ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំ ដើម្បីរិះរកគ្រប់មធ្យោបាយ ប្រយុទ្ធ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩មេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta)

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩មេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នារសៀលថ្ងៃទី១៧ សីហា ២០២១  លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រជុំតាមរយៈការបញ្ជូន រូបភាព និងសម្លេង(VideoConfere nce) ក្រោមអធិបតីភាព លោក ម៉ម ប៊ុន ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធនិងអាជ្ញាធរទាំង១៤ខណ្ឌ ក្នុងគោលបំណងរិះរកគ្រប់មធ្យោបាយ ដើម្បីឈានទៅរក ការកាត់ផ្តាច់អោយបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩មេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នេះ។

     លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា មេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) ត្រូវបានរកឃើញដំបូងនៅប្រទេសឥណ្ឌាកាលពីខែធ្នូឆ្នាំ២០២០ ។ មជ្ឈមណ្ឌលទប់ស្កាត់ជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិក បានកត់សម្គាល់ថា មេរោគនេះ មានសមាសធាតុឆ្លង ខ្លាំងបំផុត បើធៀបនឹងវីរុសកូវីដ-១៩ ប្រភេទមុនៗ ។ ភាពសាហាវរបស់មេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) គឺ ឆ្លងរាលដាលក្នុងល្បឿនលឿនជាងវីរុសកូវីដ-១៩  ប្រភេទផ្សេងៗទៀត ហើយជាប្រភេទមេរោគដែលសកលលោកទាំងមូលទទួលស្គាល់ថា ងាយឆ្លងបំផុតនាពេលបច្ចុប្បន្ន ពោលគឺ ឆ្លងក្នុងល្បឿនពី១០ទៅ១៥នាក់ ក្នុងពេលតែមួយ លឿនជាងមេរោគកូវីដ-១៩ ប្រភេទមុនៗ ។

   លោក ឃួង ស្រេង  បានបន្តទៀតថា គិតត្រឹមដើមខែសីហា ឆ្នាំ២០២១ មេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) មានវត្តមាននៅក្នុងប្រទេស និង ដែនដីសរុបចំនួន ១២៤ ប្រទេស ក្នុងពិភពលោក។ ដោយឡែក នៅប្រទេសកម្ពុជា មេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta)នេះ ត្រូវបានរកឃើញដំបូងកាលពីចុងខែមិថុនា ឆ្នាំ២០២១ លើពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ តាមច្រកព្រំដែនគោកកម្ពុជា-ថៃ ។ គិតត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) លើ ពលករត្រឡប់មកពីប្រទេសថៃ និងប្រទេសវៀតណាម អ្នកដំណើរតាមជើងហោះហើរ បុគ្គលិកសុខាភិបាល មន្ត្រីរាជការ និងអ្នកភូមិនៅក្នុងសហគមន៍ សរុបទាំងអស់ចំនួន ៤៩៤ នាក់ (ស្រ្តីចំនួន ២៩៣នាក់) ក្នុងមូលដ្ឋាន ចំនួន ២២ រាជធានី-ខេត្ត លើកលែងខេត្តចំនួន ០៣ ដែលមិនទាន់រកឃើញវត្តមានមេរោគនេះ គឺ ខេត្តកែប ខេត្តតាកែវ និងខេត្តក្រចេះ ។ ដោយឡែក សម្រាប់មូលដ្ឋានរាជធានីភ្នំពេញ គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ អ្នកជំងឺកូវីដ-១៩ ដែលត្រូវបានរកឃើញផ្ទុកមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) ចំនួន ១១១ នាក់ដោយ បែងចែកជា ៣ ករណី ក្នុងនោះករណីនាំចូលដែលតា (Delta) លើអ្នកដំណើរតាមជើងហោះ ហើរ ករណីរកឃើញដែលតា (Delta) នៅតាមមន្ទីរពេទ្យ និង ករណីរកឃើញដលតា (Delta) នៅក្នុងសហគមន៍។

     លោកបន្តទៀតថា ៖ ក្នុងរយៈពេលកន្លងមក ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ប្រភេទបំប្លែងថ្មីនេះ រដ្ឋបាលរាជធានីភ្នំពេញ បានសហការយ៉ាងជិតស្និទ្ធជាមួយនឹងបណ្តាអនុគណៈកម្មការនៃ គ.អ.ក. និងអង្គភាពពាក់ព័ន្ធ ស្របតាមអភិក្រម រកឃើញឆាប់រហ័ស គ្រប់គ្រងបានលឿន និងការកាត់ផ្ដាច់ខ្សែសង្វាក់ការឆ្លងរាលដាលបានទាន់ពេលវេលា។

   ស្ថិតក្នុងបរិការណ៍នៃការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បណ្តាលមកពីមេរោគបំប្លែងខ្លួនថ្មី ជាពិសេសមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) ដែលបាននឹងកំពុងវាយលុកយ៉ាងសកម្មក្នុងរយៈពេលចុងក្រោយនេះ រដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្តសហការយ៉ាងជិតស្និទ្ធជាមួយនឹងបណ្តាអនុគណៈកម្មការនៃ គ.អ.ក.និងអង្គភាពពាក់ព័ន្ធ ស្របតាមអភិក្រម រកឃើញឆាប់រហ័ស គ្រប់គ្រងបានលឿន និងការកាត់ផ្ដាច់ខ្សែសង្វាក់ការឆ្លងរាលដាលបានទាន់ពេលវេលា។

យើងបានត្រៀមទីតាំងមណ្ឌលចត្តាឡឺស័ក សម្រាប់ទទួលពលករមកពីព្រំដែនកម្ពុជា-ថៃ និង កម្ពុជា-វៀតណាម ចំនួន ២ ទីតាំង បន្ថែមទៀត រួមមាន (១) អនុវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន វត្តភ្នំ មានចំនួន ២៥០ គ្រែនិង (២) វិទ្យាល័យ ជាស៊ីម ឈូកវ៉ា មានចំនួន ៣០០ គ្រែ សរុប (១)+(២) មានលទ្ធភាពទទួលអ្នក ចត្តាឡីស័កចំនួន ៥៥០ គ្រែឬ នាក់។ ទី២ ៖ ត្រៀមមណ្ឌលព្យាបាលសម្រាប់ទទួលអ្នកជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មី ដែលតា (Delta) ដែលមាន សមត្ថភាពទទូលជំងឺជាង ១,៤០០ គ្រែ ដោយកំណត់យកមណ្ឌលព្យាបាលកូវីដ-១៩ សែនសុខ២ (ព្រីមៀសែនសុខ) ក្នុងនោះ គ្រែសម្រាប់អ្នកជំងឺកូវីដ-១៩ មានចំនួន ១៣៥០ គ្រែ នឹងត្រែសង្គ្រោះ៖ បន្ទាន់ មានចំនួន ៨៨ គ្រែ។លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងកិច្ចប្រជុំនោះ ក៏បានមានប្រសាសន៍ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអាជ្ញាធររាជធានីភ្នំពេញ កងកម្លាំងទាំងអស់ អាជ្ញាធរខណ្ឌទាំង១៤ និងក្រុមគ្រូពេទ្យទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ-១៩ រហូតមានការថយចុះ។ តែចុងក្រោយនេះក៏មានប្រភេទដែលតារីករាលដាលបន្ត ដែលជម្រុញអោយយើងទាំងអស់គ្នាយកចិត្តទុកដាក់អោយបានខ្លាំងក្លាបន្ថែមទៀត។ ដូច្នេះហើយទើបយើងបង្កើតអោយមានកិច្ចប្រជុំនេះឡើង ដើម្បីរិះរកគ្រប់មធ្យោបាយ ដើម្បីឈានទៅរក ការកាត់ផ្តាច់អោយបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩មេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នេះ៕

ដោយ ៖ សំរិត


ចែករំលែក៖