ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋបារាំងរាប់ពាន់នាក់ភៀសខ្លួនទៅកាន់តំបន់សុវត្ថិភាពដោយសារភ្លើងឆេះព្រៃ

ចែករំលែក៖

ពលរដ្ឋរាប់សិបពាន់នាក់ ក្នុងនោះមានអ្នកទេសចរទៅបោះតង់ក្នុងព្រៃ ត្រូវជម្លៀសខ្លួនចេញពីតំបន់Var ស្ថិតនៅភាគខាងត្បូងប្រទេសបារាំង ដោយសារតែភ្លើងឆេះព្រៃ។
អ្នកនាំពាក្យក្រុមពន្លត់អគ្គិភ័យ នៅថ្ងៃទី១៧ខែសីហា បានឱ្យដឹងថា «មានពលរដ្ឋរាប់ពាន់នាក់ត្រូវបង្ខំជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព»។ បច្ចុប្បន្ន មិនមានអ្នកស្លាប់ឬរងរបួសនោះឡើយ ។ មានក្រុមពន្លត់អគ្គិភ័យ៧៥០នាក់ខិតខំទប់ស្កាត់ការឆេះរាលដាល ខណៈដែលអណ្តាតភ្លើងឆាបឆេះកាន់តែខ្លាំង។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បារាំង Gerald Darmanin បានឱ្យដឹងថា យន្តហោះជាច្រើនគ្រឿងបានចូលរួមពន្លត់ភ្លើង ប៉ុន្តែស្ថានភាពអាកាសធាតុមិនអំណោយផល ។
តាមការលើកឡើងរបស់មន្ត្រីក្នុងតំបន់បានឱ្យដឹងថា ភ្លើងឆេះព្រៃកើតឡើងនៅថ្ងៃទី១៦ខែសីហា មានចម្ងាយពីទីក្រុង ទូលូ(Toulou) ប្រមាណ ១០០ គីឡូម៉ែត្រ ។ ដល់ព្រឹកថ្ងៃទី ១៧ខែសីហា អណ្តាតភ្លើងបានឆាបឆេះព្រៃឈើជាង ៣៥០០ហិកតា និងវាលស្មៅជាច្រើនហិកតាទៀត។ មន្ត្រីក្នុងតំបន់បានស្នើដល់ពលរដ្ឋកាត់បន្ថយការធ្វើដំណើរដើម្បីបើកផ្លូវដល់ក្រុមពន្លត់អគ្គិភ័យងាយស្រួលទៅគ្រប់គ្រងស្ថានភាព។
ភាគច្រើនតំបន់ Var តែងតែប្រឈមនឹងអាកាសធាតុក្តៅខ្លាំង ជាច្រើនសប្តាហ៍ជាប់គ្នា ប៉ុន្តែនៅតំបន់ភាគខាងត្បូងប្រទេសបារាំង មិនដែលប្រឈមនឹងភ្លើងឆេះព្រៃទ្រង់ទ្រាយធំម្តងណាឡើយ។ មិនត្រឹមតែប្រទេសបារាំងទេ នៅមានប្រទេសជាច្រើនទៀតដូចជា ក្រិច តួកគី អេស្ប៉ាញ ព័រទុយហ្គាល់ អាល់ហ្សេរី និងម៉ារ៉ុក តែងតែប្រឈមនឹងភ្លើងឆេះព្រៃនារដូវក្តៅ៕

ដោយ៖ ធីរីណា(រូបភាព៖ttxvn)


ចែករំលែក៖