សែន ចំនួន ១០លានរៀល ត្រូវបានយកមកប្រគល់ជូនបុគ្គលលេខរៀង ទី ៨លាននាក់ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រស់នៅក្នុងខេត្តស្ទឹងត្រែង។
សូមជម្រាបជូនថា, នៅព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២១ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បាននាំយកថវិកាចំនួន ១០លានរៀល និង គ្រឿងឧបភោគបរិភោគមួយចំនួន ជារង្វាន់លើកទឹកចិត្តរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូន អ្នកស្រី ថីង ថា អាយុ ៥៦ ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី៨លាន រស់នៅក្នុងភូមិដនឡុន ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១​ មាន​ ៨១,១៦%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ២០,៥២% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់។
ដោយឡែកនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញទៅទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន ៣ លានដូស ដែលបញ្ជាទិញពីប្រទេសចិន ។ ជាមួយនឹងអ្នកសារព័ត៌មានលោកស្រី យក់ សម្បត្តិ បានលើកឡើងថា, ដោយសារតែមានការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុនសែន ដឹកនាំ កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ ២ ក្នុងអាស៊ាន ចំពោះការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋបានច្រើនជាងគេ នឹងទទួលបានចំណាត់ថ្នាក់លេខ ៣លើពិភពលោក ក្នុងការស្វែងរកវ៉ាក់សាំងចាក់ជូនបងប្អូនប្រជាពលរដ្ឋ។ លោកស្រីបានបន្តថា, ដោយសារតែសម្ដេចមានការយកចិត្តទុកដាក់ខ្ពស់ កម្ពុជាអាចចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ មុនផែនការកំណត់រហូតដល់ ៧ខែឯណោះ បើប្រៀបធៀបនឹងប្រទេសជិតខាងគឺកម្ពុជា បានចាក់វ៉ាក់សាំងនេះលឿនជាងគេ ក្នុងនោះតាមរយៈការខិតខំរបស់ស្ថាប័នពាក់ព័ន្ធ កម្លាំងប្រដាប់អាវុធ មន្ត្រីសុខាភិបាល អាជ្ញាធរមូលដ្ឋាន រួមជាមួយនឹងបុគ្គលប្រជាពលរដ្ឋម្នាក់ៗ បានចូលរួម ជាមួយរាជរដ្ឋាភិបាលនោះ៕

ដោយ៖ សិលា


ចែករំលែក៖