ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានីយ៍ប្រេងឥន្ធនៈ​ចំនួន ២ទីតាំង នៅខេត្តតាកែវ ត្រូវ​មន្ត្រីក.ប.ប. បានរកឃើញមិនមានអនុលោមភាព​

ចែករំលែក៖

ខេត្តតាកែវ៖ សាខា ក.ប.ប. ប្រចាំខេត្តតាកែវបានចុះត្រួតពិនិត្យតាមបណ្ដាស្ថានីយប្រេងឥន្ធនៈនៅក្នុងខេត្តតាកែវ ដោយរកឃើញថាស្ថានីយចំនួន ២ទីតាំង បានលក់ប្រេងជូនអតិថិជនក្នុងរង្វាស់រង្វាល់មិនគ្រប់ចំនួន​ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។ 

សូមជម្រាបថា​ បន្ទាប់ពីរកឃើញភាពមិនប្រក្រតី មន្ត្រី ក.ប.ប. បានធ្វើការពិន័យដល់ម្ចាស់សា្ថនីយទាំង ២ទីតាំង ទៅតាមនីតិវិធីដែលមានចែងក្នុងច្បាប់ស្ដីពិកិច្ចការពារអ្នកប្រើប្រាស់។

បន្ថែមពីនេះ​ មន្ត្រី ក.ប.ប. ក៏បានធ្វើការណែនាំដល់ម្ចាស់ស្ថានីយទាំងអស់ឱ្យប្រកបអាជីវកម្មរបស់ខ្លួនដោយតម្លាភាព និងសមធម៌ ព្រមទាំងឈរលើស្មារតីសុចរិតភាពនិងការទទួលខុសត្រូវ។ 

ជាមួយគ្នានេះ​ នៅថ្ងៃដដែល​ មន្រ្តី​សាខា ក.ប.ប. រាជធានីភំ្នពេញ បានចុះអង្កេត និងតាមដានតម្លៃប្រេងឥន្ធនៈនៅតាមស្ថានីយ/ដេប៉ូ បានចំនួន ៨ទីតាំងក្នុងនោះ ៨ស្ថានីយ/ដេប៉ូ ដាក់លក់ក្នុងតម្លៃត្រឹមត្រូវស្របតាមប្រកាសរបស់ក្រសួងពាណិជ្ជកម្ម។ 

ដោយឡែក តាមរយៈការចុះប្រតិបត្តិការត្រួតពិនិត្យជាក់ស្តែង នៅទីតាំងស្ថានីយ/ដេប៉ូ ចំនួន៩ ទីតាំង ក្នុងនោះ២ស្ថានីយ/ដេប៉ូ ត្រូវបានរកឃើញភាពមិនអនុលោម​ ដែលបានប្រព្រឹត្តល្មេីសនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រេីប្រាស់៕

ដោយ​៖សហការី​


ចែករំលែក៖