អាជ្ញាធរអាហ្វហ្គានីស្ថានបានបញ្ជាក់ថា កីឡាករបាល់ទាត់វ័យក្មេងម្នាក់បានធ្លាក់ស្លាប់បន្ទាប់ពីឡើងនៅលើយន្តហោះពេលកំពុងហោះរបស់យោធាអាមេរិកចាកចេញពីអាកាសយានដ្ឋានក្រុងកាប៊ុល។ កីឡាករយុវជននោះឈ្មោះ Zaki Anwari វ័យ១៩ឆ្នាំធ្លាប់លេងឱ្យក្រុមយុវជនជម្រើសជាតិអាហ្វហ្គានីស្ថាន ប៉ុន្តែព័ត៌មានលម្អិតបន្ថែមអំពីពេលដែលគាត់ស្លាប់មិនត្រូវបានបង្ហាញនោះទេ។
ចាប់តាំងពីក្រុមតាលីបង់ដណ្តើមកាន់កាប់ប្រទេសអាហ្វហ្គានីស្ថានមកវិញ មនុស្សរាប់ពាន់នាក់បានសម្រុកទៅព្រលានយន្តហោះទីក្រុងកាប៊ុល ខណៈប្រទេសលោកខាងលិចប្រញាប់ប្រញាល់ជម្លៀសពលរដ្ឋ និងសហការីអាហ្វហ្គានីស្ថានរបស់ពួកគេ។ រូបភាពបានលេចចេញកាលពីថ្ងៃចន្ទដែលបង្ហាញពីមនុស្សរាប់រយនាក់កំពុងរត់តាមយន្ដហោះកងទ័ពអាកាសអាមេរិក ខណៈដែលកំពុងចុះពីលើផ្លូវអាកាស។ មនុស្សមួយចំនួនត្រូវបានគេឃើញតោងជាប់នឹងយន្តហោះផងដែរ។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា មនុស្សយ៉ាងតិច២នាក់បានធ្លាក់ស្លាប់បន្ទាប់ពីព្យាយាមឡើងតោងយន្តហោះដែលកំពុងហោះតិចៗ។ កងទ័ពអាកាសអាមេរិកក៏បានបញ្ជាក់ផងដែរថា អដ្ឋិធាតុមនុស្សត្រូវបានរកឃើញនៅក្នុងការចុះចតរបស់យន្តហោះមួយបន្ទាប់ពីបានហោះហើរមកដល់ប្រទេសកាតារ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើហ្វេសប៊ុក អគ្គនាយកដ្ឋានអប់រំកាយ និងកីឡាអាហ្វហ្គានីស្ថានបានផ្តល់ការគោរពដល់កីឡាករ Zaki Anwariដោយតំណាងស្ថាប័នកីឡាប្រទេសនេះបាននិយាយថា “សូមឱ្យគាត់សម្រាកនៅស្ថានសួគ៌ ហើយអធិឋានដល់ព្រះសម្រាប់គ្រួសារ មិត្តភក្តិ និងមិត្តរួមការងារកីឡារបស់គាត់”។
ចំណែកអ្នកផ្សេងទៀតក៏បានចែករំលែកការគោរពរបស់ពួកគេនៅលើបណ្តាញសង្គមផងដែរ។ អ្នកប្រើប្រាស់ម្នាក់បានសរសេរនៅលើបណ្តាញសង្គម Instagram ថា “ការចាកចេញរបស់គាត់គឺជាទុក្ខសោកយ៉ាងខ្លាំង។ ការចងចាំរបស់អ្នកតែងតែជាទីស្រលាញ់របស់ខ្ញុំ” ។
កងទ័ពអាមេរិកប្រមាណ៤.៥០០នាក់កំពុងស្ថិតនៅក្នុងការត្រួតពិនិត្យបណ្តោះអាសន្ននៃអាកាសយានដ្ឋានអន្តរជាតិកាហ្សៃនៅទីក្រុងកាប៊ុលប្រទេសអាហ្វហ្គានីស្ថាន។ ពួកតាលីបង់កំពុងរារាំងជនជាតិអាហ្វហ្គានីស្ថានមិនឱ្យចូលព្រលានដោយគ្មានឯកសារធ្វើដំណើរ ប៉ុន្តែសូម្បីតែអ្នកដែលមានការអនុញ្ញាតត្រឹមត្រូវក៏ជួបការលំបាកដែរ។
ចំពេលមានភាពច្របូកច្របល់នៅព្រលានយន្តហោះ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានការពារការដោះស្រាយរបស់លោកចំពោះការដកទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន។ លោកបានប្រាប់ ABC News កាលពីថ្ងៃព្រហស្បតិ៍ថា “គំនិតដែលមានវិធីដើម្បីចេញដោយគ្មានភាពវឹកវរនោះ ខ្ញុំមិនដឹងថាវាកើតឡើងយ៉ាងដូចម្តេចទេ” ។
លោកបៃដិន បានអះអាងថា កងទ័ពអាមេរិកប្រហែលជាត្រូវស្នាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានលើសពីការគ្រោងទុកនៅថ្ងៃទី៣១ ខែសីហា ដែលបានកំណត់ជាមួយក្រុមតាលីបង់ដើម្បីជួយដល់ការជម្លៀសជនស៊ីវិលបរទេស ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)