ព័ត៌មានទាន់ហេតុការណ៍៖

បទ”ចាញ់ត្រង់ស្រលាញ់” របស់មាស សុខសោភាបានការកោតសរសើរថា ល្អទាំងគុណភាព និងអត្ថន័យ(មានបទចម្រៀង)

ចែករំលែក៖

     ភ្នំពេញ៖ ក្រោយពីស្ងប់ស្ងាត់ក្នុងការបញ្ចេញស្នាដៃផលិតជាMV មួយរយៈធំព្រោះតែជំងឺកូវីដ-១៩នោះមក ពេលនេះតារាចម្រៀង មាស សុខសោភាបានបញ្ចេញបទថ្មីអមដោយការសម្តែង និងសាច់រឿងដ៏ជក់ចិត្ត។ បទថ្មី”ចាញ់ត្រង់ស្រលាញ់” ដែលបានបញ្ចេញជាផ្លូវហើយនោះពិតជាពិីរោះប្លែកមិនធ្វើឲ្យអ្នកគាំទ្រខកចិត្តឡើយ។ មិនត្រឹមតែជាបទពិីរោះរណ្តំចិត្តនោះទេ តែបទចម្រៀងនេះក៏បានប្រមូលផ្តុំដោយសិល្បករលំដាប់ជួរមុខជាច្រើនចូលរួមសម្តែងអមដោយសាច់រឿងដ៏ជក់ចិត្តដិតអារម្មណ៍ផងដែរ។ 

  តារាសម្តែងក្នុងបទចម្រៀង”ចាញ់ត្រង់ស្រលាញ់” របស់តារាចម្រៀងលេចធ្លោរូបនេះមានដូចជា តារាបង្ហាញម៉ូដស្រស់សង្ហា លោក ជា ឃាងឈេ និងម្ចាស់មកុដកញ្ញាឯកចក្រវាឡកម្ពុជា២០១៩កញ្ញា សំណាង អេលីណានោះជាដើម។  ជាសាច់រឿងដែលនិយាយអំពីតួអង្គស្រីជាសត្វឆ្មា ដែលបង្កប់ដោយអត្ថន័យមួយដ៏ជ្រាលជ្រៅចាក់ចំបេះដូងអ្នកនិយមស្រលាញ់សត្វចិញ្ចឹម”យើងអាចយកសត្វឆ្មាមួយក្បាលបោះបង់ចោលបាន តែពេញមួយជីវិតឆ្មា យើងគឺជាម្ចាស់ និងជាមនុស្សជាទីស្រលាញ់របស់វា”។  អ្វីដែលគេចាប់អារម្មណ៍ផងដែរនោះគឺស្នាដៃនេះត្រូវបានបង្ហើបអំពីសំនៀងថ្នមពីរោះរបស់តារាចម្រៀង លោក ដួង វីរៈសិទ្ធិបន្តិចផងដែរ ដែលធ្វើឲ្យអ្នកស្តាប់កាន់តែចាប់អារម្មណ៍ និងប្រាកដក្នុងចិត្តថានឹងមានវគ្គបន្តដែលជាការបកស្រាយពីតារាប្រុសរូបនេះមិនខាន។ ក៏មានអ្នកគាំទ្រខ្លះថាធ្វើឲ្យពួកគេភ្ញាក់ផ្អើលស្ទើបាក់ចង្កេះព្រោះតែសាច់រឿងថ្មីប្លែកមិនធ្លាប់មាន និងការតុបតែងខ្លួនបានយ៉ាងស្អាតប្លែកដូចសត្វឆ្មានោះ។ 

អ្នកគាំទ្ររបស់តារាចម្រៀង និងសម្តែងខាងលើបានចាត់ទុកថានេះគឺជារសជាតិថ្មីប្លែកសម្រាប់ទស្សនិកជនដែលសូម្បីតែសាច់ភ្លេងក៏អាចនាំអារម្មណ៍អ្នកស្តាប់ឲ្យអណ្តែតអណ្តូងទៅតាមអត្ថន័យនៃបទចម្រៀង និងសាច់រឿងថ្មីប្លែកមិននឹកស្មានដល់ សូម្បីតែគុណភាពនៃវីដេអូក៏ខ្ពស់ត្រជាក់ភ្នែកហួសពីការស្មានផងដែរ។

 គួរបញ្ជាក់ដែរថាក្រោយពីប្រកាសចូលច្រៀងក្នុងផលិតកម្មរាម ទើបនឹងបានកន្លះឆ្នាំប៉ុណ្ណោះ តារាចម្រៀង មាស សុខសោភា បានបញ្ចេញសា្នដៃបទចម្រៀងថ្មីជាច្រើនបន្តបន្ទាប់ និងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។ បើទោះបីជាស្ថិតក្នុងដំណាក់កាលនៃបរិបទជំងឺកូវីដ-១៩ ដែលនាងនិងក្រុមការងារផលិតមិនអាចចេញផលិតជាMV ដើម្បីបំពេញចិត្តអ្នកគាំទ្របានច្រើនមែន ប៉ុន្តែស្នាដៃដែលស្ថិតក្រោមការសម្រិតសម្រាំងពីអ្នកនិពន្ធ បានធ្វើឲ្យនាងរក្សាបានលំនឹងទីផ្សារខ្លាំងដដែល៕

                                       

ដោយ ៖ វឌ្ឍនា


ចែករំលែក៖