ភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួន ស្ត្រីជនជាតិកូរ៉េម្នាក់ ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន H & K Partners Co,Ltd ពាក់ព័ន្ធបទល្មើស «ឆបោក រំលោភលើទំនុកចិត្ត និង មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» ដោយបានចេញសែកគ្មានប្រាក់ជាង៦ម៉ឺនដុល្លារសហរដ្ឋអាមេរិក មកកាន់សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រគល់ឲ្យតំណាងអយ្យាការអមសាលាដំបូងរាជធានីភ្នំពេញភ្នំពេញធ្វើការសាកសួរបន្ត។
គូររំលឹកថា ៖ ក្រុមហ៊ុន H & K Partners Co,Ltd បានបញ្ជាទិញទំនិញជាវត្ថុធាតុដើមសម្រាប់ផលិត ទ្វារ បង្អួច កញ្ចក់ នៅក្នុងក្រុមហ៊ុនរបស់ជនរងគ្រោះ ឈ្មោះ KIM GIL DONG ក្នុងតម្លៃទឹកប្រាក់ជាង១០ម៉ឺនដុល្លារ ។ ប៉ុន្តែខាងភាគីជនសង្ស័យជាប្តីប្រពន្ធ មិនបានបង់ប្រាក់គ្រប់ចំនួនទេ ដោយបានបង់ប្រាក់ត្រឹមតែ៣៦.០០០ដុល្លារតែប៉ុណ្ណោះ ដោយនៅខ្វះប្រាក់ជាង៦ម៉ឺនដុល្លារទៀត ហើយជនសង្ស័យទាំង២នាក់ បានសន្យាថានឹងសងប្រាក់នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ដោយបានចេញមូលប្បទានបត្រ ចំនួនជាង៦ម៉ឺនដុល្លារដើម្បីធានាសងចំពោះបំណុលនេះ ។
ប៉ុន្តែមកដល់ថ្ងៃកំណត់ ដែលត្រូវបើកមូលប្បទានប័ត្រ នេះ គឺមិនមានទឹកប្រាក់នោះទេ ដោយមានការអះអាងពីខាងធនាគារថា «មូលប្បទានប័ត្រនេះគ្មានទឹកប្រាក់ឡើយ» ហើយជនសង្ស័យទាំង២នាក់ តែងតែសន្យាថ្ងៃនេះថ្ងៃនោះ រហូតដល់ពេលបច្ចុប្បន្ននេះក៏នៅតែមិនព្រមសងប្រាក់ដល់ជនរងគ្រោះ ឡើយ ។
រហូតថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ បានឃាត់ខ្លួនស្ត្រីជនជាតិកូរ៉េម្នាក់ ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន H & K Partners Co,Ltd ពាក់ព័ន្ធបទល្មើស «ឆបោក រំលោភលើទំនុកចិត្ត និង មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» ដោយបានចេញសែកគ្មានប្រាក់ជាង៦ម៉ឺនដុល្លារសហរដ្ឋអាមេរិកតែម្តង។
បច្ចប្បន្នស្រ្តីជនជាតិកូរ៉េរូបនេះកំពុងស្ថិតក្នុងដំណាក់កាល តំណាងអយ្យាការ លោកព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញកំពុងធ្វើការសាកសួរ។
ដោយ៖ (Ra Ra)