ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីប្រកាសចូលកាន់មុខតំណែងថ្មី អភិបាលស្រុកស្ទោង និងស្រុកប្រាសាទសំបូរ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ យោងតាមប្រភពពី៖ រដ្ឋបាលខេត្តកំពង់ធំ បានបញ្ជាក់អោយដឹងថា, នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងថ្មីលោក សាយ គឹមឡម ជាអភិបាលនៃគណៈអភិបាលស្រុកស្ទោង លោក ទង់ គឹមតុល ជាអភិបាលនៃគណៈអភិបាលស្រុកប្រាសាទសំបូរ និងលោក ទេព សោភ័ណ្ឌ ជាអភិបាលរងស្រុកប្រាសាទសំបូរ។

ឆ្លៀតក្នុងឱកាសនោះ លោក សុខ លូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍លើកឡើងថា ការផ្លាស់ប្ដូរមុខតំណែងតួនាទីនេះគឺជារឿងធម្មតារបស់មន្ត្រីរាជការ ព្រោះមុខតំណែងនេះមិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់នោះទេ។

ជាមួយគ្នានោះលោក សុខ លូ បានក្រើនរំលឹកលោកអភិបាលស្រុកដែលទើបនឹងទទួលមុខតំណែងថ្មីនេះ សូមគោរពនូវតួនាទី និងភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន ត្រូវបង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង បង្កើនការទំនាក់ទំនង និងកិច្ចសហការល្អ ជាមួយគណៈអភិបាលស្រុក ក៏ដូចជាក្រុមប្រឹក្សាស្រុក មន្ត្រីរាជការក្រោមឱវាទ និងមន្ទីរអង្គភាពជុំវិញស្រុក ដើម្បីបន្តដឹកនាំការងារនិរន្តរភាពរដ្ឋបាលស្រុកបន្តទៀត ជាពិសេសត្រូវចុះពិនិត្យមើលការងារមូលដ្ឋាន តាមបណ្ដាឃុំសង្កាត់ទាំងអស់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានញឹកញាប់ និងពិនិត្យមើលការបម្រើសេវាសាធារណៈនៅអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាឲ្យការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋនេះ ប្រព្រឹត្តទៅបានរលូន ឆាប់រហ័ស ទាន់ពេលវេលា មានតម្លាភាព និងប្រកបដោយប្រសិទ្ធភាព។

លើសពីនេះទៀតឯកឧត្តមបន្ថែមទៀតថា លោកអភិបាលស្រុកក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ត្រូវតែពិនិត្យកងកំលាំងទាំងបី ធ្វើយ៉ាងណា ត្រូវរក្សាសណ្ដាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ជាពិសេស ត្រូវបំរើបងប្អូនប្រជាពលរដ្ឋ ដោយការពារប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ មិនមែនការពារប្រយោជន៍មិនស្របច្បាប់របស់ជនខិលខូចមួយចំនួននោះទេ ហើយយើងរួមគ្នាការពារ និងអភិរក្សធនធានធម្មជាតិ តំបន់សត្វខ្សិប តំបន់ព្រៃលិចទឹក និងចូលរួមទប់ស្កាត់បង្ក្រាបនូវបទល្មើសនានាដែលតែងតែកើតមានឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ហើយក្រៅពីការងារស្នូលសូមថ្នាក់ដឹកនាំទាំងអស់ត្រូវបន្តចុះទៅតាមមូលដ្ឋាន ដើម្បីជួបប្រជាពលរដ្ឋក្នុងការដោះស្រាយនូវបញ្ហានិងសំណូមពរជូនពួកគាត់ឲ្យបានទាន់ពេលវេលា។

ជាមួយគ្នានោះដែរ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធសូមអញ្ជើញទៅចូលរួមចាក់វ៉ាក់សាំង ដូសទី៣(ដូសជំរុញ)នេះ ទៅតាមការជូនដំណឹងរបស់រដ្ឋបាលខេត្ត ក្នុងនោះលោកបានបញ្ជាក់ថា ការចាក់វ៉ាក់សាំង ដូសទី៣(ដូសជំរុញ)នេះ គឺសម្រាប់តែ មន្ត្រីសុខាភិបាល កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល មន្ត្រីជាប់កិច្ចសន្យា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ តែប៉ុណ្ណោះ ដោយឡែកការចាក់វ៉ាក់សាំងសម្រាប់ប្រជាពលរដ្ឋទូទៅ នឹងត្រូវធ្វើឡើងនៅពេលក្រោយ ព្រមទាំងអំពាវនាវបន្ថែមទៀតដល់មាតាបិតា និងអាណាព្យាបាលនៅតាមបណ្តាក្រុង ស្រុកទាំងអស់នៃខេត្តកំពង់ធំ នាំកូនចៅដែលមានអាយុចាប់ពី១២ ទៅ១៧ឆ្នាំ ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ អោយបានគ្រប់ៗគ្នាតាមទីកន្លែង និងពេលវេលាដែលបានកំណត់។

ទន្ទឹមនឹងនោះដែរលោក សុខ លូ អភិបាលខេត្តកំពង់ធំក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំទាំងមូល សូមគោរពថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ឱកាសដល់ប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ ព្រមទាំងកុមារ និងយុវវ័យដែលមាន អាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ គ្រប់ៗគ្នា។

ឆ្លៀតក្នុងឱកាសនោះដែរនោះដែរលោក សាយ គឹមឡម និងលោក ទង់ គឹមតុល ដែលទើបនឹងទទួលបានការប្រកាសតែងតាំងជាអភិបាលស្រុកថ្មី ឡើងធ្វើការប្តេជ្ញាចិត្តដូចខាងក្រោម:
១- ខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងឆ្លើយតបឲ្យបានទាន់ពេល
២-ខិតខំដោះស្រាយរាល់បញ្ហាសំណូមពរ និងបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋដែលកើតមានឡើងក្នុងមូលដ្ឋាន
៣-ខិតខំបង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើ
៤-ប្តេជ្ញាអនុវត្តអភិក្រមទាំង៥ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
៥-ប្តេជ្ញាអនុវត្តតាមគោលការណ៍ណែនាំអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ឲ្យបានល្អ ដោយការទទួលខុសត្រូវខ្ពស់៕

ដោយ៖ សិលា


ចែករំលែក៖