ក្រោយពេលដែលក្រុមតាលីបង់គ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន ទើបតែបានជាង២៤ម៉ោងប៉ុណ្ណោះ រដ្ឋាភិបាលរបស់អាមេរិកដឹកនាំដោយប្រធានាធិបតីបៃឌិនបានដាក់លក្ខខណ្ឌដើម្បីទទួលស្គាល់រដ្ឋាភិបាលតាលីបង់ស្របច្បាប់។
នៅថ្ងៃទី១៦ខែសីហា រដ្ឋាភិបាលអាមេរិកបានលើកឡើងថា ការគោរពសិទ្ធិមនុស្ស រួមមានសិទ្ធិរបស់ស្ត្រី គឺជាលក្ខខណ្ឌដើម្បីទីក្រុងវ៉ាស៊ីនតោនទទួលស្គាល់រដ្ឋាភិបាលថ្មីរបស់អាហ្វហ្គានីស្ថាន។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price នៅថ្ងៃទី១៦ខែសីហា បានប្រកាសថា រដ្ឋាភិបាលអាមរិកនិងសម្ពន្ធមិត្តអន្តរជាតិ នឹងតាមដានយ៉ាងយកចិត្តទុកដាក់ ក្រោយក្រុមតាលីបង់ដណ្តើមបានសិទ្ធិគ្រប់គ្រងរដ្ឋធានីកាប៊ុល។
លោក Ned Price បញ្ជាក់ថា អាមេរិកនឹងធ្វើការជាមួយរដ្ឋាភិបាលថ្មីអាហ្វហ្គានីស្ថាន ប្រសិនបើរដ្ឋាភិបាលនោះរក្សាសិទ្ធិជាបឋមរបស់ពលរដ្ឋ ពិសេសគឺស្ត្រីនិងកុមារ មិនលាក់បាំងក្រុមភេរវកម្ម…។ លោកបន្តទៀតថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី១៦ខែសីហា បានអំពាវនាវឲ្យផ្សះផ្សាជាតិសាសន៍នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
លោក Price បញ្ជាក់ថា អាមេរិក នឹងប្រើប្រាស់ទំនាក់ទំនងការបរទេស និងសេដ្ឋកិច្ច ដើម្បីធានាថា រដ្ឋាភិបាលអាហ្វហ្គានីស្ថាន គោរពសិទ្ធិមនុស្ស ហើយទីក្រុងវ៉ាស៊ីនតោនចង់មើលឃើញក្រុមតាលីបង់អនុវត្តតាមអ្វីដែលខ្លួនសន្យាពេលកន្លងមក ក្នុងជំនួបពិភាក្សាស្តីពីសន្តិភាពនៅអាហ្វហ្គានីស្ថាន៕
ដោយ៖ ធីរីណា( រូបភាព៖Getty)