ព័ត៌មានទាន់ហេតុការណ៍៖

តើអ្នកដឹងទេ ហេតុអ្វីនៅតាមបណ្តាយផ្លូវចេញពីរាជធានីភ្នំពេញទៅខេត្ត តម្រូវឱ្យមានបង្គោលគីឡូម៉ែត្រ?

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ផេកផ្លូវការរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា, បង្គោលគីឡូម៉ែត្រ (សម្រាប់ចន្លោះ ១គ.ម) ៖  បង្គោលសញ្ញានេះ ត្រូវបានដាក់ក្នុងចន្លោះ១គីឡូម៉ែត្រមួយបង្គោល សម្រាប់ផ្តល់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវអំពីចំងាយផ្លូវទៅតំបន់សំខាន់ៗខាងមុខ។ 

រង្វង់លេខ1៖ លេខ 17 ដែលមានបញ្ជាក់នៅលើផ្ទៃក្រហមនេះ មានន័យថាជាបង្គោលគីឡូម៉ែត្រទី 17 ឬបានចម្ងាយប្រវែង 17 គីឡូម៉ែត្រ ដោយរាប់ពីចំណុចចាប់ផ្តើម ឬចំណុចបំបែកនៃផ្លូវ។

រង្វង់លេខ2៖  មេបុណ្យ (Mebon) 20km ដែលមានបញ្ជាក់នៅលើផ្ទៃពណ៌សនេះ បានន័យថានៅចំងាយ 20km ទៀតអ្នកធ្វើដំណើរនឹងទៅដល់ឃុំមេបុណ្យ ក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ 

សូមបញ្ជាក់ផងដែរថា បង្គោលគីឡូម៉ែត្រនៅក្នុងរូបនេះ ជាបង្គោលគីឡូម៉ែត្រស្ថិតនៅលើផ្លូវជាតិលេខ១១ ដែលបំបែកចេញពីផ្លូវជាតិលេខ១ បានចម្ងាយប្រវែង១៧ គីឡូម៉ែត្រ។

ចំណាំ៖ លេខបង្គោលដែលនៅលើផ្ទៃក្រហម បង្ហាញអំពីចម្ងាយផ្លូវ៖ 

– ចេញពីរាជធានីភ្នំពេញ ចំពោះផ្លូវជាតិដែលមានលេខ ១ខ្ទង់

– ចេញពីចំណុចបំបែក ចំពោះផ្លូវជាតិដែលមានលេខ ២ខ្ទង់ និងផ្លូវខេត្តដែលមានលេខ ៣ខ្ទង់។

ក្រសួង សូមស្នើសុំការសហការពីបងប្អូនប្រជាពលរដ្ឋ ក្នុងការរាយការណ៍តាមរយៈកម្មវិធីថែទាំផ្លូវ ( ROAD CARE Mobile App) ករណីឃើញមានគំនូសសញ្ញាចរាចរណ៍រលុប បង្គោលសញ្ញា ឬផ្លាកសញ្ញាមានការបាក់បែក ដើម្បីអាចឱ្យមន្រ្តីជំនាញ ឬមន្ត្រីពាក់ព័ន្ធធ្វើការត្រួតពិនិត្យ និងចាត់វិធានការទាន់ពេលវេលា។

លើសពីនេះទៅទៀតបងប្អូនប្រជាពលរដ្ឋក៏អាចចូលរួមសហការរាយការណ៍ពីផ្លូវ ដែលត្រូវជួសជុលថែទាំ និងសញ្ញាចរាចរណ៍បានផងដែរ។

សូមចូលរួមថែរក្សាផ្លូវថ្នល់របស់យើង ដើម្បីធ្វើដំណើរបានងាយស្រួល និងមានសុខសុវត្ថិភាព៕

ដោយ ៖ សិលា


ចែករំលែក៖