ភ្នំពេញ៖ បើទោះបីជំងឺកូវីដ-១៩ បាននិងកំពុងរាតត្បាតចូលក្នុងសហគមន៍ជាថ្មី ពិសេសវីរុសបំម្លែងថ្មីដែលតា(DELTA )យ៉ាងណា ក្តី តែសម្រាប់សកម្មភាព ធ្វើស្ពានចំនួន៧កន្លែង និងការងារបុកសុីផាយនៅ តាមមាត់ប្រឡាយមេ នៅប្រឡាយទួលពង្រ១ ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ នៅតែបន្តធ្វើយ៉ាងមមាញឹក ដោយគិតមកដល់ត្រឹមថ្ងៃទី១៧ សីហាឆ្នាំ២០២១នេះ ការដ្ឋានមួយនេះស្ទើរតែរួចរាល់ទៅហើយ ពោលគឺ នៅបំណាច់ខែសីហានេះនឹងត្រូវបានបញ្ចប់ ជាមួយនិងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានមានប្រសាសន៍ ឲ្យដឹងនៅថ្ងៃទី១៧ សីហា ២០២១នេះថា៖ ដោយមានការណែនាំនិងចង្អុលបង្ហាញពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយមន្ទីរធនធានទឹកនិងអាជ្ញាធរចណ្ឌពោធិសែនជយ័ បានដាក់គ្រឿងចក្រកាយស្តារប្រឡាយទួលពង្រទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ទំហ៊ំ ៨ម៉ែត្រនិងជម្រៅ២ម៉ែត្រ ធ្វើស្ពានចំនួន៧ កន្លែង និងបុកសុីផាយតាមមាត់ប្រឡាយមេ ការពារដីបាក់ ដោយគិតមកដល់ត្រឹមថ្ងៃទី១៧ សីហា នេះ ការដ្ឋានទាំងមូលសម្រេចបានប្រមាណជិត១០០ភាគរយហើយ ។
មានន័យថា ការងារស្តារនិងបុកស៊ីផាយជញ្ជាំងប្រឡាយ ដល់ពេលពេលនេះ បានរួចរាល់អស់ហើយ គឺនៅសល់តែស្ពានមួយប៉ុណ្ណោះ ក្នុងចំណោម៧ស្ពានដែលយើងបាននឹងកំពុងសាងសង់ ហើយការដ្ឋានទាំងមូលគ្រោងនឹងបញ្ចប់នៅបំណាច់ខែសីហានេះជាមួយនិងការដាក់អោយប្រើប្រាស់ជាផ្លូវ ការ។
លោកបន្តថា ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ ក្នុងការបង្ហូរទឹក រំដោះទឹកជន់ពីផ្លូវជាតិលេខ៣ក្នុងភូមិសាស្ត្រខណ្ឌមានជយ័ទៅកាន់បឹងជេីងឯកនិងបន្តហូរទៅកាន់ស្ទឹងជ្រៅ ។ នៅពេលគំរោងការនេះ បញ្ចប់វានឹងអាចកាត់បន្ថយទឹកជំនន់ទឹកភ្លៀង បានមួយកំរិតធំ។
លោកសាំ ពិសិដ្ឋ បានបន្តទៀតថា ៖ក្នុងពេលសាងសង់ស្ពាន៧កន្លែងនេះ យើងបានដាក់លូប្រអប់បណ្តោះ ដោយសារតែយើងបានកាត់ផ្តាច់ផ្លូវ មួយចំនួនកាលពីជំនន់ទឹកភ្លៀងនារដូវវស្សាកន្លងមក។ចំណែកនៅមុខផ្ទះប្រជាពលរដ្ឋដែលបានកាត់ផ្តាច់ផ្លូវ យើងបានបុកស៊ីផាយដើម្បីទប់ដីកុំអោយបាក់ប្រវែងជាង២០០ម៉ែត្រផងដែរ។
គម្រោង ស្តារប្រឡាយទួលពង្រ១ ជាប្រឡាយបេតុងនេះ មានទទឹង ៨ម៉ែត្រ បណ្ដោយ ៤៥៤៥ម៉ែត្រ ចាប់ពីភូមិព្រៃព្រីងខាងត្បូងដល់បុរីជីបម៉ុង។ ដាក់លូប្រអប់ទំហំ ២,៦៥ម៉ែត្រគុណនឹង២,៦៥ម៉ែត្រ មានចំនួន៣ជួរប្រវែង៤៤៥ម៉ែត្រ ចាប់ពីបុរីជីពម៉ុងដល់ប្រឡាយបឹងហា។ ដាក់លូប្រអប់ស្របតាមផ្លូវជាតិលេខ៣ ទំហំ ៦ម៉ែត្រគុណនឹង២ ម៉ែត្រប្រវែង១២២០ម៉ែត្រ ចាប់ពីបូរីGreen Vill ដល់ដើមប្រឡាយទួលពង្រ និងដាក់លូជ្រុងចំណុចផ្លូវឆ្លងកាត់មានចំនួន៧កន្លែងផងដែរ ។
សូមបញ្ជាក់ថា ៖ការដ្ឋានធ្វើស្ពានចំនួន៧កន្លែង និងបុកសុីផាយតាមមាត់ប្រឡាយមេ ការពារដីបាក់ នៅប្រឡាយទួលពង្រ១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យនេះ បានធ្វើពិធីក្រុងពាលីតាមបែបសាសនា ជាមួយក្រុមហ៊ុនទទួលម៉ៅការ កាលពីថ្ងៃទី២១ មិនាឆ្នាំ២០២១ ក្រោមវត្តមានលោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ៕
ដោយ ៖ សំរិត