ព័ត៌មានទាន់ហេតុការណ៍៖

លោកស្នងការខេត្តកណ្ដាលដឹកនាំកម្លាំងចុះត្រួតពិនិត្យទីតាំងរាវរកគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន២៦០គ្រាប់នៅស្រុកលើកដែក

ចែករំលែក៖

ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី១៣ ខែសីហា​ ឆ្នាំ២០២១​នេះ​ លោកឧត្តមសេនីយ៍ទោ​ ឈឿន​ សុចិត្ត​ស្នងការនគរបាលខេត្តកណ្ដាល ដឹកនាំកម្លាំងដោយសហការជាមួយមជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ( CMAC)ចុះត្រួតពិនិត្យទីតាំងរករាវគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដោយរកឃើញសរុបមានចំនួន២៦០គ្រាប់ ក្រោយពីប្រជាពលរដ្ឋជាម្ចាស់ទីតាំងនោះ ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះមួយចំនួន ខណៈកំពុងសាងសង់សរសរជើងតាងលំនៅឋាន ស្ថិតក្នុងភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល​។
សូម​បញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅចំណុច​ភូមិឃុំខាងលើ កាលពីថ្ងៃទី១២ ខែសីហា.ឆ្នាំ២០២១​ម្សិលមិញនេះ​ កម្លាំងនគរបាលស្រុកលើកដែក និងកម្លាំងការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សហការជាមួយមជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ( CMAC)បានចុះមកពិនិត្យ​ស្រាវជ្រាវរាវរកប្រទះឃើញគ្រាប់ចំនួន១៣៥គ្រាប់ រហូតមកដល់ព្រឹកថ្ងៃទី១៣ ខែឆ្នាំដដែលនេះ ក្រុមការងារជំនាញបានបន្តរាវរកទៀតរហូតរកឃើញសរុបបានចំនួន២៦០គ្រាប់តែម្ដង។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត​ ស្នងការខេត្តកណ្ដាលបានឲ្យដឹងថា
គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន២៦០គ្រាប់នេះ គឺជាគ្រាប់ដែលសេសសល់ពីសម័យសង្រ្គាមមកម្លេះ គឺជាប្រភេទគ្រាប់ Mortar 60 mm , 82mm , 120mm និង ប្រភេទគ្រាប់ មិនធាក់ថយ Recoilless 75mm ។​
លោកស្នងការបន្តថា​ យោងតាមការឲ្យដឹងពី
លោកស្រី ចឺយ រចនា អាយុ​៤៧ឆ្នាំ ជនជាតិខ្មែរ ជាម្ចាស់ទីតាំងដែលគាត់បានទិញដីនេះនៅក្នុងឆ្នាំ​២០០៥ គាត់ក៏បានដឹង នៅម្តុំនេះមានគ្រាប់ជាច្រើន ដែលបានបន្សល់ទុក​ហើយនៅឆ្នាំ​១៩៩៣ជំនាន់UNTAC ហើយខាងមជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ( CMAC)ក៏បានចុះមកប្រមូលម្តងដែលក្នុងរណ្តៅ​ខាងក្រោយ ជម្រៅ​ជាង២​ម៉ែត្រ​បានជាច្រើនគ្រាប់ ។​បើយោងតាមការឲ្យដឹងតាមការឲ្យដឹងពីលោក ចាន់ សុន អាយុ​៧៩ឆ្នាំ មន្រ្តីយោធាស្រុកលើកដែក ចូលនិវត្តន៍ និងជាអ្នករស់នៅទីនោះតាំងពី​ជំនាន់ លន់ ណុល​ មក និងបានចុះមកបង្ហាញ​ទីតាំងផ្ទាល់បានបញ្ជាក់ថា ទីតាំងនេះ​ជាកន្លែងឃ្លាំងគ្រាប់ របស់​ទាហាន​ខ្មែរក្រហម ដែលដឹកមកទុកនៅទីនេះ​ជាច្រើន សម្រាប់វាយជាមួយកងទ័ពវៀតណាម៕

ដោយ៖ស្អាង ជ័យ


ចែករំលែក៖