ភ្នំពេញ៖ បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃអង្គារទី១៧ ខែសីហា ឆ្នាំ២០២១នេះថា កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក៧នាក់ដែលជិះម៉ូតូចំនួន៤គ្រឿងចេញធ្វើសកម្មភាពឆក់យកទូរស័ព្ទពីអ្នកដំណើរតាមដងផ្លូវបានសម្រេច ហើយព្យាយាមជិះរត់គេចខ្លួន។ ប៉ុន្តែភ្លាមៗនោះកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបានដេញតាមរហូតឈានដល់ការឃាត់ខ្លួនបាន២នាក់ រីឯបក្ខពួកចំនួន៥នាក់ទៀតបានគេចខ្លួនបាត់ដោយសុវត្ថិភាព។
ប្រភពដដែលបន្តថា ករណីខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខខ្លោងទ្វារវត្តពោធិ៍វ័ន តាមដងមហាវិថីឈ្នះ=ឈ្នះ ស្ថិតនៅក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង២នាក់ដែលត្រូវនគរបាលឃាត់ខ្លួននោះ ម្នាក់ឈ្មោះឆឹង ស៊ីណារ៉េតភក្ត្រា ភេទប្រុស អាយុប្រហែល២០ឆ្នាំ មានទីលំនៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ ជននេះធ្លាប់ធ្វើសកម្មភាពឆក់យកទ្រព្យសម្បត្តិអ្នកដំណើរតាមផ្លូវបានសម្រេចចំនួន៣លើករួចមកហើយ។ ចំណែកម្នាក់ទៀតឈ្មោះហៃ ចាន់រស្មី ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅក្នុងភូមិតាងួនទី១ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នគរបាលដកហូតបានម៉ូតូ១គ្រឿងម៉ាកហុងដាប៊ីត ពណ៌សលាយខ្មៅ។
គួរជម្រាបថា នៅមុនពេលកើតហេតុ ជនសង្ស័យទាំង២នាក់នេះរួមជាមួយបក្សពួក៥នាក់ទៀត បានជិះម៉ូតូចំនួន៤គ្រឿងចេញធ្វើសកម្មភាពឆក់នៅតាមមហាវិថីឈ្នះ=ឈ្នះ។ លុះជិះមកដល់ត្រង់ចំណុចមុខខ្លោងទ្វារវត្តពោធិ៍វ័ន ក៏បានធ្វើសកម្មភាពឆក់យកទូរស័ព្ទពីអ្នកដំណើរតាមផ្លូវ បានសម្រេច រួចបានព្យាយាមជិះម៉ូតូរត់គេចខ្លួនតែម្តង។ ស្របពេលនោះ មន្ត្រីនគរបាលខណ្ឌពោធិ៍សែនជ័យម្នាក់ កំពុងធ្វើដំណើរតាមផ្លូវនោះបានប្រទះឃើញសកម្មភាពផ្ទាល់ ក៏បានជិះម៉ូតូដេញតាមពីក្រោយនិងស្រែកប្រកាសតាមវិទ្យុទាក់ទងទៅកាន់គោលដៅ ដេីម្បីពួនស្ទាក់បង្កឱ្យមានការភ្ញាក់ផ្អើល ទើបចាប់បាន២នាក់ជាបន្តបន្ទាប់ ចំណែកបក្ខពួក៥នាក់ទៀតជិះម៉ូតូ៣គ្រឿងគេចខ្លួនបាត់ស្រមោល។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបាននគរបាលនាំទៅសាកសួរនៅប៉ុស្តិ៍សំរោងក្រោម ដើម្បីស្រាវជ្រាវរកចាប់ខ្លួនបក្ខពួកដែលកំពុងរត់គេចព្រមទាំងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖សុខា សែនជ័យ